នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានសារព័ត៌មានចុះផ្សាយព្រោងព្រាត ដែលអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្ដេច ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ស្របក្នុងការផ្ដល់សិទ្ធិដល់ជនជាតិវៀតណាមដែលរស់នៅក្នុងប្រទសកម្ពុជាជាអចិន្ត្រៃយ៍ស្របច្បាប់ នៅក្នុងជំនួបរវាង មេដឹកនាំវៀតណាម និងឡាវ នៅប្រទេសឡាវ ។
ព្រហស្បតិ៍, ១១ មករា ២០១៨ នៅសារព័ត៌មាន VOD
សារព័ត៌មានវៀតណាម បានចុះផ្សាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់សមភាគីវៀតណាម ដែលស្នើសុំរដ្ឋាភិបាលកម្ពុជា ឲ្យផ្ដល់ភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍វៀតណាមកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
ព្រឹត្តិប័ត្រព័ត៌មានអនឡាញរបស់រដ្ឋាភិបាលវៀតណាម VGP News បានចុះផ្សាយថា លោក ហ៊ុន សែន បានសម្រេចតាមសំណើវៀតណាមបែបនេះ នៅក្នុងជំនួបទ្វេភាគីរវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក នៅក្រៅជំនួបនៃវេទិកាថ្នាក់តំបន់ «មេគង្គ-ឡានឆាង» នៅរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញនេះ។
ព្រឹត្តិប័ត្រព័ត៌មានវៀតណាមមួយនេះ ចុះផ្សាយថា៖ «ប្រមុខរដ្ឋាភិបាលវៀតណាម និងនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បានព្រមព្រៀងគ្នា ជំរុញភាពស្របច្បាប់ដល់ពលរដ្ឋកម្ពុជាដើមកំណើតវៀតណាម ដោយផ្អែកតាមច្បាប់កម្ពុជា និងទំនាក់ទំនងប្រទេសជិតខាងល្អរវាងប្រទេសទាំងពីរ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យ VOD ដឹងបន្ថែមថា រដ្ឋាភិបាលមានគោលនយោបាយធានាភាពស្របច្បាប់ជូនជនបរទេស ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែ លោកថា ចំពោះជនបរទេស ដែលបំពានច្បាប់ ឬចូលមកស្នាក់នៅប្រទេសកម្ពុជាដោយខុសច្បាប់នោះ គឺអាជ្ញាធរនឹងចាត់វិធានការបញ្ជូនត្រឡប់ទៅប្រទេសពួកគេវិញ។
លោកថា៖ «យើងមានគោលនយោបាយការបរទេសត្រឹមត្រូវ ប្រទេសយើងដូចប្រទេសគេ ប្រជាជនវៀតណាមដែលមករស់នៅក្នុងប្រទេសកម្ពុជា អ្នកណាដែលមករស់នៅដោយស្របច្បាប់ អាហ្នឹងយើងត្រូវទទួលខុសត្រូវ ប៉ុន្ដែ អ្នកដែលរត់មកនៅដោយខុសច្បាប់ អាហ្នឹងយើងចាត់វិធានការស្របទៅតាមគោលការច្បាប់ ច្បាប់អន្ដោប្រវេសន៍ យើងមានវិធានការចាប់ ហើយបញ្ជូនទៅវិញ។ តែអ្នកដែលនៅស្របច្បាប់ ដូចថា មានវីសា ឬមួយចូលក្នុងនាមអ្នកទេសចរណ៍ យើងត្រូវថែរក្សាសន្ដិសុខ សុវត្ថិភាពឲ្យគេ»។
កាលពីខែតុលាឆ្នាំ២០១៧ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាទៅមន្ដ្រីក្រោមឪវាទ ឲ្យធ្វើការដកហូតឯកសាររដ្ឋបាលខុសប្រក្រតី ដែលកាន់កាប់ដោយជនបរទេសប្រហែល ៧ម៉ឺននាក់ ដោយថា ឯកសារទាំងនោះ ត្រូវបានចេញដោយមន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា។
ប៉ុន្ដែ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល បានឲ្យ VOD ដឹងកាលពីថ្ងៃទី៩មករាថា ចាប់ពីខែវិច្ឆិកាឆ្នាំមុន រហូតដល់ដើមខែមករា ឆ្នាំ២០១៨នេះ អាជ្ញាធរបានដកហូតឯកសារខុសប្រក្រតីបានចំនួន ១៥ភាគរយហើយ ដោយក្នុងភាគច្រើនបំផុតជាជនអន្តោប្រវេសន៍វៀតណាម។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ សង្កេតឃើញថា ការអនុវត្តច្បាប់នៅវៀតណាម មានភាពតឹងតែងជាងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា។ លោករិះគន់ថា កម្សោយនៃការអនុវត្តច្បាប់អន្តោប្រវេសន៍ ធ្វើឲ្យរដ្ឋាភិបាលខ្លួនឯងបាត់បង់សំឡេងគាំទ្រពីប្រជាពលរដ្ឋ។
លោកថា៖ «បើសិនរដ្ឋាភិបាល មិនព្រមអនុវត្តឲ្យមានភាពតឹងរ៉ឹងទេ មិនមែនត្រឹមតែគណបក្សប្រឆាំងទេ ប៉ុន្ដែ ប្រជាពលរដ្ឋ ទាំងអ្នកគាំទ្របក្សប្រឆាំង អ្នកគាំទ្ររដ្ឋាភិបាល និងអ្នកនៅកណ្ដាល គេអត់មានពេញចិត្តនឹងវិធានការបែបលេងៗអញ្ចឹងទេ»។
បើតាមមន្ដ្រីនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសរស់នៅកម្ពុជាមានប្រមណជាង ១៦ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេដល់ទៅជាង ៩៩ភាគរយ ខណៈដែលជនជាតិវៀតណាមកាន់កាប់ឯកសារខុសប្រក្រតី មានចំនួហនមាណជាង ៧ម៉ឺន៦ពាន់នាក់ (៧៦ ៣៩៨នាក់) ហើយជនជាតិវៀតណាមជាង ១ ម៉ឺន៤ពាន់នាក់ទៀត (១៤ ២៤៦នាក់) កំពុងរស់នៅដោយគ្មានឯកសារស្របច្បាប់៕
