កត្តញ្ញូឬដឹងគុណ VS អកត្តញ្ញូ ឬមិនដឹងគុណ អកត្តញ្ញូប្រែថាមិនដឹងគុណ មិនមែនរមិលគុណទេ
កត្តញ្ញូ ឬចិត្តដឹងគុណគឺសភាពចិត្តដែលដឹងនូវទឹកចិត្តលះបង់ ចិត្តខ្វល់ខ្វាយ ចិត្តឈឺឆ្អាលរបស់អ្នកណាម្នាក់ ជាចិត្តដឹងពីគុណ ឬស្គាល់ ឬវិញ្ញាណដឹងនូវគុណតម្លៃនៃការងារដែលខ្លួនធ្វើ ដឹងពីគុណតម្លៃនៃការងារដែលគេធ្វើ ការអោយនេះដែលនៅក្នុងចិត្តមានបង្កប់ទំពក់ទេ ទទួលអារម្មណ៍ថាជាសម្បកក្រៅអោយ ខាងក្នុងបង្កប់ទំពក់ទាញទៅវិញ មើលឃើញថា ពាល់ត្រូវថាជាចិត្តស្មោកគ្រោកគ្មានតម្លៃ ស្គាល់ថានេះជាការលះបង់ ទោះរបស់តិចតួចក៏ដោយក៏មើលដឹងថាមានតម្លៃខ្លាំងណាស់ ដួងចិត្តដែលទទួលបានការលះបង់ហើយដឹងថាជាការលះបង់ ដួងចិត្តនោះទទួលបាននូវភាពកក់ក្តៅហើយមានចិត្តគោរពគឺកតវេទី មនុស្សកត្តញ្ញូស្គាល់តម្លៃ ដឹងថានេះគឺជាតម្លៃ មានទឹកចិត្តកតវេទីគឺទឹកចិត្តគោរពជាទឹកចិត្តឆ្លើយតបនឹងគុណ ឆ្លើយតបនឹងគុណគឺគោរព ជួនកាលស្រក់ទឹកភ្នែកព្រោះពាល់ត្រូវតម្លៃនេះ អញ្ចឹងហើយបានព្រះពុទ្ធដាក់ថាចិត្តកត្តញ្ញូ និងកតវេទីជាលំដាប់ចិត្តជាប់គ្នា អោយតែចិត្តមានកត្តញ្ញូដឹងថានេះជាគុណ ទឹកចិត្តកតវេទីគឺទឹកចិត្តគោរពគុណត្រូវមាន កត្តញ្ញូកតវេទី។
ត្រង់នេះសូមពួកក្មួយៗសញ្ជឹងគិតអោយយល់អោយពាល់ត្រូវនូវសភាពចិត្តកត្តញ្ញូនេះពីព្រោះចិត្តកត្តញ្ញូជាធម៌មេហ្វូងនៃកុសលធម៌ទាំងឡាយ ក្មួយៗមានឆ្ងល់ថាហេតុអ្វីវាដើរតួជាមេហ្វូងក្នុងផ្លូវចិត្តនៃកុសលធម៌ទាំងឡាយទេ? ជាមេហ្វូងគេគឺជាអ្នកដឹងខុសដឹងត្រូវ ដឹងល្អដឹងអាក្រក់ ដឹងគួរឬមិនគួរ អ្នកនាំមុខគេត្រូវមានគុណសម្បត្តិអ្វីខ្លះបានជាត្រូវធ្វើមេគេ? ពូសូមប្រើពាក្យថាជាធម៌ភ្លឺស្វាងខ្លាំងណាស់ទើបធ្វើជាអ្នកនាំផ្លូវគេបាន ក្មួយយល់ត្រង់នេះទេ? សភាពចិត្តដែលភ្លឺស្វាងគឺសភាពចិត្តដែលដឹងគុណតម្លៃអញ្ចឹងហើយទើបធម៌នេះជាធម៌នាំមុខគេអោយកុសលធម៌ទាំងឡាយដើរត្រូវផ្លូវរបស់វា គឺដើរត្រូវផ្លូវដោយភ្លឺស្វាងដោយសារមានមេហ្វូងគឺធម៌កត្តញ្ញូនេះ។
