Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

មិនធម្មតាមែន! ត្រឹមតែអាយុ៤ឆ្នាំសោះ កុមារាខ្មែរនៅUSAមានសមត្ថភាពអានអក្សរខ្មែរបានយ៉ាងល្អបំផុត!

$
0
0

សូមស្ដាប់សំលេងនៅខាងក្រោម៖

វីដេអូបុរសម្នាក់បង្រៀនភាសាខ្មែរដល់កូនរបស់គាត់ត្រូវបានគេចែកចាយតគ្នានៅលើបណ្ដាញសង្គម។ នៅក្នុងវីដេអូនេះ គេមើលឃើញកុមារាម្នាក់កំពុងប្រកបអក្សរខ្មែរនៅលើក្ដារខៀនក្រោមការណែនាំឪពុករបស់គេនៅក្នុងបន្ទប់មួយ។កុមារានេះមានឈ្មោះថា ចៅ មុនីឆលី ជាកូនខ្មែរកើតនៅលើទឹកដីសហរដ្ឋអាមេរិកដែលមានឪពុកម្តាយជាខ្មែរ។ លោក ចៅ មុនីខេមរា ប្រធានក្រុមអ្នកស្រាវជ្រាវមតិសង្គមអាមេរិកដែលត្រូវជាឪពុករបស់កុមារា ឆលី មានប្រសាសន៍ប្រាប់វិទ្យុផ្កាឈូកតាមបណ្ដាញសង្គមថា កូនប្រុសលោកចេះអាននិងនិយាយភាសាខ្មែរតាំងពីគេអាយុ២ឆ្នាំមកម្លេះ។

លោករៀបរាប់៖ «តាមពិត ឆលី សព្វថ្ងៃមានអាយុជាង៤ឆ្នាំហើយ ប៉ុន្តែខ្ញុំបានបង្រៀននិយាយខ្មែរនិងអានអក្សរខ្មែរតាំងពីអាយុ១ឆ្នាំ៨ខែ។ ចឹងចាប់ពី១ឆ្នាំ៨ខែហ្នឹង ឆលី ចាប់ផ្តើមរៀន ក ខ ព្យញ្ជនៈអីស្រៈនិស្ស័យអីចប់អស់ហើយ […] អ៊ីចឹងពាក្យនីមួយៗ ឆលី អាចដឹងពាក្យពេញមានន័យម៉េចគឺដឹងទាំងអស់»។
បច្ចុប្បន្នកុមារា ឆលី មិនទាន់ចូលរៀននៅសាលានោះទេ តែបន្ទាប់ពីឆ្លងកាត់ការបង្រៀនពីឪពុកម្តាយរបស់គេនៅផ្ទះ ឆលី អាចអានភាសាខ្មែរនិងអង់គ្លេសបានស្ទើរគ្រប់ពាក្យ។លោក មុនីខេមរា បានបញ្ជាក់ថា ការបង្រៀននោះទៀតសោត លោកចំណាយពេលតែ៥នាទីតែប៉ុណ្ណោះជារៀងរាល់ថ្ងៃ ដោយលោកបានប្រើប្រាស់វិធីសាស្ត្រ២ដំណាក់កាល។ ដំណាក់កាលនីមួយៗ លោកគិតថា ជាវិធីសាស្ត្រដែលងាយនិងអាចឱ្យអាណាព្យាបាលគ្រប់រូបយកមកអនុវត្តចំពោះកូនៗរបស់ពួកគេបាន។លោកចែករំលែកបទពិសោធបង្រៀនកូនយ៉ាងដូច្នេះ៖ «នៅពេលអាយុ១ឆ្នាំ៨ខែ គឺយើងចាប់ផ្តើមសរសេរអក្សរនៅលើ Sticker (ក្រដាស) សរសេរជា ក ខ គ…សរសេរមួយតួៗចឹងទៅ ហើយចោលពេញផ្ទះ។ ចឹងអក្សរដែលលើ Sticker ដ៏ច្រើនហ្នឹង ព្រឹកឡើង ថ្ងៃឡើង ល្ងាចឡើង យើងដើរប៉ះអក្សរណា យើងរើសអក្សរហ្នឹងអានឱ្យកូនស្តាប់។ ចំណែកកូនដើរប៉ះអក្សរណា