ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នឹងទៅបើកសវនាការករណី លោក កឹម សុខានៅពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី៣០ខែសីហា សប្តាហ៍ក្រោយនេះ ពាក់ព័ន្ធនឹងនីតិវិធីពន្យារពេលឃុំខ្លួនបណ្តោះអាសន្ន។ នេះបើតាមលិខិតមួយច្បាប់របស់ចៅក្រម គី ឫទ្ធី ដែលអញ្ជើញមេធាវីការពារក្តីលោក កឹម សុខាឲ្យចូលរួមសវនានោះ។
ក្នុងលិខិតរបស់ចៅក្រម គី ឬទ្ធី គឺតម្រូវឲ្យមេធាវីការពារក្តី លោក កឹម សុខា ចូលរួមសវនាការនៅវេលាម៉ោង៩ព្រឹក នៅបន្ទប់មួយក្នុងពន្ធនាគារត្រពាំងផ្លុង ឬ ហៅថា មណ្ឌលអប់រំកែប្រែទី៣ ដើម្បីដំណើរការនីតិវិធី។ ការបើកសវនាការនេះ ដើម្បីពិនិត្យថា តើលោក កឹម សុខា ត្រូវពន្យារពេលឃុំខ្លួនបន្តទៀត ឬ ឲ្យនៅក្រៅឃុំ បន្ទាប់ពីពន្យាពេលឃុំខ្លួនបណ្តោះអាសន្នរហូតជិតមួយឆ្នាំនៅមិនទាន់បើកសវនាការជំនុំជម្រះ។
លោក ផែង ហេង ជាមេធាវីម្នាក់ក្នុងចំណោមមេធាវីច្រើននាក់ទៀតដែលការពារក្តីឲ្យលោក កឹម សុខា ប្រាប់វិទ្យុបារាំងនៅថ្ងៃអាទិត្យនេះថា លោកស្នើឲ្យមានការដោះលែងលោក កឹម សុខា នៅពេលនេះ ដោយសំអាងថា តាមការស៊ើបអង្កេតកន្លងមកទាំងសាក្សី និងលោក កឹម សុខា គឺរកមិនឃើញមានភស្តុតាងដូចការចោទប្រកាន់នោះទេ។ ម្យ៉ាងទៀត ការពន្យាពេលលើកទី១ នៃការឃុំខ្លួនលោក កឹម សុខា នឹងត្រូវជិតផុតកំណត់ផងដែរ។ តែតាមនីតិវិធីលោក ផែង ហេង ពន្យល់ថា គឺគេអាចពន្យាពេលលើកទី២ រហូតដល់១៨ខែ។
សូមបញ្ជាក់ថា ការបើកសវនាដោយសាលាដំបូងនៅពេលនេះ គឺបន្ទាប់ពីតុលាការកំពូល កាលពីថ្ងៃពុធ ទើបតែបានសម្រេចបដិសេធលើបណ្តឹងលើកទី២របស់លោក កឹម សុខា ដែលសុំនៅក្រៅឃុំ។
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ៕
ប្រភពអត្ថបទ៖ Rfi
The post ករណីរបស់លោកកឹម សុខា នឹងត្រូវបើកសវនាការជាថ្មីនៅក្នុងពន្ធធនាគារត្រពាំងថ្លុងតែម្ដង appeared first on Khmer Readers.