មេហ្វូងភ្លឺស្វាងនាំអោយកូនហ្វូងដែលជាធម៌មានតែកម្លាំងនោះភ្លឺស្វាងល្អតាមមេហ្វូងនោះដែរព្រោះមេហ្វូងនោះភ្លឺស្វាង ស្គាល់ផ្លូវត្រូវ ស្គាល់គុណតម្លៃ ដឹងគុណតម្លៃ ច្បាស់ក្នុងអារម្មណ៍ នេះគឺកត្តញ្ញូធម៌។ មកដល់ត្រង់នេះ ពូសុំពន្យល់បន្ថែមថាកត្តញ្ញូគឺជាសភាពចិត្តដែលកើតពីកម្លាំងស្រប វិញ្ញាណដឹងស្រប ដឹងថានេះជាគុណ គឺគុណតម្លៃ ក្រឡេកឃើញភ្លាមស្គាល់ច្បាស់ណាស់ ទទួលអារម្មណ៍ច្បាស់ណាស់ ដឹងក្នុងចិត្តច្បាស់ណាស់ថានេះជាគុណតម្លៃ សភាពចិត្តបែបនេះហើយហៅថាដឹងគុណតម្លៃ នេះហើយគឺធម៌កត្តញ្ញូ។
បើសភាពចិត្តដឹងយ៉ាងច្បាស់ ដឹងត្រូវច្បាស់លាស់ថានេះជាតម្លៃ ពេលដែលចិត្តទទួលតម្លៃដែលខ្លួនដឹងច្បាស់ថានោះគឺជាតម្លៃ រឿងអីចិត្តមិនកក់ក្តៅ ចិត្តមិនលំអោនគោរពកតវេទី ដូច្នេះហើយវាធ្វើអោយការលះបង់ភ្លឺស្វាង វាធ្វើអោយមនសិការក៏ភ្លឺស្វាង ធ្វើអោយឧត្តមគតិមានភាពភ្លឺស្វាងណាស់ ធ្វើអោយមេត្តា ករុណា មុទិតា ឧបេក្ខាដែលជាធម៌មានតែកម្លាំងភ្លឺស្វាងណាស់ ធ្វើអោយចិត្តគោរព ធ្វើអោយចិត្តកក់ក្តៅ ធ្វើអោយមនោសញ្ចេតនាភ្លឺស្វាងខ្លាំងណាស់ដូច្នេះកត្តញ្ញូត្រូវតែជាធម៌មេហ្វូងនៃកុសលធម៌ទាំងឡាយ អ្នកស្រមៃមើលចិត្តអត់ដឹងតម្លៃ មិនច្បាស់អំពីតម្លៃ តើមេត្តា ករុណា ការលះបង់ដែលជាកុសលធម៌មានតែកម្លាំងរកភាពភ្លឺស្វាងឃើញទេ?
ដូច្នេះកត្តញ្ញូប្រែថាដឹងគុណតម្លៃ អត្តញ្ញូប្រែថាមិនដឹងគុណតម្លៃ បើមិនដឹងថានេះគឺជាតម្លៃ រឿងអីដែលបានទទួលការលះបង់ដែលជាធម៌ដ៏មានតម្លៃនៃការលះបង់ពីអ្នកដទៃ ចិត្តខ្លួនត្រូវបានទទួលភាពកក់ក្តៅគឺការសំពះដឹងគុណតម្លៃនៃការលះបង់នេះ តែដោយចិត្តមិនដឹងគុណតម្លៃ ចិត្តអកត្តញ្ញូ ផ្ទុយទៅវិញទៅជាអឿ ទៅជាអួតថាខ្លួនគ្រាន់បើបានជាគេលះបង់អោយ ឃើញកម្លាំងបញ្ច្រាសកើតការដឹងបញ្ច្រាសទេ មើលឃើញតម្លៃបញ្ច្រាសហៅថាមិនដឹងគុណ ឬអកត្តញ្ញូហ្នឹងទេ អ្នកអាចលះបង់អោយមនុស្សអកត្តញ្ញូទៅកើតទេ?