លើកអានឱ្យយើងស្តាប់វិញ ធ្វើដូច្នេះជារាល់ថ្ងៃ កូនហ្នឹងចាំគ្រប់ពាក្យទាំងអស់»។លោក មុនី បន្ថែមថា៖ «នៅពេល ឆលី បានអាយុ ២ឆ្នាំកន្លះ យើងមានវិធីសាស្ត្រថ្មីមួយទៀត គឺយើងសរសេរលើក្ដារខៀន យើងចាប់ផ្តើមសរសេរជាមេរៀនហើយ មេរៀនប្រកប។ ចឹងយើងចាប់ផ្តើមថតជាវីដេអូ នៅក្នុងiPad ឬទូរសព្ទយើងហ្នឹង ដែលសរសេរហើយអាន ទុកឱ្យកូនយើងស្តាប់ នៅពេលហូបបាយ ពេលកូនទំនេរបើកឱ្យកូនយើងស្តាប់។ ហើយនៅពេលដែលយើងសម្រាក ពេលចូលដេក យើងចាប់ផ្តើមរំលឹកមេរៀនឱ្យកូនអានឡើងវិញ នូវអ្វីដែលយើងសរសេរ យើងប្រាប់និងពន្យល់»។វាមិនមែនរឿងចៃដន្យនោះទេដែលលោក មុនីខេមរា ខិតខំប្រឹងប្រែងបង្រៀនភាសាជាតិរបស់ខ្លួនដល់កូន បន្ទាប់ពីបានផ្លាស់ទីលំនៅពីកម្ពុជាទៅរស់នៅលើទឹកដីនៃប្រទេសមហាអំណាចអស់រយៈពេលជាង៤ឆ្នាំ។ លោកបញ្ជាក់ថា ក្នុងនាមជាអាណាព្យាបាលម្នាក់ លោកមិនចង់ឱ្យកូនរបស់ខ្លួនមិនចេះភាសាជាតិខ្លួននោះទេ ខណៈលោកចាត់ទុកថា ការចេះភាសាជាតិ គឺជួយបង្កើតការសន្ទនាឱ្យកាន់តែមានភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ។ ម្យ៉ាងទៀត ការដែលកើតមកជាកូនខ្មែរ ចេះអាន ចេះសរសេរ និងចេះនិយាយភាសាខ្មែរនឹងអាចបញ្ជាក់បានថា ខ្លួនជាខ្មែរ ទោះរស់នៅទីណាក៏ដោយ។បើមើលទៅលើការខិតខំប្រឹងប្រែងក្នុងការបង្រៀនភាសាខ្មែរដល់កូនរបស់គ្រួសារលោក ចៅ មុនីខេមរា ជាឧទាហរណ៍សបញ្ជាក់ថា ពលរដ្ឋខ្មែរមួយចំនួន បើទោះជាទៅដល់ទីណា ក៏ពួកគេខិតខំប្រឹងប្រែងបង្រៀនពីវប្បធម៌និងអក្សរសាស្ត្រជាតិខ្លួនដែរ។ក៏ប៉ុន្តែ បើក្រឡេកមកមើលមួយផ្នែកតូចនៃគ្រួសារខ្មែរមួយចំនួនទៀតហាក់ផ្ទុយស្រឡះ។ ផ្ទុយស្រឡះត្រង់ថា អាណាព្យាបាលមួយចំនួនតែងតែបញ្ជូនកូនរបស់ពួកគេដែលដល់វ័យចូលសាលាឱ្យសិក្សាភាសាបរទេសមុននឹងទទួលបានការបណ្តុះបណ្តាលភាសាជាតិខ្លួន។ទាំងនេះគឺជាមតិមួយចំនួនរបស់អាណាព្យាបាលដែលយល់ឃើញខុសគ្នាៗចំពោះការបង្រៀនភាសាខ្មែរដល់កូនៗ៖
