បើតាមប្រភពព័ត៌មានស្ដីពីការថតវីដេអូសកម្មភាពធ្វើសត្វព្រៃ សត្វកម្រ មិនថាតែស្រុកខ្មែរទេ ដែលផ្អើលនិងជ្រួលច្របល់ សម្រាប់បរទេសឯណោះវិញ ក៏មានការសោកស្ដាយខ្លាំងណាស់ដែរ ព្រោះសត្វទាំងនោះត្រូវបានសម្លាប់ស្ទើរផុតពូជអស់ទៅហើយ តែនៅឡើយមាននៅស្រុកខ្មែរ ប៉ុន្តែត្រូវបានបង្ហាញយ៉ាងច្បាស់ពីការធ្វើម្ហូបស៊ីយ៉ាងឆ្ងាញ់ទៅវិញ ។
បើទោះជាយ៉ាងនេះក្ដី ប្រសិនបើគ្មានការបាញ់សម្លាប់ ក៏មិនមានការថតវីដេអូកើតដែរ ទាល់តែមានការបាញ់សម្លាប់ ឬប្រើវិធីសម្លាប់ ដែលភាគច្រើនសម័យបច្ចុប្បន្ន គេមិនប្រើប្រាស់ជំពាមកៅស៊ូ ឡើយ គឺត្រូវតែប្រើកាំភ្លើង ។ តើកាំភ្លើងបានមកពីណា?
សូមជម្រាបជូនថា សត្វព្រៃហិនហោច មិនមែនដោយសារអ្នកថតប្រុសស្រី ២នាក់នេះថតតែម្យ៉ាងនោះឡើយ គឺមានការចូលរួមសហការពីអាជ្ញាធរផងដែរ ហើយភាគច្រើនព័ត៌មានពុំសូវបែកធ្លាយរឿងថតបាន ឬចាប់ទៅលើការសម្លាប់សត្វព្រៃដើម្បីលក់ទៅប្រទេសក្រៅនោះទេ ព្រោះអាជីវកម្មសត្វព្រៃជាអាជីវកម្មខុសច្បាប់ តែចំណេញប្រាក់ច្រើនលើសលុប ប៉ុន្តែបើសិនជាចាប់បានវិញ គឺចាប់ទៅលើអ្នកស្រុកព្រៃមួយចំនួន ដែលលក់ដើម្បីបានលុយកាក់បន្ដិចបន្ដួចចិញ្ចឹមក្រពះប៉ុណ្ណោះ ។ ហើយចាប់បានតើយកសត្វព្រៃនោះទៅណា? គឺយកទៅធ្វើម្ហូបផឹកស៊ីខ្លួនឯង ក្នុងការិយាល័យរៀងខ្លួនប៉ុណ្ណោះ!
ដូចជាការកាប់បំផ្លាញព្រៃឈើជាដើម អ្នកកាប់បំផ្លាញធំៗ ដឹកឡានធំៗរាប់សិបតោនចាប់មិនបាន បែរជាចាប់បានអ្នកកាប់អុសរកឈើធ្វើសសរផ្ទះតូចតាចទៅវិញ ។ រឿងអយុត្តិធម៌ច្រើនណាស់ក្នុងសង្គមខ្មែរ មិនមែនតែរឿងក្មេងប្រុសនិងស្រីខាងលើនោះទេ ដែលជារឿងមិនសមគួរ មានរឿងសមគួរច្រើនជាងនេះរាប់សិបដងឯណោះ ក្នុងសង្គមនេះ ។
ហេតុដូចនេះ រឿងពិតរបស់សង្គម និងមូលដ្ឋាន សម្រាប់រឿងហេតុសម្លាប់សត្វព្រៃដ៏ច្រើននេះ បើគ្មានការសហការពីអាជ្ញាធរប្រដាប់អាវុធទេ គឺពុំមានការហិនហោចសត្វព្រៃនោះឡើយ ការចុះផ្សាយរបស់អង្គភាព Fresh News គ្រាន់តែជាលេសដើម្បីបង្ហាញថាមន្រ្តីអនុវត្តន៍ច្បាប់ខ្លួន ជាមនុស្សត្រឹមត្រូវប៉ុណ្ណោះ តែតាមការពិតពុំមែនដូច្នោះទាំងអស់ឡើយ គឺមានរឿងហេតុធំៗជាងនោះទៅទៀត ។
តែទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានមនសិការស្រឡាញ់ជាតិ ស្រឡាញ់ធម្មជាតិសត្វព្រៃ ជាដើម ពួកគេពុំដែលធ្វើរឿងដោយមិនបានប្រើវិចារណញ្ញាណ និងផលប៉ះពាល់ក្នុងសង្គមដើម្បីប្រាក់ឡើយ រីឯការថតវីដេអូធ្វើម្ហូបបែបនេះ គឺបង្ហាញពីការបំផ្លិចបំផ្លាញសត្វព្រៃផង បង្ហាញពីការចង់បានលុយហួសហេតុក្នុងយុគសម័យរកលុយតាមអនឡាញផង ។
គួរបញ្ជាក់ផងដែរថា វីដេអូដែលមានសម្លាប់សត្វព្រៃកម្រមួយចំនួន ត្រូវបានលុបចោលហើយនាពេលថ្មីៗនេះ បន្ទាប់ពីមានការចុះផ្សាយជាបន្ទាន់របស់អង្គភាព Fresh News ។
បើតាមប្រភពរបស់សារព័ត៌មាន Fresh News បានចុះផ្សាយយ៉ាងធំៗថា ៖
អ្នកនាំពាក្យ៖ ក្រសួងបរិស្ថានកំពុងប្រមូលព័ត៌មាន ស្រ្តីដែលសម្លាប់សត្វព្រៃបង្ហោះតាម Youtube និងឈានទៅចាត់វិធានការតាមច្បាប់ (Video Inside)
(ភ្នំពេញ)៖ រូបភាព និងវីដេអូនារីម្នាក់ ដែលសម្លាប់សត្វព្រៃជាច្រើនប្រភេទ យកធ្វើជាម្ហូបហើយបង្ហោះតាម Youtube បាននាំឲ្យមានការចាប់អារម្មណ៍ និងរិះគន់ខ្លាំងពីអ្នកលេងបណ្តាញសង្គម Facebook និងទាមទារឲ្យមានចំណាត់ការទៅលើសកម្មភាពរបស់នារីវ័យក្មេងរូបនេះផងដែរ។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រសួងបរិស្ថានបានទទួលព័ត៌មាននេះអស់ហើយ ហើយក៏កំពុងប្រមូលព័ត៌មានបន្ថែមទៀតជុំវិញករណីនេះ។ បើតាមលោក សៅ សុភាព ករណីនេះ គឺរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានបញ្ជាឲ្យចាត់វិធានការបន្ទាន់តែម្តង។
លោក សៅ សុភាព បានបញ្ជាក់យ៉ាងដូច្នេះ «ជាគោលការណ៍មកគឺឯកឧត្តមរដ្ឋមន្រ្តី គាត់បានបញ្ជាឲ្យចាត់វិធានការបន្ទាន់ហើយ។ យើងនឹងប្រមូលព័ត៌មាន ហើយយើងនឹងហៅគាត់មកអប់រំណែនាំ ហើយប្រសិនបើរកឃើញថា ការសម្លាប់សត្វនេះមានកម្រិតធ្ងន់ធ្ងរនឹងឈានទៅចាត់ការតាមច្បាប់របស់ក្រសួងថែមទៀតផង»។
មិនត្រឹមតែចាត់វិធានការចំពោះនារីរូបនេះនោះទេ ក្រសួងបរិស្ថាន ក៏នឹងស្នើទៅខាង Youtube ដើម្បីដកវីដេអូទាំងនេះចេញពី Youtube ថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក សៅ សុភាព។
សូមបញ្ជាក់ថា នារីដែលគេមិនទាន់ស្គាល់អត្តសញ្ញាណរូបនេះ បានបង្កើតទំព័រ Youtube មួយឈ្មោះ «Natural Life TV» ហើយបានបង្ហាញសកម្មភាពយកសត្វព្រៃជាច្រើនប្រភេទ មានសត្វខ្លះជាប្រភេទសត្វកម្រថែមទៀតមកបង្ហោះលើទំព័រ Youtube របស់នាង។ ការបង្ហោះនេះ គឺមានគោលបំណងស្វែងរកការមើលឲ្យបានច្រើន ដើម្បីទទួលបានថវិកានៃការផ្សព្វផ្សាយពាណិជ្ជកម្មនានាតាមរយៈក្រុមហ៊ុន Google៕
ប្រភព ៖ Fresh News
The post តោះឆ្លើយ! តើស្រីម្នាក់ ជាមួយនឹងប្ដីអ្នកថត បានសត្វព្រៃកម្រពីណាមកថតបង្ហោះ YouTube? appeared first on Khmer Readers.