មនុស្សអកត្តញ្ញូគឺមិនដឹងថាការលះបង់នេះមានតម្លៃសោះដូចយកពេជ្រទៅអោយមាន់អញ្ចឹងគឺមាន់មិនស្គាល់គុណតម្លៃដូចតែគ្នាទេ បើស្គាល់គុណតម្លៃ បើដឹងគុណតម្លៃ ដឹងច្បាស់ថាទង្វើរបស់ខ្លួនគ្មានតម្លៃទាល់តែសោះព្រោះមាន់មិនអាចស្គាល់ពេជ្របានទេ តើអ្នកមានចិត្តកត្តញ្ញូឯណាយកពេជ្រទៅអោយមាន់? អ្នកឃើញកត្តញ្ញូជាចិត្តភ្លឺស្វាងទេ ធម៌នេះសមជាមេហ្វូងនៃកុសលធម៌ទាំងអស់ឬទេ? ពន្យល់មកដល់ត្រង់នេះតើអ្នកមានសញ្ញាណខ្លះអំពីធម៌កត្តញ្ញូហើយឬនៅ? កត្តញ្ញូគឺជាចិត្តភ្លឺស្វាងដែលស្គាល់គុណតម្លៃ។
ឧទាហរណ៍ចំពោះចិត្តមនុស្សស្រីម្នាក់ដែលនិយាយថាខ្លួនមិនចង់បានអីទេ ចង់បានតែប្រុសចេះមើលថែ ចេះយកចិត្តទុកដាក់នឹងនាង ពេលនាងមិនសប្បាយចិត្តចេះលួងលោមនាង។ល។ លឺហើយដឹងហើយចង់តែសើច តើមនុស្សប្រុសមានតម្លៃឯណា ឬមនុស្សប្រុសមានចិត្តកត្តញ្ញូឯណាទៅធ្វើរឿងគ្មានតម្លៃបែបនេះ? នាងមិនអាចរកបានប្រុសមានតម្លៃ ឬប្រុសកត្តញ្ញូទេ គឺមុខតែរកបានប្រុសចោលម្សៀត ព្រោះឃើញរូបសម្រស់ ឃើញលុយឃើញកាក់ដែលនាងមាន ជាមនុស្សវិញ្ញាណដឹងបញ្ច្រាស ដឹងមកតែខ្លួនឯងគឺចង់បានទ្រព្យនាង ឬរូបសម្ផស្សនាងហ្នឹង មុខតែទឹកភ្នែករហេមរហាមក្នុងជីវិតមិនស្វាងហ្នុងហើយ ហើយឆ្ងល់ថាខ្លួនមានសព្វយ៉ាង លុយកាក់ រូបសម្បត្តិ តើហេតុអ្វីមិនអាចរកប្រុសដែលអាចផ្តល់ភាពកក់ក្តៅអោយនាងបាន ចិត្តចង់របស់នាងគឺជាកម្លាំងបញ្ច្រាស ក្នុងធម្មជាតិនេះគ្មានអញទេ នាងមានអារម្មណ៍អោយគេមកយកចិត្តអញ គឺជាការចង់បានបញ្ច្រាសដូច្នេះបានជាវាមិនត្រូវ អ្វីដែលនាងមានចំពោះបុគ្គលកត្តញ្ញូដែលជាចិត្តស្រប ស្គាល់តម្លៃមើលឃើញអ្វីដែលនាងមានគ្មានតម្លៃទាល់តែសោះ ដូច្នេះមិនអាចបានបុរសមានចិត្តកត្តញ្ញូផ្តល់ភាពកក់ក្តៅដល់ស្រីដែលអត់តម្លៃបែបនេះទេ គឺនាងត្រូវតែទៅជាទឹកភ្នែករហេមរហាមក្នុងជីវិតមិនឈប់បែបនេះហើយ។
