គណបក្សប្រជាជនកម្ពុជាបានប្រកាសលទ្ធផលក្រៅផ្លូវការរបស់ខ្លួនថា គណបក្សកាន់អំណាចនេះ នឹងគ្រប់គ្រងអាសនៈដ៏ច្រើនលើសលប់របស់រដ្ឋសភាក្នុងចំណោមអាសនៈទាំង១២៥ បន្ទាប់ពីការបោះឆ្នោត។ នេះជាការអះអាងរបស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ទៀតថា មូលហេតុគឺគណបក្សនេះបានទទួលសំឡេងឆ្នោតកើនលើសឆ្នាំ២០១៧ ចំនួន១លាន៣សែនសំឡេង ដែលធ្វើឲ្យបក្សដទៃទៀតមិនអាចស្រូបយកអាសនៈបានច្រើនប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា។
ដូចគ្នានឹងតារាងរបស់គណបក្សប្រជាជនកម្ពុជាដែលបានគណនាចំនួនអាសនៈក្រៅផ្លូវការដែរ លោក សុខ ឥសាន ជាអ្នកនាំពាក្យបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃចន្ទនេះថា គណបក្សកាន់អំណាចនឹងគ្រប់គ្រងអាសនៈទាំងអស់របស់រដ្ឋសភាតែម្តង ដោយគ្មានគណបក្សណាមួយនៃគណបក្សទាំង១៩ទៀត អាចទទួលបានអាសនៈនោះឡើយ។
លោក សុខ ឥសាន អះអាងថា ការដែលគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីនៅពេលនេះ គឺដោយសារតែគណបក្សនេះទទួលបានសន្លឹកឆ្នោតកើនឡើងរហូតដល់១លាន៣សែននាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៧។
លោក សុខ ឥសាន បានបញ្ជាក់ថា តាមការគណនារបស់គណបក្សប្រជាជនកម្ពុជា ដែលគ.ជ.ប មិនទាន់បានបែងចែកអាសនៈនោះ គឺគណបក្សប្រជាជនកម្ពុជាទទួលសំឡេងឆ្នោតជាង៧៧% និងតាមពីក្រោយដោយគណបក្សហ្វ៊ុនស៊ិនប៉ិច។ ប៉ុន្តែលោក សុខ ឥសាន អះអាងថា តាមរូបមន្តនៃការបែងចែកអាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិចនឹងមិនទទួលបានអាសនៈសូម្បីតែមួយកៅអី។
លោក យឹម សាវី អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច បានទទួលស្គាល់ការគណនារបស់គណបក្សប្រជាជនកម្ពុជា ដែលថាគណបក្សហ្វ៊ុនស៊ិនប៉ិចនឹងមិនទទួលបានសូម្បីតែមួយអាសនៈនោះ។ ប៉ុន្តែលោកបញ្ជាក់ថានេះគ្រាន់តែជាលទ្ធផលក្រៅការដែលគ.ជ.បមិនទាន់បានបែងចែកអាសនៈនៅឡើយ។
នៅពេលសួរថាតើគណបក្សកាន់អំណាចអាចនឹងចែករំលែកអាសនៈខ្លះក្នុងចំណោមអាសនៈទាំង១២៥នោះ ទៅបក្សដទៃដែរឬទេ? លោក សុខ ឥសាន ជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថាមិនអាចធ្វើទៅរួចទេព្រោះផ្ទុយនឹងឆន្ទៈម្ចាស់ឆ្នោត។
យ៉ាងណាក៏ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃចន្ទនេះ ក៏បានទាត់ចោលនូវការគណនាចំនួនអាសនៈ ដែលធ្វើឡើងដោយគណបក្សនយោបាយនានានោះដែរ។ គឺជាការគណនាដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន១១៤អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិចបាន៦អាសនៈ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាន៥អាសនៈ៕ ប្រភព៖ RFI
The post គណបក្សប្រជាជនកម្ពុជានឹងគ្រប់គ្រងអាសនៈដ៏ច្រើនលើសលប់នៅក្នុងរដ្ឋសភាអាណត្តិទី៦ appeared first on Khmer Readers.