អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឆ្លើយថា ដូចជាមិនដែលលឺឈ្មោះក្រុមហ៊ុន ដែលនាំចូលផលិតផលកាហ្វេចង្អុលមេឃក្លែងក្លាយ ដែលគេប្រើប្រាស់សម្រាប់បង្កើនតណ្ហាផ្លូវភេទបុរស ខណៈផលិតផលប្រភេទនេះ ត្រូវបានក្រសួងសុខាភិបាល ឱ្យប្រមូលត្រឡប់មកវិញឱ្យអស់ ដើម្បីយកទៅកម្ទេចចោល។ ជាមួយគ្នានោះ លោក សៀង ថៃ បានអះអាងថា មន្ត្រីកាំកុងត្រូល មិនដែលឆែកឃើញផលិតផលកាហ្វេចង្អុលមេឃក្លែងក្លាយនេះទេ។ (សេង បារាំង)
ប៉ុន្មានថ្ងៃមុននេះ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាឱ្យប្រមូលត្រឡប់មកវិញ នូវផលិតផលកាហ្វេចង្អុលមេឃក្លែងក្លាយ មានផ្ទុកឱសថឈ្មោះ Sildenafil ដែលគេប្រើប្រាស់សម្រាប់បង្កើនតណ្ហាផ្លូវភេទបុរស។ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានអះអាងថា ឱសថប្រភេទនេះ អាចបង្កការគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់ ពិសេសចំពោះអ្នកចូលចិត្តផឹកកាហ្វេចង្អុលមេឃនេះ។ កាហ្វេនេះ ត្រូវបាននាំចូលមកកម្ពុជា ដោយក្រុមហ៊ុនឈ្មោះ កាហ្វេចង្អុលមេឃ ឯ.ក។
តើមូលហេតុអ្វីក្រសួងសុខាភិបាលកម្ពុជា ទើបតែមានចំណាត់ការបែបនេះ ពីព្រោះថា ផលិតផលកាហ្វេចង្អុលមេឃនេះ បានដាក់លក់ជាយូរយាណាស់មកហើយ ហើយមុននឹងនាំចូលម្ដេចមិនត្រួតពិនិត្យឱ្យបានច្បាស់លាស់? នេះជាសំណួររបស់ប្រជាពលរដ្ឋ ដែលបានចោទសួរទៅលើមន្ត្រីជំនាញ ជាពិសេសគឺមន្ត្រីកាំកុងត្រូល និងគយជាដើម បូករួមទាំងក្រសួងពាណិជ្ជកម្ម ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឈ្មោះ កាហ្វេចង្អុលមេឃ ឯ.ក នេះ នាំចូលចរាចរលក់នៅលើទីផ្សារផងដែរ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក សៀង ថៃ បានបញ្ជាក់ប្រាប់វិទ្យុវាយោថា ឈ្មោះក្រុមហ៊ុនកាហ្វេចង្អុលមេឃ ឯ.ក ដែលនាំចូលកាហ្វេចង្អុលមេឃក្លែងក្លាយ លោកមិនដែលលឺឈ្មោះក្រុមហ៊ុននេះឡើយ ហើយលោកមិនដឹងថា ក្រុមហ៊ុននេះ បានចុះបញ្ជីនៅក្រសួងត្រឹមត្រូវឬអត់នោះដែរ។ ក្នុងករណីប្រសិនបើក្រុមហ៊ុននេះប្រព្រឹត្តខុស និងគ្មានច្បាប់ ក្រសួងពាណិជ្ជកកម្មនឹងចាត់វិធានការ។ យ៉ាងណាក៏ដោយ លោក សៀង ថៃ បានអះអាងថា ផលិតផលកាហ្វេចង្អុលមេឃក្លែងក្លាយនេះ ប្រហែលជានាំចូលគេចពន្ធ ហើយមន្ត្រីកាំកុងត្រូលមិនដែលឆែកឃើញផលិតផលនេះទេ ។
ក្រសួងសុខាភិបាល ក៏បានបញ្ជាទៅក្រុមហ៊ុន កាហ្វេចង្អុលមេឃ ឯ.ក, តូបលក់ទំនិញ និងដៃគូពាក់ព័ន្ធទាំងអស់ ត្រូវប្រមូលត្រឡប់មកវិញជាបន្ទាន់នូវផលិតផលកាហ្វេចង្អុលមេឃ ក្លែងក្លាយនេះ ដើម្បីកម្ទេចចោល។ ជាមួយគ្នានោះក្រសួងសុខាភិបាល ក៏បានអំពាវនាវឱ្យផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីជួបប្រទះ កំពុងប្រើប្រាស់ លក់ ឬចែកចាយនូវកាហ្វេប្រភេទនេះ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៥៩៩ និង០១២ ៩៨៣ ៣៣៤។
សូមបញ្ជាក់ថា បញ្ហាផលិតផលគ្មានគុណភាព និងគ្មានស្តង់ដាដែលនាំចូលមកលក់នៅកម្ពុជា ត្រូវបានគេមើលឃើញថា មិនមែនជារឿងថ្មីទេសម្រាប់ប្រទេសមួយនេះ ជាពិសេសផលិតផលគ្រឿងបរិភោគ គ្រឿងសំអាង និងបន្លែផ្លែឈើជាដើម នៅតែមានតាំងលក់នៅលើទីផ្សារ បើទោះបីជាមន្ត្រីមានសមត្ថកិច្ចខំប្រឹងចាប់ដកហូតយកទៅកម្ទេចចោលយ៉ាងណាក៏ដោយ។ ជាពិសេសដូចជាកាហ្វេចង្អុលមេឃនេះតែម្ដង ដែលក្រសួងទើបតែរកឃើញថា អាចបង្កការគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់។
ដូច្នេះដើម្បីចៀសវាងប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋខ្លួនឯងគប្បីត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវទិញផលិតផលណា ដែលគ្មានការទទួលស្គាល់ដោយក្រសួងជំនាញ ហើយគ្មានប្រភពច្បាស់លាស់ជាដាចខាត ជាពិសេសផលិតផលគ្រឿងបរិភោគ និងគ្រឿងសំអាងជាដើម ៕
The post មន្ត្រីកាំកុងត្រូល ថាមិនដែលឃើញ «កាហ្វេចង្អុលមេឃ» នេះទេ តើវាហោះចូលតាមណា? appeared first on Khmer Readers.