មនុស្សមានចិត្តអាត្មានិយមបែបនេះ មិនអាចមានចិត្តកត្តញ្ញូ ឬចិត្តស្គាល់គុណតម្លៃបានទេ ហើយបើមិនស្គាល់គុណតម្លៃក៏មិនមានចិត្តគោរពដែរ អញ្ចឹងហើយបានជាមនុស្សដែលនាងស្រឡាញ់នាងប្រច័ណ្ឌ នាងខឹង នាងឈ្លោះមិនឈប់ តើចិត្តគោរពមនុស្សម្នាក់អាចប្រច័ណ្ឌ អាចខឹង អាចប្រទុស្តតបតក្នុងរឿងស្អីមួយបានទេ? គឺមិនអាចទាល់តែសោះ។ បើនាងមានចិត្តប្រច័ណ្ឌ មានចិត្តខឹង ឬចិត្តប្រទុស្តគឺជាចិត្តមិនគោរព ឬមួយនាងជាមនុស្សអក្តញ្ញូមិនស្គាល់តម្លៃ ឬបុរសដែលនាងស្រលាញ់ជាមនុស្សអកត្តញ្ញូ មិនស្គាល់តម្លៃ ឬមិនមានតម្លៃ ហើយបើនាងជាមនុស្សកត្តញ្ញូស្គាល់តម្លៃ តើនាងអាចរស់នៅជាមួយមនុស្សប្រុសដែលអកត្តញ្ញូ មិនស្គាល់តម្លៃបានទេ? ដូច្នេះបើឃើញឈ្លោះតែគ្នា ប្រច័ណ្ឌតែគ្នាហើយមិនលែង គឺមនុស្សទាំងពីរហ្នុងអកត្តញ្ញូ មិនស្គាល់តម្លៃដូចគ្នាហើយ។
សូមបញ្ជាក់ថា ចិត្តអកត្តញ្ញូគឺជាចិត្តមិនដឹងគុណតម្លៃ មិនមែនចិត្តរមិលគុណដែលជាចិត្តសាហាវ ហ៊ានប្រទុស្តតបតនឹងគុណនោះទេ អ្នកយល់ត្រង់ចំណុចនេះទេ? ចិត្តរមិលគុណគឺសាហាវខ្លាំងណាស់ អាក្រក់ខ្លាំងណាស់ ជាប្រភេទចិត្តអាក្រក់ ឯចិត្តអកត្តញ្ញូអាចជាចិត្តរបស់មនុស្សល្ងង់ ប៉ុន្តែបើមានអកុសធម៌ក្នុងចិត្តដូចជាច្រណែន គំនុំ មោទនភាពគឺលែងទៅជាចិត្តល្ងង់ហើយ គឺទៅជាចិត្តសាហាវឃោរឃៅហើយ ប៉ុន្តែបើចិត្តអក្តញ្ញូមិនស្គាល់គុណតម្លៃតែមានចិត្តមានកុសលធម៌គឺមេត្តា ករុណ មុទិតា ឧបេក្ខាជាដើម មនុស្សនេះក្លាយទៅជាមនុស្សល្ងង់ទៅវិញ។
អ្នកផ្សាយធម៌ល្បីៗសព្វថ្ងៃគឺជាមនុស្សមានចិត្តអក្តញ្ញូ គឺមិនដឹងគុណតម្លៃចិត្តអាត្មានិយមគឺវិញ្ញាណដឹងបញ្ច្រាស ដឹងមកអញ ដឹងថាមានអញ អញ្ចឹងបានជាទេសនាហៅយាយតា អោយយាយតាធ្វើបុណ្យបានមកអញហ្នុង មានអញឯណា អញគឺច្រឡំ អញគឺអវិជ្ជាគឺដឹងខុស ដូច្នេះត្រូវគឺធ្វើអំពើណានាំទៅរកអស់អញ មិនគិតពីអញ គិតតែពីមនុស្សដែលមានតម្លៃគួរតែធ្វើចំពោះ នេះគឺបុណ្យត្រូវ ហើយអ្នកទេសនាទាំងនោះចិត្តគ្មានកុសលធម៌ដូចជាមេត្តា ករុណា មុទិតា ឧបេក្ខាទៀត មានតែចិត្តច្រណែន ចិត្តគំនុំ ចិត្តមោទនៈជាមនុស្សបាតមនុស្ស ប៉ុន្តែធ្វើជាមិនខឹង ធ្វើជាមានអធ្យាស្រ័យល្អព្រោះជាប់សីលដើម្បីអញ តែក្នុងចិត្តពេញពោរទៅដោយធម៌អកត្តញ្ញូមិនស្គាល់តម្លៃ ហើយរុញច្រានដោយកម្លាំងអកុសលធម៌គឺច្រណែន គំនុំ ឈ្នានីស មោទនភាពគឺជាមនុស្សអាក្រក់បំផុត ថោកទាបបំផុត នេះហើយជាសម័យកាលដែលព្រះធម៌សម្តែងដោយព្រះសម្មាសម្ពុទ្ធរលាយន័យទាំងស្រុងនោះ។
