គណបក្សខ្មែរក្រោកបានចាប់ផ្តើមបើកយុទ្ធនាការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋហើយកាលថ្ងៃសៅរ៍ ម្សិលមិញនេះ ដើម្បីយកទៅប្តឹងទាមទារយកកោះត្រល់ពីប្រទេសវៀតណាមមកវិញ។ យុទ្ធនាការប្រមូលស្នាមមេដៃនេះ បានចាប់ផ្តើមធ្វើឡើងនៅស្នាក់ការកណ្ដាលគណបក្សខ្មែរក្រោកនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមគណបក្សខ្មែរក្រោក យុទ្ធនាការការនេះត្រូវបានធ្វើឡើងក្រោយពីអាជ្ញាធរបានអនុញ្ញាតច្បាប់។

គណបក្សខ្មែរក្រោកបានដំណើរការយុទ្ធនាការ «ស្នាមមេដៃមួយដើម្បីកោះត្រល់» របស់ខ្លួនហើយ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញបានអនុញ្ញាតច្បាប់។ ប៉ុន្តែការអនុញ្ញាតនេះ អាជ្ញាធររាជធានីភ្នំពេញតម្រូវឲ្យគណបក្សខ្មែរក្រោកប្រមូលស្នាមមេដៃ តែនៅទីស្នាក់ការកណ្តាលរបស់ខ្លួនប៉ុណ្ណោះ ពោល គឺមិនអនុញ្ញាតឲ្យធ្វើនៅទីកន្លែងសាធារណៈ និងមិនឲ្យមានការប្រើប្រាស់ឧបករណ៍បំពងសំឡេងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមទីសាធារណៈឡើយ។ នេះបើតាមលិខិតរបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែសីហា។
គណបក្សខ្មែរក្រោកបានឯកភាពទៅនឹងលក្ខខណ្ឌរបស់សាលារាជធានីភ្នំពេញនេះ ហើយបានអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកឲ្យប្រជាពលរដ្ឋខ្មែរដែលមានទឹកចិត្តស្រឡាញ់ទឹកដី ទៅចូលរូមផ្តិតមេដៃ ដើម្បីយកទៅប្តឹងទាមទារយកកោះត្រល់មកវិញ។ លោក សុខ សុវណ្ណ វឌ្ឍនាសារពង្ស ប្រធានគណបក្សខ្មែរក្រោកបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យនេះថា គិតមកដល់ពេលនេះ គណបក្សខ្មែរក្រោកបានទទួលស្នាមដៃពីប្រជាពលរដ្ឋខ្មែរជាង២ពាន់ស្នាមមេដៃហើយ បន្ទាប់ពីបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ទី១៨សីហា។
សូមបញ្ជាក់ថា ក្រោយការបោះឆ្នោតជាតិតែប៉ុន្មានថ្ងៃប៉ុណ្ណោះ គណបក្សខ្មែរក្រោកដែលទើបតែបង្កើតឡើងនៅអាណត្តិនេះ បានផ្តើមផ្តួចគំនិតទាមទារយកកោះត្រល់ពីប្រទេសវៀតណាមមកវិញ។ តាមការគ្រោងទុក គណបក្សថ្មីនេះ ត្រូវការស្នាមមេដៃប្រជាពលរដ្ឋខ្មែរចំនួន៥ម៉ឺនស្នាមមេដៃ ដើម្បីធ្វើកិច្ចការនេះ។ បើតាមគណបក្សខ្មែរក្រោក នៅពេលដែលខ្លួនទទួលបានស្នាមមេដៃគ្រប់ចំនួន៥ម៉ឺនហើយនោះ គណបក្សនឹងដង្ហែស្នាមមេដៃទាំងនេះទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីឲ្យស្ថាប័នកំពូលមួយនេះមោឃភាពសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០។ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នេះ ត្រូវបានចោទប្រកាន់ថា ធ្វើឲ្យសន្ធិសញ្ញាឆ្នាំ៨០ ៨២ ៨៥ រស់ឡើងវិញ ដែលធ្វើឲ្យកោះត្រល់ត្រូវបាត់បង់ចាប់ពីពេលនោះមក។
យ៉ាងណាក៏ដោយ ដំណើរការប្រមូលស្នាមមេដៃនេះមិនមែនជារឿងងាយស្រួលពេកទេសម្រាប់គណបក្សខ្មែរក្រោក។ ប៉ុន្តែលោកសុខសុវណ្ណ វឌ្ឍនាសារពង្ស ហាក់មានការជឿជាក់ ដោយសារតែលោកមើលឃើញថា ការផ្តើមបើកដំណើរការដំបូង គឺមានពលរដ្ឋច្រើនគួរសមដែរបានមកផ្តិតស្នាមមេដៃ។ លោកប្រធានគណបក្សខ្មែររូបនេះ បានគូសបញ្ជាក់ថា យុទ្ធនាការប្រមូលស្នាមដៃនេះនឹងធ្វើឡើងគ្មានកាលកំណត់ទេ ពោលគឺនឹងបន្តធ្វើរហូតដល់ទទួលបានស្នាមដៃគ្រប់ចំនួនកំណត់៥ម៉ឺនស្នាមមេដៃ៕
ប្រភព ៖ William Guang’s Facebook & RFI Khmer
The post ក្រោយពីអាជ្ញាធរបានអនុញ្ញាតច្បាប់ បក្សខ្មែរក្រោកចាប់ផ្តើមប្រមូលស្នាមមេដៃ ប្តឹងទាមទារកោះត្រល់មកវិញ (Video) appeared first on Khmer Readers.