យ៉ាងហោចណាស់សមាជិកគណបក្សចំនួន៣ហើយ បានប្រកាសដើរពីគណបក្សរបស់ពួកគេ ជាបន្តបន្ទាប់ ក្រោយពីលទ្ធផលនៃការបោះឆ្នោតផ្លូវការបង្ហាញថា គណបក្សទាំងនោះ មិនទទួលអាសនៈរដ្ឋសភាសូម្បីតែមួយនៃអាសនៈសរុបទាំងអស់ចំនួន១២៥។ ក្រៅពីអ្នកនយោបាយដែលដើរចេញពីបក្សដោយខ្លួនឯងនេះ ក៏មានដែរ អ្នកនយោបាយដែលត្រូវបានគណបក្សបណ្តេញចេញ។
រលកនៃការដើរចេញពីគណបក្សនយោបាយក្រោយការបោះឆ្នោត ផ្ដើមចេញពី លោក ប៉ោ សេដ្ឋា ប្រធានក្រុមការងារខេត្តស្វាយរៀង នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ តាមលិខិតចុះថ្ងៃទី១៩សីហា លោក ប៉ោ សេដ្ឋា មិនបានបញ្ជាក់ពីមូលហេតុនៃការចាកចេញពីគណបក្សនេះទេ ប៉ុន្តែលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្ស GDP បានអះអាងថា ការចាកចេញរបស់សមាជិកលោក គឺដោយសារតែសម្ពាធគ្រួសារ។ ជាមួយគ្នានេះ លោក ឃុន សាវឿន ប្រធានក្រុមការងារគណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តសៀមរាប ក៏បានដើរចេញពីគណបក្សនេះភ្លាមៗដែរ។
ជាបន្តមកទៀត នៅថ្ងៃទី២៣ ខែសីហា លោក ហ៊ាង គឹមស្រឿន អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជាអនុប្រធានគណកម្មាធិការអចិន្ដ្រៃយ៍គណបក្សនេះ ក៏បានដាក់ពាក្យស្នើសុំលាលែងពីសមាជិកភាពដែរ។ មូលហេតុនៃការចាកចេញនេះ ត្រូវបានលោក ហ៊ាង គឹមស្រឿន ពន្យល់ថា គឺដោយសារលោកបានមើលឃើញពីគោលជំហររបស់គណបក្សសំបុកឃ្មុំ ក្រោយពីចូលប្រជុំជាមួយលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន។ និងថាការសម្រេចចិត្តរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនេះ ធ្វើឡើងដោយមិនបានគោរពប្រជាធិបតេយ្យផ្ទៃក្នុងបក្ស។
នៅថ្ងៃដដែលនោះ លោក ម៉ែន វណ្ណា ជាសមាជិកគាំទ្រ និងជាតំណាងសង្កាត់ពងទឹក របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP ក៏បានដាក់ពាក្យសុំចាកចេញពីគណបក្សនេះដែរ។ប៉ុន្តែក្នុងលិខិតសុំឈប់ពីគណបក្ស LDP លោក ម៉ែន វណ្ណា មិនបានបញ្ជាក់ប្រាប់ពីមូលហេតុឡើយ។
ផ្ទុយពីសមាជិកគណបក្សទាំង៣ខាងលើនេះ មន្រ្តីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន៤រូប ត្រូវបានគណបក្សនេះបញ្ចប់សមាជិកភាពនៅថ្ងៃទី២០ខែសីហា។ ការបញ្ចប់សមាជិកភាពលោក យូ ហុកគ្រី លោក ញ៉េប ប៊ុនជិន លោក ប៉ោ ប៊ុនស្រ៊ី និងលោក វ៉ាន់ សុផាន់ណា ពីគណបក្សហ្វ៊ុនស៊ិនប៉ិច គឺបន្ទាប់ពីពួកគេប្រកាសមិនទទួលយកតួនាថ្មីនៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ជាតួនាថ្មីដែលផ្តល់ឲ្យក្រោយពីបានដកតួនាទីចាស់ ជាអនុប្រធានគណបក្ស និងជាអគ្គលេខាធិការរងគណបក្ស៕
ប្រភពអត្ថបទ៖ Rfi
The post សមាជិករបស់គណបក្សល្បីៗចំនួន៣បក្សបានដើរចេញពីបក្សរបស់ខ្លួនក្រោយបោះឆ្នោតជាតិឆ្នាំ២០១៨ appeared first on Khmer Readers.