មានឧទាហរណ៍ខ្លះទៀតនៃចិត្តមិនស្គាល់តម្លៃ ដូចជាអ្នកវិទ្យាសាស្ត្រខំស្រាវជ្រាវរកភពសម្រាប់ជីវិត ហើយដឹកជញ្ជូនមនុស្សទៅរស់នៅលើភពថ្មីនោះ អ្នកសញ្ជឹងគិតមើលតើមានតម្លៃឬទេ? តើមានមនុស្សប៉ុន្មាននាក់អាចទៅរស់នៅលើភពទាំងនោះបាន បើមនុស្សនៅលើផែនដីឯនេះ កំពុងតែជិះជាន់គ្នា កេងប្រវ័ញ្ចគ្នា រុញច្រានគ្នាដោយចិត្តប្រកាន់ប្រទេសឯង ប្រទេសអញ ពូជសាសន៍ឯង ពូជសាសន៍អញ រឿងដែលមានតម្លៃគឺជួយពន្យល់មនុស្សអកត្តញ្ញូមិនស្គាល់តម្លៃអោយស្គាល់តម្លៃ ព្រមរស់នៅសុខសាន្តលើភពផែនដីទាំងអស់គ្នា ជាការងារដ៏មានតម្លៃតែពួកគេមើលមិនឃើញថានេះជាការងារមានតម្លៃ បែរជាទៅខំដឹកជញ្ជូនមនុស្សទៅនៅភពផ្សេងថាជាការងារដ៏មានតម្លៃសម្រាប់ជីវិតគេទៅវិញ ហើយអ្នកផ្តួចផ្តើមគំនិតនេះចង់កប់សពរបស់ខ្លួននៅលើភពនោះទៀតផង អ្នកមើលចុះតើនេះគឺជាចិត្តអ្វី? តើមានគុណតម្លៃទាញចិត្តអ្នកអោយគោរពទេ?
ឆ្កួតអើយសែនឆ្កួត! ងងឹតអើយសែនងងឹត! អកត្តញ្ញូអើយអកត្តញ្ញូ នេះហើយជាចិត្តមិនស្គាល់តម្លៃ ចិត្តមិនដឹងគុណ ចិត្តអកត្តញ្ញូ។ ពិភពលោកដឹកនាំដោយមនុស្សមានចិត្តអកត្តញ្ញូនេះ រកភាពភ្លឺស្វាងអោយពិភពលោកមិនឃើញទេដូច្នេះហើយបានជាពិភពលោកនេះគ្មានសុខសន្តិភាព មិនមែនជាកន្លែងផ្តល់ភាពកក់ក្តៅអោយជីវិត ទោះបីជាមានមេត្តា ករុណាក្នុងករណីខ្លះក៏ដោយក៏ចិត្តមេត្តា ករុណានេះមិនបាននាំភាពភ្លឺស្វាង នាំសុខសន្តិភាពដល់ជីវិតមនុស្សពិតប្រាកដឡើយ ។ នេះបានអ្នកមើលឃើញថាកត្តញ្ញូគឺជាធម៌មេហ្វូងនៃកុសលធម៌ទាំងឡាយមែន។ ចិត្តកត្តញ្ញូស្គាល់តម្លៃរកឃើញភាពត្រូវ រកឃើញភាពល្មម រកឃើញយុត្តិធម៌ រកឃើញសុខសន្តិភាព រកឃើញភាពកក់ក្តៅ រកឃើញភាពភ្លឺស្វាងនៃដំណើរជីវិតទាំងស្រុង។