ប្រភព៖ VOD
នេះបើតាមកាសែតដើមអំពិលបានសរសេរយ៉ាងដូច្នេះថា ៖
ព្រហស្បតិ៍, ១១ មករា ២០១៨ នៅសារព័ត៌មានដើមអំពិល
ប្រមុខរដ្ឋាភិបាលវៀតណាម បានបញ្ជាក់ពីកិច្ចប្រជុំ របស់លោក ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងឱកាសនៃ កិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ – ឡានឆាង នៅរាជធានីភ្នំពេញ និងបានយល់ព្រមថា កម្ពុជាយល់ព្រមផ្ដល់ភាពស្របច្បាប់ ដល់ពលរដ្ឋវៀតណាម នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានវៀតណាម chinhphu នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រីទាំងពីររូប បានសម្តែងនូវក្តីសប្បាយរីករាយ ចំពោះការរីកចម្រើនប្រកបដោយភាពវិជ្ជមាន នៃទំនាក់ទំនងរវាងកម្ពុជា-វៀតណាម នាពេលថ្មីៗនេះ ដោយសម្តែងការគួរសមយ៉ាងជិតស្និទ្ធ រវាងភាគីទាំងពីរ ក្នុងអំឡុងឆ្នាំមិត្តភាពឆ្នាំ២០១២ ឆ្នាំ២០១៧។
នៅក្នុងបរិយាកាសមិត្តភាព និងទុកចិត្តគ្នាបានគូសបញ្ជាក់នូវ វិធានការជាក់ស្តែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យជាច្រើន ដូចជាវិស័យពាណិជ្ជកម្មការដឹកជញ្ជូន ហិរញ្ញវត្ថុ និងធនាគារក្នុងចំណោមវិស័យដទៃទៀត។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានយល់ស្របដើម្បីជំរុញការ កំណត់ព្រំប្រទល់ដីធ្លី និងការដាំដុះសំខាន់ៗ ដើម្បីបញ្ចប់ការងារ នេះឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។
ភាគីទាំងសងខាង ក៏បានយល់ស្របផងដែរក្នុងការជំរុញឱ្យមានភាពស្របច្បាប់ នូវឋានៈស្របច្បាប់របស់ប្រជាជនខ្មែរ ដើមកំណើតវៀតណាម នៅលើមូលដ្ឋាននៃច្បាប់ របស់ប្រទេសកម្ពុជា និងទំនាក់ទំនងជិតខាង មិត្តភាពរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តវិធានការដ៏មានប្រសិទ្ធភាព ដើម្បីជួយដល់ប្រជាជនរបស់ខ្លួនជាពិសេសយុវវ័យ យល់ដឹងយ៉ាងច្បាស់អំពីតម្លៃនៃមិត្តភាពទ្វេភាគី និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ដែលត្រូវបានកសាងដោយឆ្អឹង និងឈាមរវាងប្រទេសទាំងពីរផងដែរ៕
ប្រភព៖ សារព័ត៌មានដើមអំពិល
ព្រឹត្ដិការណ៍ ១៧ មករា ២០១៨ នៅវិទ្យុវាយោ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ រួសរាន់បំពេញឯកសារស្របច្បាប់ដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឲ្យបានឆាប់ ខណៈដែលថៃប្រកាសពន្យារពេល ៦ខែ បន្តទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ ចាន់អូចា នៅក្នុងឱកាសកិច្ចប្រជុំកំពូលឡាងឆាង បានប្រកាសពន្យារពេល ៦ខែបន្តទៀត ដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ដើម្បីឱ្យកម្ពុជាបំពេញបែបបទឯកសារស្របច្បាប់ដល់ពលករខ្មែរទាំងអស់នោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់លោក អ៊ិត សំហេង រួសរាន់បំពេញឯកសារស្របច្បាប់ដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទាំងនោះ ពីព្រោះលោកក៏មិន ចង់ឃើញការពន្យារពេលរបស់ថៃ ម្ដងហើយម្ដងទៀតនោះដែរ ។
ការបញ្ជាក់បែបនេះរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលលោក ចុះជួបសំណេះសំណាល់ជាមួយកម្មករ-កម្មការិនី ជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។
បច្ចុប្បន្នពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃមានចំនួន ១លាន៥ម៉ឺននាក់ ក្នុងនោះមាន៣០ម៉ឺននាក់នៅមិនទាន់មានឯកសារស្របច្បាប់នៅឡើយ។ កាលពីពេលថ្មីៗនេះ ក្រសួងការងារកម្ពុជា និងថៃ បានឯកភាពគ្នានឹងបង្កើតក្រុមការងារបច្ចេកទេសសម្រាប់រៀបចំប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការគ្រប់គ្រងពលករខ្មែរដែលមានបំណងទៅធ្វើការនៅប្រទេសថៃ តាមអនុស្សរណនៃការយោគយល់គ្នា ដើម្បីកាត់បន្ថយពេលវេលា និងការចំណាយ៕
ប្រភព៖ VAYOFM.COM
The post ផ្ដល់ប័ណ្ណស្របច្បាប់វៀតណាមនៅដីខ្មែរ ជំរុញឲ្យពលករខ្មែរធ្វើការនៅប្រទេសថៃឆាប់ appeared first on Khmer Readers.