ស្ត្រីវ័យជាង៣០ឆ្នាំនិយាយ៖ «សម្រាប់ខ្ញុំគិតថា វាជាការចាំបាច់ណាស់ ដែលកូនៗ នៅផ្ទះគួរតែរៀនភាសាខ្មែរ ពីព្រោះបើយើងមិនរៀនទេ ភាសាខ្មែរយើងនឹងបាត់បង់។ ក្នុងចិត្តខ្ញុំគឺខ្ញុំស្អប់ហ្មង គឺស្អប់ឪពុកម្តាយណា ដែលកូនកើតមកភាគច្រើន មិននិយាយភាសាខ្មែរជាមួយកូនទេ គឺនិយាយភាសាបរទេស ដូចជាចិន អង់គ្លេស ដើម្បីឱ្យកូនហ្នឹងចេះភាសាបរទេស»។ស្ត្រីម្នាក់ទៀត៖ «សម្រាប់ខ្ញុំជាជំហានដំបូងពេលដែល (អាយុ) បីឆ្នាំ ចង់បញ្ចូនទៅសាលាមត្តេយ្យមុន។ ជាធម្មតាក្នុង(សាលា) មត្តេយ្យហ្នឹងគឺមានទាំងអស់ហើយមានទាំងខ្មែរនិងអង់គ្លេស។ ហើយបើខ្ញុំបញ្ចូលសាលាមត្តេយ្យគឺរកសាលារៀនណាដែលមានទាំងពីរភាសាហ្នឹងចូលគ្នា នេះជាជម្រើស។ តែបើអត់ជម្រើសគឺខ្មែរមុនហើយ តែបើអង់គ្លេសគឺយើងអាចបង្រៀនគាត់នៅផ្ទះតិចៗទៅ ហើយចាំឱ្យគាត់រៀនភាសាអង់គ្លេសតាមក្រោយ»។
អាណាព្យាបាលម្នាក់ទៀតបានលើកឡើងផ្ទុយពីនេះថា៖ «ដោយសារតែតម្រូវការនៅលើទីផ្សារច្រើនផ្នែកភាសាអង់គ្លេស ដូចចិន ឬក៏ភាសាដទៃទៀត ហាក់ដូចជាមានទីផ្សារ ហើយគេក៏ត្រូវការច្រើនដែរ។ ចឹងពេលដែលកូនខ្ញុំអាយុ៣ឆ្នាំឬ៣ឆ្នាំជាងហ្នឹង ខ្ញុំចាប់ផ្តើមសាកល្បងឱ្យគាត់ហ្នឹងចូលរៀនភាសាអង់គ្លេសជាមុន។ នេះជាការយល់ឃើញរបស់ខ្ញុំ»។ទាក់ទិននឹងបញ្ហានេះ សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រលោក សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា វាជារឿងមួយដែលល្អប្រសើរដែលអាណាព្យាបាលសង្វាតឱ្យកូនរបស់ពួកគេរៀនភាសាបរទេស ស្របពេលតម្រូវការសេដ្ឋកិច្ចមានសន្ទុះខ្លាំង។ តែទោះជាយ៉ាងណា លោកថាអាណាព្យាបាលទាំងអស់ក៏មិនត្រូវភ្លេចពីតម្លៃភាសាជាតិដែរ។
លោកមានប្រសាសន៍៖ «នៅពេលគាត់ជំរុញឱ្យកូនរបស់គាត់ទៅរៀនភាសាបរទេសតាំងពីតូច ហាក់បីដូចជាកាត់ត្រួយភាសាជាតិរបស់យើង ពង្រឹងគ្រឹះរបស់បរទេសចឹង។ បើយើងគិតឡើងវិញថា តើចៅៗកូនតូចៗទាំងអស់នោះ គឺជាគ្រឹះរបស់យើង ហើយចុះបើយើងយកគ្រឹះរបស់យើងទៅកាត់ត្រួយតម្រឹមទៅជាបរទេសបែបនេះ តើយើងបានអីទៅក្តីសង្ឃឹម»។ស្ថិតក្នុងសម្លៀកបំពាក់អាវឆ្នូតក្រហមបង់កក្រមា លោកសាស្ត្រាចារ្យសម្បុរស្រអែមរូបនេះបន្តថា ភាសាខ្មែរគឺជាអត្តសញ្ញាណជាតិមួយដែលមិនអាចកាត់ថ្លៃបាន ព្រោះថាការមានភាសាជារបស់ខ្លួន ការប្រើភាសាជាតិខ្លួនបានត្រឹមត្រូវគឺជាតម្លៃជាតិខ្មែរនិងជាមោទនភាពដែលបរទេសមិនអាចធ្វើបាន។
