ការស្រឡាញ់ក៏ទាញឱ្យមនុស្សម្នាក់បង្កើតកំហុសដែរ គឺខុសព្រោះតែស្រឡាញ់ពេក។ ទោះបីក្តីស្រឡាញ់ចាំបាច់ត្រូវតែមានលក្ខណៈផ្តល់ឱ្យ ក៏ប៉ុន្តែចិត្តស្រឡាញ់មានបង្កប់អារម្មណ៍ត្រូវការ និងអារម្មណ៍បំពេញចិត្ត ផងដែរ។ ពេលខ្លះ នារីម្នាក់ស្រឡាញ់គេខ្លាំងពេក អារម្មណ៍ត្រូវការ និងបំពេញចិត្ត មានកាត់តែធំ ជាហេតុនាំឱ្យសកម្មភាពរបស់នាងធ្វើទៅអាចបង្កើតកំហុសដោយមិនដឹងខ្លួន ដែលយើងហៅថាកំហុសក្នុងក្តីស្រឡាញ់៖
១.«ប្រចណ្ឌជ្រុល»
ស្រឡាញ់គេខ្លាចបាត់បង់គេ ស្រឡាញ់គេពោពេញទៅដោយចិត្តហួងហែង ស្រឡាញ់ខ្លាំងទំងន់នៃការហួងហែងកាន់តែធ្ងន់ សង្កត់ចិត្តរបស់នាងរហូតធ្លាក់ចូលកម្រិតប្រចណ្ឌជ្រុល ពោលគឺ Careជាប់ ដល់ថ្នាក់បុរសជាទីស្រឡាញ់ប្រាស្រ័យជាមួយនារីផ្សេង ក៏នាងដក់ចិត្តប្រចណ្ឌដែរ។
២.«មានបញ្ហាក្នុងចិត្តចូលចិត្តលាក់»
មួយលំដាប់ទៀតពេលមានបញ្ហាក្នុងចិត្ត ចូលចិត្តលាក់លៀមមិននិយាយប្រាប់មនុស្សជាទីស្រឡាញ់ទេ ព្រោះតែមិនចង់រំខានគេ សុកចិត្តត្បៀតបញ្ហាលេបទុកម្នាក់ឯង។ នេះក៏ជាកំហុសដែរ ព្រោះក្នុងនាមជាដៃគូរនឹងគ្នា ក្នុងន័យត្រឹមត្រូវដៃគូរត្រូវរួមសុខរួមទុកនឹងគ្នា ទុកកង្វល់ក្នុងចិត្តមិនគួរមានការលាក់លៀម នោះមិនគប្បីនឹងដៃគូររបស់ខ្លួនហើយ។
៣.«ទាមទារឱ្យគេបំពេញ»
មិនបដិសេធទេ ស្រឡាញ់ត្រូវតែមានចិត្តទាមទារ តែសូមឱ្យមានក្នុងចិត្តទៅបានហើយ កុំមានសកម្មភាពទាមទារច្រើនអី នេះក៏ជាកំហុសដែរ។ ហេតុអ្វី? ព្រោះ ការបំពេញឱ្យគ្នាគឺជាតួនាទីរបស់ភាគីម្នាក់ៗ យើងបំពេញឱ្យគេ ហើយគេបំពេញឱ្យយើង បំពេញដោយមនសិកាចង់បំពេញ មិនមែនបំពេញដោយសារទាមទារទើបបំពេញនោះទេ។ បើគេមិនបំពេញគឺជារឿងគេ បើគេមើលមិនឃើញសេចក្តីត្រូវការរបស់យើងគឺជារឿងគេ ការទាមទារឱ្យគេបំពេញរួចហើយគេព្រម នោះការបំពេញនោះគ្មានតម្លៃទេ។ ផ្ទុយទៅវិញការទាមទាររបស់យើងបែជាធ្លាក់ចូលសកម្មភាពអាត្មានិយមទៅវិញ ព្រោះវាអាចជ្រុល ឬទាមទារខុសកាលៈទេសៈ និងស្ថានភាព។
៤.«ដាក់ការសង្ស័យលើដៃគូ»
ពេលស្រឡាញ់ខ្លាំង មនុស្សស្រីយកចិត្តទុកដាក់ Careគ្រប់ជំហ៊ាន បូកផ្សំនឹងអារម្មណ៍ខ្លាចបាត់បង់ផងនោះ នាងច្រើនតែស្រ្ទិចខ្លាំងលើសកម្មភាពទាំងអស់របស់ដៃគូរ រហូតដាក់ការសង្ស័យញឹកញាប់។ នេះក៏ជាកំហុសដែរ គឺខុសត្រង់មិនទុកចិត្តមនុស្សដែលខ្លួនស្រឡាញ់ រួចយកការសង្ស័យមកពាំងពីមុខ។ មនុស្សប្រុងស្មោះគេនឹងស្មោះ មនុស្សប្រុងនៅគេនឹងនៅ មនុស្សដែលស្មោះត្រង់ចំពោះអ្នក គេនឹងស្មោះត្រង់គ្រប់កាលៈទេសៈទោះបីគ្មានវត្តមានអ្នកនៅក្បែរគេក៏ដោយ។ បំពេញតែតួនាទីរបស់អ្នកចុះ ផ្តល់ទំនុកចិត្តឱ្យគេ១០០% រួចលែងគេដោយសេរីចុះ។
៥.«ខូចចិត្តម្នាក់ឯង ងក់សួរមិនឆ្លើយ»
ភាពងក់ងរ សួរមិនឆ្លើយក៏ជាទម្លាប់មួយរបស់មនុស្សស្រីដែរ ស្រឡាញ់ខ្លាំងទាមទារស្និទ ចង់ឱ្យគេយល់ចិត្ត ចង់បានភាពផ្អែមល្ហែម។ ពេលខ្លះខ្វះភាពកក់ក្តៅគ្រប់គ្រាន់ នាងមានអារម្មណ៍ថាស្នេហានេះដូចខ្វះអ្វីម្យ៉ាង ឬបើគេធ្វើឱ្យឈឺចិត្ត ក៏ពួនសំងំខូចចិត្តម្នាក់ឯង មិននិយាយអ្វី។ ការសួរមិនចង់ឆ្លើយ ភាពងក់ងរ ការមិនប្រាប់ពីកង្វល់ត្រង់ៗ នោះក៏ជារឿងលំបាករបស់មនុស្សប្រុសមួយដែរ៕
The post មនុស្សស្រីពេលស្រឡាញ់ខ្លាំងពេកនាងអាចកសាងកំហុស៥នេះដោយមិនដឹងខ្លួន appeared first on Khmer Readers.