Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

អាជ្ញាធរ​សង្ស័យ​ថាអតីត​ CNRP ​នៅ​ពី​ក្រោយសំណុំ​រឿង​អំពាវ​នាវ ​ឲ្យ​ពលរដ្ឋ​វៀតណាម​ទៅបោះ​ឆ្នោត

$
0
0

វិទ្យុបារាំង RFI ៖ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​ទី​១៨​កក្កដា​នេះ បាន​ដាក់​ការ​សង្ស័យ​ជំហាន​បឋម​ថា អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ទំនង​ជា​នៅ​ពី​ក្រោយ​ការ​ប្រឌិត​ព័ត៌មាន​ដែល​ថា សមាគម​វៀតណាម អំពាវនាវ​ឲ្យ​ពលរដ្ឋ​វៀតណាម​ ចូល​រួម​បោះ​ឆ្នោត​នៅ​កម្ពុជា។ ជុំវិញ​ការ​សន្និដ្ឋាន​នេះ មន្រ្តី​ជាន់​ខ្ពស់​នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​អ្នក​គាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​គ្មាន​ផ្លូវ​នយោបាយ​ទុច្ចរិត​បែប​នេះ​ដែរ។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅ​ថ្ងៃ​ទី​១៨​ខែ​កក្កដា​នេះ​ថា អាជ្ញាធរ​កំពុង​បើក​ការ​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​ក្រោយ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ជំហាន​បឋម​ថា អ្នក​គាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ ឬ​ក៏​អ្នក​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ប្រឌិត​ព័ត៌មាន​ដែល​ថា សមាគម​វៀតណាម អំពាវនាវ​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​រួម​បោះ​ឆ្នោត​នៅ​កម្ពុជា។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​
លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​គូស​បញ្ជាក់​ថា ការណ៍​ដែល​អាជ្ញាធរ​ហ៊ាន​សន្និដ្ឋាន​ដូច្នេះ​គឺ​ដោយ​សារ​តែ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​ភាគ​ច្រើន​ដែល​ជា​អ្នក​គាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ការ​ចែក​រំលែក​ព័ត៌មាន​នេះ​តាម​គ្នា។ ហើយ​ប្រសិន​បើ​អាជ្ញាធរ​រក​ឃើញ​អ្នក​ប្រឌិត​ព័ត៌មាន​នៅ​ក្នុង​ប្រទេស ពួក​គេ​ច្បាស់​ជា​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​ពួក​គេ​មាន​សញ្ជាតិ​ពីរ គឺ​អាជ្ញាធរ​នឹង​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​បែប​ផ្សេង។ នេះ​បើ​តាម​លោក ខៀវ សុភ័គ។ សម្រាប់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ព័ត៌មាន​នេះ​គឺ​ជា​រូបភាព​ញុះ​ញង់​រាំង​ខ្ទប់​ដំណើរ​ការ​បោះ​ឆ្នោត និង​រើស​អើង​ជាតិ​សាសន៍។

យ៉ាង​ណា​ក៏​ដោយ លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន គ្មាន​ផ្លូវ​ធ្វើ​នយោបាយ​ទុច្ចរិត កេង​បន្លំ ដូច​ការ​សន្និដ្ឋាន​របស់​អាជ្ញាធរ​ឡើយ។ សម្រាប់ លោកអ៊ូ ច័ន្ទរ័តុ្ន ផ្ទាល់ លោក​បញ្ជាក់​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​ដែរ​ពេលឃើញ​ការ​អំពាវនាវ​របស់​សមា​គម​វៀតណាម ឲ្យ​ពលរដ្ឋ​វៀតណាម​ចូល​រួម​បោះ​ឆ្នោត​នៅ​កម្ពុជា។ បើ​ទោះ​ជា​ព័ត៌មាន​នេះ​មិន​មែន​ជា​ការ​ពិត​ក៏​ដោយ លោក អ៊ូ ច័ន្ទរ័ត្ន​បាន​ចោទ​សួរ​ទៅ​កាន់​អាជ្ញាធរ​ថា តើ​ការ​អនុវត្ត​ច្បាប់​សញ្ជាតិ​នៅ​កម្ពុជា ពិត​ជា​ដូច​ទៅ​នឹង​ការ​ចុះ​ផ្សាយ​នេះ​ដែរ​ទេ?

