ភ្នំពេញៈ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងរយៈពេលមួយព្រឹកថ្ងៃទី២០ ខែសីហានេះ មានបេក្ខជនអវត្តមានជិត២ពាន់នាក់។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយមុននេះបន្តិច ដោយឲ្យដឹងថា ក្នុងដំណើរការសំណេរនាថ្ងៃទី១នេះ មានបេក្ខជនប្រឡងសរុបចំនួន ១១៥.២៦៨នាក់ ស្រី៥៨.១៥៨នាក់ អវត្តមានសរុបចំនួន១.៧០៨នាក់ ស្រី៦៩២នាក់ ។
បេក្ខជនប្រព្រឹត្តកំហុសឆ្គង មានចំនួន៤ករណី ក្នុងនោះ ករណីដកហូតទូរស័ព្ទដៃ៣ករណី និងនាំសំណៅឯកសារចូលចំនួន១ករណី។ ដោយឡែក មានបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរ ចំនួន១១ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀត បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ហើយករណីបេក្ខជនគ្រោះថ្នាក់ចរាចរណ៍ចំនួន១ករណី និងមាន១ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយពុំអាចត្រឡប់មកបន្តការប្រឡងបាន។
សម្រាប់បុគ្គលិកអប់រំវិញ មានកំហុសឆ្គង១ករណី (ប្រើទូរស័ព្ទ) ត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារ។ មណ្ឌលមួយចំនួននាពេលព្រឹកនេះ មានភ្លៀងធ្លាក់ ដូចជានៅខេត្តកោះកុង ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។
យ៉ាងណាក្តី សម្រាប់ដំណើរការសំណេរថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។
នៅតាមមណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ជាទូទៅបេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ដោយពុំមាននាំមកជាមួយនូវសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ឡើយ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន៕
ប្រភព ៖ Cam Post
The post បេក្ខជនជិតពីរពាន់នាក់ អវត្តមាន ក្នុងព្រឹកថ្ងៃទីមួយ នៃព្រឹត្ដិការណ៍ប្រឡងបាក់ឌុបឆ្នាំ ២០១៨នេះ appeared first on Khmer Readers.