ភាពល្មម ភាពត្រូវមិនមែនស្មើភាពទេ ដូច្នេះធម៌ល្មម ធម៌ត្រូវ ត្រូវរកក្នុងចិត្តដែលជាកម្លាំងបណ្តោយ កម្លាំងស្រប កម្លាំងគ្មានអញ មិនមែនរកឃើញក្នុងក្បាលមនុស្សដូចស្មើភាពឡើយ តើអ្នកយល់ត្រង់ចំណុចនេះទេ? ធម្មជាតិនៃកូនកលាបៈដែលមានធាតុដី ទឹក ភ្លើង ខ្យល់វិល កម្លាំងដែលចេញពីការវិលនេះមិនមែនជាកម្លាំងត្រង់ឡើយ មិនមែនជាកម្លាំងទៅមុខឡើយគឺកម្លាំងរាងរង្វង់ អ្នកមើលភពទាំអស់វិលក្នុងរបៀបម៉េច ក្នុងទម្រង់យ៉ាងម៉េច គឺកម្លាំងដែលចេញពីកូនកលាបៈដែលមានធាតុដីទឹកភ្លើងខ្យល់វិលគឺក្នុងទម្រង់បែបនោះហើយ ភាពត្រូវ ភាពល្មមគឺត្រូវ ឬល្មមតាមសភាពនៃកម្លាំងនោះ មនុស្សនិងពិភពលោករបស់មនុស្សកើតពីកម្លាំងនេះដែលត្រូវគឺត្រូវក្នុងសណ្ឋានកម្លាំងនេះដូច្នេះហើយទើបខ្ញុំនិយាយថាភាពត្រូវ ភាពល្មមមិនមែនស្មើភាពទេ។
ឧទាហរណ៍ បុរសម្នាក់ជាមេប៉ូលីសដែលមានប្រពន្ធស្លាប់ចោល ហើយបន្សល់ទុកកូនប្រុសម្នាក់អោយគាត់ គាត់ស្រឡាញ់កូនប្រុសរបស់គាត់ខ្លាំងណាស់ ហើយគាត់ជាមនុស្សដែលម៉ឺងម៉ាត់ហ្មត់ចត់នឹងការងារបំផុត គាត់តែងចាប់មនុស្សដែលប្រព្រឹត្តបទល្មើសដាក់គុកដោយគ្មានលើកលែងឡើយ។ ថ្ងៃមួយអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀនគឺជាកូនរបស់គាត់ គាត់ដឹងរឿងនេះហើយគាត់ឈឺចាប់ គាត់ភាន់ភាំង គាត់បាត់លំនឹងផ្លូវចិត្ត គាត់លំបាកចិត្តយ៉ាងខ្លាំង ប៉ុន្តែក្នុងមុខនាទីជាមេប៉ូលីស គាត់ត្រូវតែអនុវត្តច្បាប់ គាត់អោយគេទៅចាប់កូនគាត់ដែលតាមទម្លាប់គាត់ធម្មតាគឺគាត់ដឹកនាំការចុះបង្ក្រាបនេះដោយខ្លួនគាត់ផ្ទាល់តែក្នុងករណីកូនរបស់គាត់នេះ គាត់មិនបានទៅទេ គាត់ទប់ចិត្តមិនបានទេ គាត់អោយគេទៅ គាត់នៅអង្គុយស្ងាត់ក្នុងបន្ទប់តែម្នាក់ឯង សម្រក់ទឹកភ្នែក។
មានប៉ូលីសដែលម៉ឺងម៉ាត់ប៉ុន្តែប្រើការកាត់ក្តីតែក្បាល គ្មានចិត្តដែលគ្មានអញមកថ្លឹងថ្លែងក្នុងការងាររបស់ខ្លួនទេ គេបាននិយាយថា បុរសជាមេប៉ូលីសមានចិត្តមិនស្មើរវាងកូនខ្លួននិងកូនរបស់គេទេ បើកូនគេគាត់ចុះទៅចាប់ផ្ទាល់ប៉ុន្តែដល់កូនខ្លួនឯង ខ្លួនមិនធ្វើដូច្នោះទេគេទាមទាររកភាពយុត្តិធម៌ នេះហើយដែលខ្ញុំថាមិនត្រូវ មិនល្មម រឿងត្រូវ រឿងល្មមដែលថ្លឹងថ្លែងដោយចិត្តគ្មានអញរកឃើញថាយើងគួរតែយោគយល់ដល់មនុស្សដែលល្អ ធ្វើការងារដែលមានប្រយោជន៍ដល់សង្គមជាតិច្រើនណាស់ ភាពល្មម ភាពត្រឹមត្រូវគឺត្រូវតែអោយគេទៅធ្វើរឿងហ្នឹងអញ្ចឹងហើយ ហើយបើករណីចាំបាច់ដែលទោសរបស់កូនគាត់មានទំហំធ្ងន់ធ្ងរក្នុងលំដាប់ណាមួយយើងត្រូវសម្រួលអោយមកនៅត្រឹមកម្រិតណាមួយ នោះមិនមែនព្រោះតែកូននេះទេគឺព្រោះតែគុណសម្បត្តិរបស់ឳពុកចំពោះជាតិតែប៉ុណ្ណោះ យើងដឹងថាបើគាត់ដឹងថាយើងសម្រួលទោសកូនគាត់ត្រឹមកម្រិតណាមួយ គាត់មុខតែបដិសេធព្រោះគាត់យល់ថាវាមិនយុត្តិធម៌ចំពោះមនុស្សទូទៅដូច្នេះរឿងត្រឹមត្រូវ រឿងល្មមគឺយើងសម្រួលកូនគាត់ហើយ យើងមិនអោយគាត់ដឹងទេព្រោះយើងដឹងថាទោះគាត់អោយអនុវត្តទោសរបស់កូនគាត់ស្មើនឹងទោសរបស់អ្នកដទៃ ក៏ដួងចិត្តរបស់គាត់ឈឺផ្សាខ្លាំងណាស់ដូច្នេះកត្តញ្ញូរបស់យើងស្គាល់ល្មម ស្គាល់ត្រូវគឺត្រូវសម្រួលដល់កម្រិតណាដែលមនសិការរបស់យើងប្រាប់ថាល្មមហើយការមិនអោយគាត់ដឹងគឺជារឿងល្មម រឿងត្រូវដែលយើងត្រូវតែធ្វើក្នុងករណីគាត់នេះ។
ឃើញទេភាពត្រូវ ភាពល្មមមិនមែនស្មើភាពទេ ទម្រង់នៃកូនកលាបៈវិលនៅក្នុងសណ្ឋានជារង្វង់ ការសម្រេចដែលត្រឹមត្រូវគឺត្រូវតែស្របនឹងកម្លាំងព្រោះយើងកើតមកពីកម្លាំងនេះ។ ការដឹងល្មម ដឹងថាត្រូវនេះគឺការដឹងតម្លៃ នេះគឺកត្តញ្ញូ ដឹងពីវិញ្ញាណដែលលាត ដែលគ្មានអញនៅពេលគិត នៅពេលដឹង វិញ្ញាណដឹងត្រូវនេះវិលមកចូលខួរក្បាល ខួរក្បាលគិត ព្រោះវិញ្ញាណចូលមកដល់ហើយ វិញ្ញាណដែលត្រូវ ដែលដឹងតម្លៃ វិលចូលក្នុងខួរក្បាលហើយ ខួរក្បាលក៏គិតបាននូវរឿងមានតម្លៃ យល់រឿងមានតម្លៃគឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ នេះជាតួបញ្ញាគឺការយល់ត្រូវ បញ្ញាគឺការយល់ត្រូវនេះឯង មិនមែនឆ្លាតទេគឺយល់ត្រូវ ពេលវិញ្ញាណដឹងត្រូវនេះវិលមកចូលក្នុងមាត់បង្កើតការនិយាយត្រូវតាមការដឹងត្រូវនៃវិញ្ញាណដឹងត្រូវ នេះសម្មាវាចា ហើយវិញ្ញាណដឹងត្រូវវិលចូលគ្រប់ទ្វារទាំងអស់គឺសម្មាកម្មន្តៈ ហើយបន្ទាប់មកមិនរស់នៅត្រូវ! ទៅចង់បានយកមកធ្វើអ្វី បំពោកអ្វី បំប៉នអ្វី វាខុសហើយ បើឃើញការរស់នៅខុស គឺមានហើយមានទៀត ចង់បានហើយចង់បានទៀត បង្កើតកូនមកទទួលមរតករបស់ខ្លួន តើវាជាការងារមានតម្លៃទេ?កូនមនុស្សពេញផែនដីម៉េចមិនអោយទៅ? បើគ្មានអញគឺអោយហើយ។
