គេហទំព័ររបស់សារព័ត៌មាន Fresh News បានសរសេរក្រោមចំណងជើងថា ក្រសួងការបរទេសចិន ជូនដំណឹងដល់កម្ពុជាថា ភាគីចិនមិនអាចរៀបចំជូនសម្ដេចតេជោ ហ៊ុន សែន ទៅទីក្រុងវូហាន បានទេ ដោយសារទីនោះកំពុងរីករាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា ដែលការបញ្ជាក់នេះគឺធ្វើឡើងដោយលោកនាយករដ្ឋមន្រ្តីកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយផ្ទាល់នៅទីក្រុងស៊េអ៊ូល កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ។
កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សារព័ត៌មាន Fresh News បានបញ្ជាក់ថា ក្រសួងការបរទេសចិន បានជូនដំណឹងក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ខាងផ្នែកភាគីចិនមិនអាចរៀបចំជូន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះដំណើរទៅកាន់ទីក្រុង វូហាន ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមនិតចិន បានទេ ដោយសារតែនៅទីនោះកំពុងរីករាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា ដែលគម្រាមកំហែងអាយុជីវិតរបស់លោកនាយករដ្ឋមន្រ្តី ។ នេះបើយោងតាមសម្ដីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាឱកាសនោះ ដែលលោកបាន ថ្លែងពីទីក្រុងសេអ៊ូល ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពសារព័ត៌មាន Fresh News កាលនៅមុននេះបន្តិច ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ដោយសារភាគីចិនមិនអាចរៀបចំបាន ដូច្នេះថ្ងៃស្អែកសម្តេច នឹងដឹកនាំគណៈប្រតិភូត្រឡប់ទៅមាតុភូមិ(ប្រទេសកម្ពុជា)វិញ ក្រោយពីបញ្ចប់បេសកម្មនៅទីក្រុងសេអ៊ូល(សាធារណរដ្ឋប្រទេសកូរ៉េ) ដោយលើកទៅឱកាសក្រោយ ចាំជួបជាមួយក្រុមនិស្សិតនៅទីក្រុងវូហាន (ប្រទេសចិន)។
សូមជំរាបថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសកូរ៉េខាងត្បូង, លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា លោកនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាតិនៅពេលក្រោយ ប៉ុន្តែនៅពេលនេះភាគីមិត្តចិនបានឆ្លើយតបវិញហើយថា ចិនមិនអាចរៀបចំដំណើររបស់សម្តេចទៅកាន់ទីក្រុង វូហាន បានទេ ។
គួរបញ្ជាក់ផងដែរថា ពុំមានភស្ដុតាងណាមួយដែលបង្ហាញថាពាក្យសម្ដីទាំងនេះជាការពិតនោះទេ ដោយលោកនាយករដ្ឋមន្រ្តីកម្ពុជារូបនេះ បានធ្វើការនិយាយប៉ុណ្ណោះ ។ ងាកទៅមតិសាធារណជនខ្លះបានបញ្ចេញមតិថា ជាការខ្លាចរអារ និងរកលេសដើម្បីមិនទៅចិន ហើយខ្លះទៀតបាននិយាយផងដែរថា ប្រទេសចិនទីក្រុងវូហាន ពុំមានអ្នកណាអាចចេញចូលបាននោះឡើយ ។ ប៉ុន្តែចុះទីក្រុងដែលប្រធានាធិបតីចិន កំពុងនៅ គឺទីក្រុងប៉េកាំង ដែលគ្មានវីរុសហេតុអ្វីបានជាលោកនាយករដ្ឋមន្រ្តីមិនទៅ បែរជាលើកឡើងនូវការចង់ហោះហើរទៅទីក្រុង វូហាន ដែលជាតំបន់គ្រោះថ្នាក់ទៅវិញ?



The post សម្ដេច ហ៊ុន សែនថា ចិនមិនអាចរៀបចំឲ្យលោកទៅទីក្រុងវូហានបានទេ ព្រោះវីរុសកូរ៉ូណា appeared first on ខ្មែរអ្នកអាន.