គួរ​រម្លឹក​ថា សារ​ដែល​សមាគម​វៀតណាម​នៅ​កម្ពុជា​អះអាង​ថា ជា​ព័ត៌មាន​ប្រឌិត​នោះ​បាន​ជម្រុញ​ពលរដ្ឋ​ឲ្យ​ទៅ​បោះ​ឆ្នោត​ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ​ចូល​សញ្ជាតិ។ តាម​រយៈ​សារ​អម​ដោយ​រូបភាព​ឃោសនា​បោះ​ឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​លើ​ផ្ទៃ​ទឹក​នេះ ប្រធាន​​សមាគម​ខ្មែរ វៀតណាម បាន​ចាត់​ទុក​ថា ការ​ប្រឌិត​ព័ត៌មាន​បែប​នេះ គឺ​ជា​ការ​ញុះ​ញង់ ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​សមាគម​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

Fresh News : ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ទាត់ចោលទាំងស្រុងចំពោះការប្រឌិតព័ត៌មានរបស់ក្រុមប្រឆាំងថា ខ្លួនបានអំពាវនាវឲ្យពលរដ្ឋវៀតណាមទៅចូលរួមបោះឆ្នោត

(ភ្នំពេញ)៖ ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា លោក ស៊ឹម ជី តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រកាសទាត់ចោលទាំងស្រុងនូវការប្រឌិតរបស់បណ្តាញព័ត៌មានក្រុមប្រឆាំងដែលបានផ្សព្វផ្សាយថា សមាគមវៀតណាមបានអំពាវនាវឱ្យប្រជាពលរដ្ឋវៀតណាម ទៅចូលរួមបោះឆ្នោតនៅកម្ពុជា។

ការចេញមុខទាត់ចោលយ៉ាងដាច់អហង្ការរបស់ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជាបែបនេះ បានធ្វើឡើងបន្ទាប់ពីមាន Facebook ក្លែងក្លាយមួយដោយដាក់ឈ្មោះថា «សមាគមវៀតណាមនៅកម្ពុជា» រួមទាំងវេបសាយរបស់ក្រុមប្រឆាំងបានផ្សព្វផ្សាយ កាលពីម្សិលមិញនេះថា សមាគមវៀតណាមនៅកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋវៀតណាម ចូលរួមចំពោះបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ប្រធានសមាគមខ្មែរ-វៀតណាម បានចាត់ទុកថា ការប្រឌិតព័ត៌មានបែបនេះ គឺជាការញុះញង់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះសមាគមរបស់លោកនៅក្នុងប្រទេសកម្ពុជា ហើយករណីនេះ ខាងសមាគមរបស់លោក បានធ្វើពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ ជាច្រើនដងរួចហើយដែរ។

លទ្ធផល​រូបភាព​សម្រាប់ វៀតណាម កម្ពុជា

លោក ស៊ឹម ជី បានបន្ថែមទៀតថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ លោកនឹងធ្វើសេចក្តីថ្លែងការណ៍មួយដើម្បីទាត់ចោលនូវការប្រឌិតព័ត៌មាននេះ និងដាក់ពាក្យបណ្តឹងប្តឹងបន្តទៀត ទៅក្រសួងមហាផ្ទៃ​ ដើម្បីជំរាបឱ្យក្រសួងមានសមត្ថកិច្ច បានយល់អំពីបញ្ហានេះ ហើយសុំឱ្យមានវិធានការ។

យ៉ាងណាក៏ដោយ លោកមិនទាន់មានតម្រុយណា អំពីក្រុមដែលប្រឌិតព័ត៌មាននេះនៅឡើយទេ ខណៈដែលលោកក៏បានប្រាប់ទៅសារព័ត៌មានមួយចំនួនរួចហើយ នាពេលកន្លងមក ដោយបានបដិសេធនូវការផ្សព្វផ្សាយញុះញង់បែបនេះ៕

Fresh News :​ ក្រសួងមហាផ្ទៃ បើកស៊ើបអង្កេត និងប្តឹងទៅក្រុមហ៊ុន Facebook ចំពោះការប្រឌិតព័ត៌មានថា សមាគមវៀតណាម អំពាវនាវឲ្យពលរដ្ឋវៀតណាម ចូលរួមបោះឆ្នោតនៅកម្ពុជា

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះថា ក្រសួងមហាផ្ទៃ កំពុងស៊ើបអង្កេត និងប្តឹងទៅកាន់ក្រុមហ៊ុន Facebook ដើម្បីចាត់វិធានការចំពោះ ​Facebook ក្រុមប្រឆាំងមួយចំនួនដែលបានប្រឌិតព័ត៌មានថា សមាគមវៀតណាមអំពាវនាវឲ្យពលរដ្ឋវៀតណាម ចូលរួមបោះឆ្នោតនៅកម្ពុជា ដើម្បីបង្កចលាចលនៅកម្ពុជា។

លទ្ធផល​រូបភាព​សម្រាប់ ក្រសួងមហាផ្ទៃ

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងថា​ ការផ្សព្វផ្សាយបែបនេះ គឺជាការប្រឌិតព័ត៌មានរ​បស់ក្រុមប្រឆាំងប៉ុណ្ណោះ ហើយក្រសួងកំពុងស៊ើបអង្កេត ដើម្បីចាត់វិធានការជុំវិញបញ្ហានេះ ដែលលោកសង្ឃឹមថា អ្នកប្រព្រឹត្តល្មើសច្បាប់ ក្នុងចេតនារំខានដល់ការបោះឆ្នោតនៅកម្ពុជា នឹងត្រូវរកឃើញនៅពេលឆាប់ៗនេះ។

លទ្ធផល​រូបភាព​សម្រាប់ facebook

ការអះអាងអំពីវិធានការរបស់ក្រសួងមហាផ្ទៃនេះ បានធ្វើឡើងបន្ទាប់ពីមាន Facebook ក្លែងក្លាយមួយដោយដាក់ឈ្មោះថា «សមាគមវៀតណាមនៅកម្ពុជា» រួមទាំងវេបសាយ និងបណ្តាញ Facebook របស់ក្រុមប្រឆាំង បានផ្សព្វផ្សាយថ្មីៗនេះថា សមាគមវៀតណាមនៅកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋវៀតណាម ចូលរួមចំពោះបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

លទ្ធផល​រូបភាព​សម្រាប់ facebook

លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រកាសទាត់ចោលទាំងស្រុងនូវការប្រឌិតរបស់បណ្តាញព័ត៌មានក្រុមប្រឆាំងបែបនេះដែរ។

លោកបានចាត់ទុកថា ការប្រឌិតព័ត៌មានបែបនេះ គឺជាការញុះញង់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះសមាគមរបស់លោកនៅក្នុងប្រទេសកម្ពុជា។ លោកនឹងធ្វើសេចក្តីថ្លែងការណ៍មួយ ដើម្បីទាត់ចោលនូវការប្រឌិតព័ត៌មាននេះនៅថ្ងៃស្អែកផងដែរ៕

Fresh News ៖ លិខិតពីប្រជាពលរដ្ឋ ពួកសង្គមងងឹតកំពុងបង្កើតព័ត៌មានក្លែងក្លាយបំពុលសង្គម!

(ភ្នំពេញ)៖ ក្រុមសង្គមងងឹតដឹកនាំដោយទណ្ឌិត សម រង្ស៊ី កំពុងប្រើឧបាយកលទុច្ចរិតគ្រប់បែបយ៉ាងដែលខួរក្បាលអសិរពិសរបស់ ពួកគេអាចផលិតបានតែរឿង

អាក្រក់ៗស្មោគគ្រោកដើម្បីបំពុលប្រជាពលរដ្ឋខ្មែរ។ ក្នុងចំណោមឧបាយកលទុច្ចរិតជាច្រើន ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយដើម្បីប្រើជាមធ្យោបាយមួយក្នុងការ បំពេញគោលដៅដ៏ខ្មៅកខ្វក់របស់ខ្លួន។ ជាក់ស្តែងបន្ទាប់ពីបានយកព្រះមហាក្សត្រទៅលេងសើចក្នុងល្បែងបោកប្រាស់ប្រជាពលរដ្ឋ ដោយគ្មានកោតញញើតមក ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយ សម រង្ស៊ី បានបង្កើតព័ត៌មានក្លែងក្លាយមួយទៀត តាមរយៈការក្លែងបន្លំជាសមាគមវៀតណាមនៅកម្ពុជា ហើយអំពាវនាវឲ្យពលរដ្ឋវៀតណាមទៅ បោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា។ គោលដៅរបស់ក្រុម សម រង្ស៊ី ដែលប្រឌិតព័ត៌មានក្លែងក្លាយនេះឡើងគឺ៖