លោកបញ្ជាក់៖ «ចឹងការបាត់បង់តម្លៃនៃការសិក្សាភាសាខ្មែររបស់ខ្លួនគឺជាការបាត់បង់អត្តសញ្ញាណជាតិរបស់ខ្លួននិងមោទនភាពជាតិរបស់ខ្លួនដែរ។ នៅពេលក្រោយកូនរបស់យើងនឹងក្លាយទៅជាអ្នកដែលមានភាពអនក្ខរជនក្នុងភាសាជាតិរបស់ខ្លួនហើយ។ ចឹងសួរថា ចុះហេតុអីបានជាយើងមិនអាចបំពេញកាតព្វកិច្ចនេះបាន»?
លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ស្នើឱ្យអាណាព្យាបាលទាំងអស់គួរងាកមកគិតគូរពីបញ្ហានេះទាំងអស់គ្នាថាតើគួរបន្តឱ្យកូនៗរបស់ខ្លួនចាប់យកភាសាបរទេសមុននឹងរៀនភាសាជាតិខ្លួនឬយ៉ាងណា?ប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ សាស្ត្រាចារ្យ ទូច គីមស្រ៊ាង មានប្រសាសន៍ថា ជាតិសាសន៍ណាក៏ដោយគឺគេតែងលើកតម្កើងនិងសិក្សាឈ្វេងយល់ភាសាជាតិរបស់ខ្លួនឱ្យបានច្បាស់ជាមុនសិន មុននឹងសិក្សាឈ្វេងយល់ភាសាជាតិដទៃ។ លោកសាស្ត្រាចារ្យជំនាញអក្សរសាស្ត្រខ្មែររូបនេះបន្តថា ភាសាគឺជាមេនៃការសិក្សា ជាមេនៃប្រាជ្ញា និងជាមេនៃសិល្បៈ ដូចនេះដើម្បីយល់ដឹងពីវប្បធម៌របស់ខ្លួន ទាមទារឱ្យកូនខ្មែរជំនាន់ក្រោយត្រូវឈ្វេងយល់ភាសាជាតិរបស់ខ្លួន។ងាកទៅចាប់អារម្មណ៍នឹងឱពុករបស់ ឆលី ឯណេះវិញ ក្រៅពីមានបំណងចង់ឱ្យកូនខ្លួនចេះនិយាយ អាន និងសរសេរភាសាខ្មែរ ដើម្បីបញ្ជាក់ថាជាជនជាតិខ្មែរនោះ លោកក៏មានបំណងឱ្យកូនប្រុស ឈ្វេងយល់ពីវប្បធម៌ ប្រពៃណីខ្មែរ ប្រវត្តិសាស្ត្រជាតិខ្លួនផងដែរ។ លោកស្នើសុំនិងលើកទឹកចិត្តដល់អាណាព្យាបាលគ្រប់រូបមិនថាស្ថិតនៅទីណានោះទេ គួរចំណាយពេលវេលាក៏មានតម្លៃបង្រៀនអក្សរសាស្ត្រជាតិដល់កូនៗរបស់ខ្លួន ព្រោះថាការមិនចេះភាសាជាតិគឺជាការបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្លួន៕ ប្រភពអត្ថបទ៖ វិទ្យុផ្កាឈូក

The post មិនធម្មតាមែន! ត្រឹមតែអាយុ៤ឆ្នាំសោះ កុមារាខ្មែរនៅUSAមានសមត្ថភាពអានអក្សរខ្មែរបានយ៉ាងល្អបំផុត! appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles