ក្រោយអតីតខ្មោចសង្គ្រោះជាតិសម្រេចចូលសភាមក សត្វចម្លែកក្បាល៩ខ្លួន៣ត្រូវបានបង្កើតឡើងតាមរូបមន្ត ៤+៤+១ ហើយត្រូវបានអតីតមេបក្សប្រឆាំងស្រែកក្តែងៗថា គ.ជ.ប ដែលខ្លួនបានចូលរួមបង្កើតឡើងតាមរូបមន្តខាងលើគឺជា គ.ជ.ប ឯករាជ្យ អព្យាក្រឹត អាចទទួលយកបាន។
ឥឡូវយើងក្រឡេកមកមើលសមិទ្ធផលការងាររបស់សត្វចម្លែកក្បាល៩ខ្លួន៣ដែលបានបន្សល់ទុកជាកេរមរតដ៏ថ្លាថ្លៃមិនអាចកាត់ថ្លៃបានរបស់អតីតខ្មោចគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជាង៣លាននាក់វិញម្តង តើចម្លែកប្លែកពីស្រុកគេយ៉ាងដូចម្តេច?
នៅក្នុងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រង់មាត្រា១២០ កថាខណ្ឌទី៣ ចំនុចទី៣បានចែងយ៉ាងច្បាស់ថា៖ ត្រូវទុកជាមោឃ:សន្លឹកឆ្នោត «ដែលមានសញ្ញាដែលនាំឱ្យគេស្គាល់អ្នកបោះឆ្នោត»ដែលចំនុចនេះនៅក្នុងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលត្រូវបានតាក់តែងឡើងដោយ គ.ជ.ប បានសរសេរពង្រីកន័យសេចក្តីបន្ថែមត្រង់ចំនុច ៨.១១.២ ថា៖ សន្លឹកឆ្នោតមិនបានការ គឺជាសន្លឹកឆ្នោតដែលត្រូវបានចាត់ទុកជាមោឃៈ មាន៥ប្រភេទធំៗដែលមួយប្រភេទក្នុងចំណោមប្រាំប្រភេទនោះគឺសន្លឹកឆ្នោតដែល “មានសញ្ញានាំឱ្យគេស្គាល់អ្នកបោះឆ្នោត” ហើយនៅក្នុងបទបញ្ជានិងនីតិវិធី បានបន្តចែងលម្អិតបន្ថែមទៀតនូវលក្ខណៈនៃសន្លឹកឆ្នោតមិនបានការមួយប្រភេទនេះនៅត្រង់ចំនុច ៨.១១.២.៣ មានសេចក្តីថា៖ សន្លឹកឆ្នោតមាន«គំនូសសញ្ញា» ឬ «រូបភាពផ្សេងៗ» ដែលនាំឱ្យគេស្គាល់អត្តសញ្ញាណអ្នកបោះឆ្នោត ត្រូវបានកំណត់រួមមាន៖ សន្លឹកឆ្នោតមាន «សញ្ញាផ្សេងៗ» ត្រង់ចំនុចត្រេ(-)ទី៣ និងសន្លឹកឆ្នោតមាន «សញ្ញាដែលនាំឱ្យគេស្គាល់អត្តសញ្ញាណអ្នកបោះឆ្នោត» ត្រង់ចំនុចត្រេ(-)ទី៥។
តាមការសង្កេតតាមដានលើការងាររបស់ គ.ជ.ប កន្លងមក យើងកត់សំគាល់ឃើញថា គ.ជ.ប មានការប្រុងប្រយ័ត្នខ្លាំងណាស់លើការចេញឯកសារផ្លូវការណាមួយរបស់ខ្លួន ព្រោះខ្លាចប្រាសចាកស្មារតីច្បាប់ផង ខ្លាចខុសពីបទបញ្ជា និងនីតិវិធីផង និងខ្លាចសាធារណមតិជាតិជាពិសេសអន្តរជាតិសើចចំអកឱ្យផង។ គ.ជ.ប សុខចិត្តជ្រើសរើសយកវិធីណែនាំផ្ទៃក្នុងរបស់ខ្លួនវិញប្រសិនបើមានករណីចាំបាច់ដែលតម្រូវឱ្យ គ.ជ.ប ធ្វើការណែនាំទៅកាន់មន្ត្រីគ.ជ.ប នានា ក្រោមការទទួលខុសត្រូវរបស់ខ្លួន ឱ្យធ្វើការសម្របសម្រួលណាមួយដែលប្រាសចាកពីស្មារតីច្បាប់និងបទបញ្ជានិងនីតិវិធី តួយ៉ាងថ្មីៗនេះ គ.ជ.ប បានអះអាងថា ការគូសសញ្ញាផ្សេងក្រៅពីសញ្ញា«ធិក()» នៅក្នុងប្រអប់បួនជ្រុងទ្រវែងអាតូចក៏បាន ក្នុងប្រអប់បួនជ្រុងទ្រវែងអាធំក៏បាន គឺសុទ្ធតែអាចចាត់ទុកជាសន្លឹកឆ្នោតបានការ។
ក្រោយពីមានការផ្សព្វផ្សាយមិនផ្លូវការបែបនេះពីសំណាក់មន្ត្រី គ.ជ.ប គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រតិកម្មយ៉ាងខ្លាំងចំពោះការអនុញ្ញាតឱ្យមានការសម្រសសម្រួលយកសញ្ញាផ្សេងក្រៅពីសញ្ញា«ធិក()»នៅលើសន្លឹកឆ្នោតថាជាសន្លឹកឆ្នោតបានការ ដែលការណ៍នេះ នាំឱ្យគេអាចកំណត់បាននូវអត្តសញ្ញាណរបស់អ្នកបោះឆ្នោត ឬរបស់ក្រុមអ្នកបោះឆ្នោតដែលនឹងនាំឱ្យប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោតក៏ដូចជាការសម្ងាត់របស់អ្នកបោះឆ្នោតដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រង់មាត្រា០៥និងមាត្រា១០៦។ ការប្រតិកម្មរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនត្រឹមតែធ្វើឡើងតាមបណ្តាញសង្គមហ្វេសប៊ុកទេ ថែមទាំងតាមរយៈការដាក់លិខិតសុំជួបស្ថានទូតដូចជាស្ថានទូតជប៉ុនដែលគណបក្សបានដាក់លិខិតនិងបានជួបតំណាងទូតជប៉ុនប្រចាំនៅកម្ពុជារួចហើយកាលពីថ្ងៃទី៣១ខែឧសភាកន្លងទៅនេះ។
បន្ទាប់ពីមានការតវ៉ាយ៉ាងក្តៅគគុកពីសំណាក់សមាជិកនិងអ្នកគាំទ្រគណបក្សលើរបៀបគូសសន្លឹកឆ្នោត កាលពីថ្ងៃទី៥ ខែមិថុនា នៅលើផេក(Page) ផ្លូវការរបស់អ្នកនាំពាក្យ គ.ជ.ប បានផុស(Post) ផ្សាយអំពីរបៀបគូសសន្លឹកឆ្នោតដែលត្រឹមត្រូវដោយសរសេរថា “យើងត្រូវ (ត្រូវ) គូសសន្លឹកឆ្នោតដូចនេះ () ក្នុងប្រអប់បួនជ្រុងទ្រវែង (អាតូច) ដែលការផ្សព្វផ្សាយនេះគឺស្របតាមស្មារតីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលជាផែនទីនាំផ្លូវធ្វើការរបស់ គ.ជ.ប មិនឱ្យប្រាសចាកស្មារតីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
នៅលើផេកផ្លូវការរបស់អ្នកនាំពាក្យ គ.ជ.ប ដដែល កាលពីថ្ងៃទី៦ ខែមិថុនា គ.ជ.ប បានផុសសេចក្តីបំភ្លឺស្តីពីការគូសសញ្ញាគាំទ្រនៅលើសន្លឹកឆ្នោតដែលការបំភ្លឺនេះនៅតែស្រពិចស្រពិល មិនច្បាស់លាស់ដដែលជាដដែល ដោយ គ.ជ.ប ប្រើភាសាលើកទឹកចិត្តឱ្យអ្នកបោះឆ្នោតគូសសញ្ញាធិក () ជាសញ្ញាគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្តនៅលើសន្លឹកឆ្នោត។
ក្នុងកិច្ចការងារជាបន្តបន្ទាប់របស់ខ្លួន គ.ជ.ប បានបោះពុម្ភផ្សាយសៀវភៅមួយក្បាលមានចំណងជើងថា “សំណួរ-ចម្លើយ ស្តីពីការយល់ដឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ត្រង់ទំព័រទី២០ សំណួរទី៣៦ ដែលបានសួរថា នៅពេលបោះឆ្នោត តើមានការណែនាំពីរបៀបគូសលើសន្លឹក ឆ្នោតដែរឬទេ? ចម្លើយនៃសំណួរនេះ គឺ គ.ជ.ប បានសរសេរថា “…អ្នកត្រូវ (ត្រូវ)គូសសញ្ញាគាំទ្រ () នៅក្នុងប្រអប់បួនជ្រុងទ្រវែងនៃគណបក្សនយោបាយដែលអ្នកពេញចិត្ត។ ការណែនាំនេះ បើទោះមិនច្បាស់លាស់នូវទីតាំងដែលត្រូវគូសសញ្ញាធិក (
) ក៏ដោយ ក៏ គ.ជ.ប បានបញ្ជាក់ច្បាស់ណាស់ថាសញ្ញាធិក (
)។
ប្រតិកម្មពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅតែបន្តឡើងកំដៅឥតឈប់ ទាំងប្រមុខគណបក្ស ទាំងសមាជិក ទាំងអ្នកគាំទ្រក្នុងប្រទេសនិងក្រៅប្រទេស គឺនៅតែបន្តឡាយឬផ្សាយផ្ទាល់ នៅតែសរសេរផុស នៅតែបន្តចែកចាយ (share) យ៉ាងព្រោងព្រាតពេញតែបណ្តាញសង្គមហ្វេសប៊ុក រហូតដល់ចុងក្រោយគឺនៅថ្ងៃទី១៣ ខែមិថុនា វេលាម៉ោងប្រមាណ១១ព្រឹក នៅលើផេកអ្នកនាំពាក្យ គ.ជ.ប បានផុសក្រដាសមួយសន្លឹកដែលមានវាយត្រា របស់ស្ថាប័ន គ.ជ.ប ពណ៌ក្រហមនៅជាយខាងក្រោមផ្នែកខាងស្តាំនៃក្រដាសមួយសន្លឹកដែលមាន ចំណងជើងថា «សំណួរ-ចម្លើយ ស្តីពីការគូសសញ្ញាគាំទ្រគណបក្សនៅលើសន្លឹកឆ្នោត»ដែលសត្វសម្លែកក្បាល៩ខ្លួន៣ បានណែនាំឱ្យអ្នកបោះឆ្នោតគូសសញ្ញាអ្វីក៏បាននៅលើសន្លឹកឆ្នោត គឺសុទ្ធតែអាចយកជាបានការ។ សញ្ញាទាំងនោះមានជាអាទិ៍៖ សញ្ញា()ឬ (+) ឬ (x) ឬ (/) ឬ (\) ឬ (V) ឬ (U) ឬ (~) ជាដើម ឬសញ្ញាណាដែលគេមិនអាចស្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ លោកព្រះអើយ! សញ្ញាច្រើនបែបហ្នឹងហើយនៅចាត់ទុកថាជាសញ្ញាដែលគេមិនអាចស្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោតបានទៀត? ចុះសញ្ញាផ្សេងៗដែលនាំឱ្យគេស្គាល់អត្តសញ្ញាណអ្នកបោះឆ្នោត មានរូបរាងខុសពីសញ្ញាខាងលើទាំងនេះយ៉ាងម៉េចទៅលោកព្រះ គ.ជ.ប?
ការចេញក្រដាសមួយសន្លឹកបែបព្រហើន បែបអសីលធម៌ បែបអត់កេរ្តិ៍អត់ខ្មាស់ បែបចម្លែកខុសពីស្មារតីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ខុសពីបទបញ្ជានិងនីតិវិធី និងខុសពីឯកសារណែនាំផ្លូវការរបៀបនេះ សមណាស់ សមនឹងយើងហៅស្ថាប័នជាតិមួយនេះថាជាស្ថាប័នចម្លែក ជាសត្វសម្លែកក្បាល៩ខ្លួន៣ ដែលមិនមានទេក្នុងប្រវត្តិសាស្ត្រ គ.ជ.ប នៅលើពិភពលោក។ ពិតជាចម្លែកខ្លាំងណាស់ ព្រោះមិនដឹងឥទ្ធិពលចុះពីលើមេឃណាទេដែលបណ្តាលឱ្យ គ.ជ.ប បង្ខំចិត្តកាត់កេរ្តិ៍ កាត់ខ្មាស់ លែងគិតមុខមាត់លើឆាតជាតិនិងអត្តរជាតិអីទៀតហើយចេញក្រដាសមួយសន្លឹកដែលមិនត្រឹមតែផ្ទុយទៅនឹងស្មារតីច្បាប់ទេ ថែមទាំងផ្ទុយទៅនឹងបទញ្ជានិងនីតិវិធីក៏ដូចជាឯកសារណែនាំផ្សេងទៀតដែល គ.ជ.ប បានចេញផ្សាយរួចហើយដូចអ្វីដែលខ្ញុំបានរៀបរាប់ខាងលើ។ ចម្លែក ចម្លែក គឺពិតជាចម្លែងណាស់៕ ដោយលោក ឆឺយ ប៊ុនធឿន អគ្គលេខាធិការរងនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
The post គ.ជ.ប ក្លាយជាសត្វចម្លែក ក្បាល៩ ខ្លួន៣ ក្រោយពីខ្មោចសង្គ្រោះជាតិសម្រេចចូលសភា appeared first on Khmer Readers.