លទ្ធផល​រូបភាព​សម្រាប់ sam rainsy

ទី១៖ ដើម្បីបញ្ឆេះកំហឹងជាតិសាសន៍ឲ្យខ្មែរស្អប់ វៀតណាមដូចដែលពួកគេធ្លាប់បានធ្វើជាច្រើនទសវត្សរ៍មកហើយ។ ការដុតបញ្ឆេះកំហឹងពូជសាសន៍គឺជាស្នូលនៃ គោលនយោបាយរបស់ សម រង្ស៊ី ដែលបានអនុវត្តចាប់តាំងពីការបង្កើតបក្សដំបូងតាំងពីឆ្នាំ១៩៩៥ មក។ ជាគោលនយោបាយដែលពិភពលោកកំពុងស្អប់ខ្ពើមបំផុត តែវាក៍កំពុងពេញនិយមបំផុតសម្រាប់ក្រុមជ្រុលនិយមរបស់ សម រង្ស៊ី ពីព្រោះគោលបំណង ចុងក្រោយរបស់ពួកគេដែលបំផុសរឿងនេះ គឺដើម្បីឲ្យខ្មែរសម្លាប់ជនជាតិ វៀតណាមដូចពួកប៉ុលពត។

លទ្ធផល​រូបភាព​សម្រាប់ khmer vietname

ទី២៖ ដើម្បីបំផ្លាញការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ខាងមុខដូចដែល ពួកគេបាននិងកំពុងប៉ុនប៉ងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាហើយ ងាកទៅដណ្តើមអំណាចតាមរយៈ ការបង្ហូរឈាម ដូចអតីតកាលឡើងវិញពីព្រោះពួក នេះយល់ថា ការបោះឆ្នោតមិនអាចឲ្យពួកគេឈ្នះគណបក្សប្រជាជនកម្ពុជាបានឡើយដោយសារ ប្រជាពលរដ្ឋខ្មែរមិនបោះឆ្នោតឲ្យពួកគេឡើយពីព្រោះតែខ្មែរស្អប់ខ្ពើមពពួកសង្គមងងឹត ដែលមិនចេះធ្វើអ្វីដើម្បីសង្គមទាល់តែសោះ គឺចេះតែបង្ករឿង ញុះញង់ បញ្ឆេះកំហឹង។ ម្លោះហើយ បានជាក្រុម សម រង្ស៊ី នេះកំពុងតាំងខ្លួនជាសត្រូវនឹងការបោះឆ្នោត។

លទ្ធផល​រូបភាព​សម្រាប់ ២៩ កក្កដា ២០១៨

ទី៣៖ ដើម្បីពង្វក់ស្មារតី ពលរដ្ឋខ្មែរជាពិសេសយុវជន ដែលកំពុងពេញនិយមលេង ហ្វេសប៊ុកឲ្យពុលនឹងព័ត៌មានមិនពិតដែលពួកគេប្រឌិតឡើង។ គោលដៅរបស់ក្រុមនេះគឺធ្វើយ៉ាងណាកុំឲ្យយុវជនដែលជាទំពាំងស្នងឬស្ស៊ី ទទួលបានព័ត៌មានពិត ព័ត៌មានល្អៗ ដើម្បីជាគ្រឹះកសាងគំនិតវិជ្ជមានសម្រាប់ជួយសង្គមឡើយ។ ផ្ទុយទៅវិញ ពួកសង្គមងងឹតដឹកនាំដោយ សម រង្ស៊ី ពង្វក់ខួរក្បាលយុវជនឲ្យពុលនឹងព័ត៌មានអាក្រក់ដើម្បីពួកគេងាយដឹកច្រមុះ ងាយបោកប្រាស់ ឲ្យបម្រើគោលនយោបាយទុច្ចរិតរបស់ខ្លួន។

លទ្ធផល​រូបភាព​សម្រាប់ យុវជន

ទី៤៖ ដើម្បីបម្រើមហិច្ឆតាចៅហ្វាយបរទេសរបស់ពួកគេ ក្នុងការបង្កើតចលនាបដិវត្តន៍ពណ៌នៅកម្ពុជា។ ដូចយើងបានដឹងស្រាប់ ក្រុមស្ថាបនិកចលនាបដិវត្តពណ៌ចាប់យក យុវជនឈាមរាវ និងជនសង្គមងងឹតជាក្រុមគោលដៅពីព្រោះក្រុមនេះជាជន ដៃដល់ពូកែជេរប្រមាថ វាយបំផ្លាញ និងអាចបង្កអំពើហិង្សាបានគ្រប់បែបយ៉ាង។ ដូច្នេះ ពួកគេត្រូវពង្វក់ស្មារតីក្រុមគោលដៅនេះឲ្យវង្វេង លែងដឹងខុសត្រូវទើបស្រួលប្រើ។ អ្វីដែលគេបានឃើញក្នុងហ្វេសប៊ុក របស់ក្រុមនេះជាឧទាហរណ៍ស្រាប់។ គេនៅចាំបានថា សម រង្ស៊ី ធ្លាប់បានប្រើប្រាស់ពួក ញៀនថ្នាំដើម្បីធ្វើបាតុកម្មឈានទៅផ្ទុះហិង្សាវាយកម្ទេច ដុតបំផ្លាញ និងបង្កឲ្យមានអំពើហិង្សារហូតដល់មានមនុស្សស្លាប់ និងរបួសកាលពីក្រោយការ បោះឆ្នោតឆ្នាំ ២០១៣ ដែល ពួកគេយកជាការសាកល្បងសម្រេចគោលដៅបដិវត្តន៍ពណ៌។ ប៉ុន្តែគោលដៅនេះត្រូវបរាជ័យទាំងស្រុងដោយសាររាជរដ្ឋាភិបាលបានដឹងផែនការ មុន ហើយវាយបំបែកទាន់ពេលវេលា រហូតធ្វើឲ្យពួក សម រង្ស៊ី ក្លាយជាឧទ្ទាមចោរព្រៃរកដីនៅមិនបាន។

លទ្ធផល​រូបភាព​សម្រាប់ បដិវត្តន៍ពណ៌

សរុបទៅនយោបាយកខ្វក់ខ្មៅងងឹតរបស់ សម រង្ស៊ី គ្មានអ្វីជាអាថ៌កំបាំងឡើយ។ ពួកគេធ្លាប់បានអនុវត្តន៍តាំងពីច្រើនទសវត្សរ៍មកហើយ។ ឥឡូវនេះល្បិចកលរបស់ពួកគេកាន់តែ ពិសពុលជាងមុនទៅទៀត ដោយសារតែពួកគេខឹងសម្បារខ្លាំងណាស់ដែលឧបាយកលរបស់ខ្លួនត្រូវទទួលបរាជ័យជាបន្តបន្ទាប់ ស្ទើរតែទាំងស្រុងទៅហើយ។ ទោះយ៉ាងណា នេះគ្រាន់តែជាស្ថានភាពមនុស្ស ស្លឈាមតែប៉ុណ្ណោះ។ ល្បិចកលដដែលៗនេះមិនអាចធ្វើឲ្យប្រទេសនេះក្រឡាប់ចាក់ដូចដែលពួកគេប៉ងបានឡើយពីព្រោះ តែយើងមានបង្អែករឹងមាំបំផុត នោះគឺរាជរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកធានាការពារសន្តិភាព ស្ថិរភាពសង្គម ការពាររបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញនៅកម្ពុជា។

ផ្ទុយទៅវិញ ក្រុមសង្គមងងឹតនេះនឹងស្គាល់តែក្តីវិនាសងើបមុខ មិនរួចឡើយក្រោមបណ្តាសាររបស់ពលរដ្ឋខ្មែរ បណ្តាសាររបស់បារមីថែរក្សាព្រះរាជាណាចក្រកម្ពុជា និងបណ្តាសាររបស់ទេវតាថែរក្សាទ្វីបលោកទាំងមូលដែលជាអ្នកការពារអំពើល្អនៅលើផែនដីនេះ៕

ដោយ៖ ព្រឹទ្ធាចារ្យម្ចាស់ស្រុកម្នាក់

The post អាជ្ញាធរ​សង្ស័យ​ថាអតីត​ CNRP ​នៅ​ពី​ក្រោយសំណុំ​រឿង​អំពាវ​នាវ ​ឲ្យ​ពលរដ្ឋ​វៀតណាម​ទៅបោះ​ឆ្នោត appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles