អ្នកលេងគុនខ្មែរ គឹម វាសនា ថា អាជីពជាអ្នកប្រដាល់នេះធ្វើឲ្យរូបគេមានជីវភាពធូរធារជាងមុន និងកែប្រែពីការដើរលេងអត់ប្រយោជន៍ទៅជាការហ្វឹកហាត់ជំនួសវិញ ។
គឹម វាសនា បានឲ្យដឹងថា មុនដំបូងរូបគេជាកម្មកររោងចក្រម្នាក់នៅម្ដុំផ្សារជម្ពូវ័នអំឡុងឆ្នាំ ២០០៧ -២០០៨ ដែលកាលនោះប្រាក់ខែបានត្រឹម ២០០ ទៅ ៣០០ ដុល្លារប៉ុណ្ណោះអាស្រ័យលើការថែមម៉ោង។ នាពេលធ្វើការនៅទីនោះ អ្នកប្រដាល់រូបនេះមានជីវភាពមិនធូរធារនោះឡើយ ហើយថែមទាំងចំណាយពេលអត់ប្រយោជន៍ច្រើនដូចជាដើរលេង និងផឹកស៊ីជាដើម ។
ដោយការស្រឡាញ់ចូលចិត្តវិស័យប្រដាល់តាំងពីតូចមកនោះប៉ុន្តែមិនមានឱកាស ជើងខ្លាំងរូបនេះក៏បានស្គាល់មិត្តភ័ក្ដិធ្វើការជាមួយជាអ្នកហាត់ ក៏ទាក់ទងរហូតបានសុំគ្រូប្រដាល់ទ័ពពិសេសឆត្រយោង ៩១១ ហ្វឹកហាត់ដល់សព្វថ្ងៃនេះតែម្ដង។ អាជីពថ្មីនេះធ្វើឲ្យរូបគេកែប្រែបានច្រើន ប្រាក់ចំណូលកើនឡើងជាងពេលមុន ខែខ្លះលោតដល់ ៥០០ដុល្លារ ក៏មានដែរ ឲ្យតែបានប្រកួតជាមួយបរទេស។ ក្រៅពីនោះទៀតឈប់ដើរលេង ថែមទាំងមានឈ្មោះទាហាន ទំនេរក៏អាចឆ្លៀតធ្វើការងារអ្វីផ្សេងបន្ថែមទៀតបាន ។
គឹម វាសនា ជាកីឡារកមកពីក្លឹបប្រដាល់ទ័ពពិសេសឆត្រយោង ៩១១ មកដល់ពេលនេះចូលប្រឡូកក្នុងវិស័យប្រដាល់ប្រហែល ៣-៤ឆ្នាំមកហើយ ថ្មីៗនេះទើបប្រកួតចប់ពានរង្វាន់ TV5 knock Out Series By Kcement ផងដែរ ដោយទទួលបានចំណាត់ថ្នាក់លេខ៣ ៕
ប្រភព៖ Sabay
The post គឹម វាសនា អាជីពប្រដាល់ធូរធារជាង កាលខ្លួនធ្វើការរោងចក្រ appeared first on Khmer Readers.