បាងកក៖ អាជ្ញាធរទេសចរណ៍ថៃហៅកាត់(TAT) គ្រោងនឹងប្រែក្លាយរូងភ្នំថាមលួង នៅក្នុងខេត្តឈាងរ៉ៃ ឲ្យទៅជាគោលដៅថ្មីសម្រាប់ភ្ញៀវទេសចរ បន្ទាប់ពីកើតហេតុការណ៍បាត់ខ្លួនកីឡាករបាល់ទាត់ចំនួន១៣នាក់ ដែលទើបត្រូវបានគេរកឃើញនៅយប់ថ្ងៃចន្ទកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkokpost នៅព្រឹកមិញនេះ។
អាជ្ញាធរទេសចរណ៍ថៃប្រចាំខេត្តឈាងរ៉ៃ លោកស្រី Karuna Dechatiwong បានឱ្យដឹងថា អាធរទេសចរណ៍ថៃ នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន រួមជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់រូងភ្នំថាមលួង និងទីកន្លែងដែលគួរឱ្យចាប់អារម្មណ៍នៅក្បែរនោះផ្សេងៗទៀតសម្រាប់អ្នកទេសចរ ដោយរំពឹងថានឹងមានភ្ញៀវទេសចរជាច្រើនមកកាន់តំបន់នេះ នាពេលអនាគត។
លោកស្រី Karuna បានបន្តថា ក្រោយពីក្រុមអ្នកជួយសង្គ្រោះបានរកឃើញកីឡាករបាល់ទាត់វ័យក្មេងចំនួន ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់នៅយប់ថ្ងៃចន្ទរួចមក រូងភ្នំថាមលួងនេះបានប្រែក្លាយទៅជាកន្លែងដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងទាំងភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរបរទេស។ លោកស្រីបន្ថែមទៀតថា អាជ្ញាធរទេសចរថៃ ក៏បានស្នើឱ្យរដ្ឋបាលថ្នាក់តំបន់រៀបចំផែនការគ្រប់គ្រងទេសចរណ៍ និងកែលម្អស្តង់ដារសុវត្ថិភាព រួមទាំងលើកកម្ពស់សេវាកម្មផងដែរ។
ទន្ទឹមគ្នានេះ អាជ្ញាធរទេសចរណ៍ថៃប្រចាំខេត្តឈៀងរ៉ៃ បានគូសបញ្ជាក់ថា ខេត្តខាងលើនេះបានទាក់ទាញអ្នកទេសចរប្រមាណ ២,៧ លាននាក់កាលពីឆ្នាំ២០១៧ និងបានផ្តល់ប្រាក់ចំណូលពីវិស័យទេសចរណ៍មួយនេះជិត ៣០ពាន់លានបាត ដែលស្មើនឹងជាង ៩០៥ លានដុល្លារអាមេរិក៕
ប្រែសម្រួលដោយ៖ ម៉េង សុងលី ប្រភពដើម ៖ Business Cambodia
The post ថៃគ្រោងកែច្នៃ រូងភ្នំថាមលួង ដែលបាត់ក្មេង១២នាក់ ទៅជាគោលដៅថ្មី សម្រាប់ភ្ញៀវទេសចរ appeared first on Khmer Readers.