នោះមិនមែនជាការរស់នៅត្រូវទេ វិញ្ញាណដឹងត្រូវ ដាច់ខាតត្រូវទៅជាចិត្តដែលរស់នៅត្រូវ រស់នៅសមល្មម ដឹងអ្វីដែលមានភាពចាំបាច់ក្នុងជីវិត នេះគឺសម្មាអាជីវៈ នេះគឺតួសីលត្រូវ ហើយបើដឹងត្រូវហើយ រឿងអីដែលមិនព្យាយាមត្រូវ ព្យាយាមតែក្នុងរឿងដែលដឹង ចុះបើដឹងត្រូវ មិនព្យាយាមត្រូវ! ហើយវិញ្ញាណដឹងត្រូវនេះនឹងរលឹកដឹងត្រូវ ហើយចិត្តនឺងមានលំនឹងត្រូវគឺសម្មាសធិ នេះគឺសមាធិ។
រំលឹក៖ ចិត្តកត្តញ្ញូដាច់ខាតគឺត្រូវកើតមកពីវិញ្ញាណដឹងត្រូវ យល់ត្រង់ចំណុចនេះទេ? ដែលត្រូវគឺស្រប ឬបណ្តោយតាមកម្លាំងកូនកលាបៈវិល វាអត់បញ្ច្រាសបានទៅជាដឹងត្រូវ បើបញ្ច្រាសគឺទៅជាដឹងខុស គ្មានអញសោះក្នុងធម្មជាតិនេះ ប៉ុន្តែគេដឹងមកអញ ពេលគិតអីអារម្មណ៍អញមានជាប់ជានិច្ចដូច្នេះមនុស្សអាត្មានិយមដាច់ខាតគ្មានធម៌កត្តញ្ញូទេ ព្រោះវាកើតពីវិញ្ញាណដឹងបញ្ច្រាសដែលវិញ្ញាណដឹងបញ្ច្រាសនេះអាចមានកុសលធម៌ផ្សេងទៀតដូចជាមេត្តា ករុណាជាដើម កត្តញ្ញូកើតមកពីវិញ្ញាណដឹងត្រូវគឺវិញ្ញាណគ្មានអញ ធម្មជាតិនេះគ្មានអញទេគឺកម្លាំងសុទ្ធដូច្នេះចិត្តដែលគិតអ្វី ឬធ្វើអ្វីគ្មានអារម្មណ៍អញគឺជាវិញ្ញាណដឹងត្រូវ វិញ្ញាណបែបនេះហើយទើបបង្កើតបានជាចិត្តកត្តញ្ញូ តែកុសលធម៌ផ្សេងទៀតដូចជាមេត្តា ករុណាជាដើមវិញ្ញាណបញ្ច្រាសក៏ដោយ វិញ្ញាណស្របក៏ដោយក៏អាចកើតមានកុសលធម៌បែបនេះដែរតែកត្តញ្ញូកើតមកពីតែវិញ្ញាណស្របតែប៉ុណ្ណោះដូច្នេះហើយទើបមនុស្សមានកត្តញ្ញូដឹងខុសដឹងត្រូវ ដឹងមានតម្លៃ ឬអត់តម្លៃ ដឹងខ្ពស់ដឹងទាប ដឹងរឿងគួរមិនគួរ ដឹងត្រង់ណាល្មម គឺជាធម៌ភ្លឺស្វាងខ្លាំងណាស់ វាកើតសមាមាត្រទៅនឹងភាពគ្មានអញ អញធំងងឹតធំ អញតូចងងឹតតិច អស់អញ អស់ងងឹត។
សំណេររបស់លោកប្រមុខ ខឹម វាសនា, ០២ កុម្ភៈ ២០២០
The post លោក ខឹម វាសនា បកស្រាយរឿង កត្តញ្ញូ ឬដឹងគុណ និង អកត្តញ្ញូ ឬមិនដឹងគុណ appeared first on ខ្មែរអ្នកអាន.