សៀមរាប ៖ តំបន់ផាប់ស្ទ្រីត ជាកន្លែងកម្សាន្តពេលរាត្រីដ៏សំខាន់ របស់អ្នកទេសចរគ្រប់ជាតិសាសន៍ ដែលក្នុងមួយយប់ៗមានអ្នកទេសចរ មិនក្រោម១ម៉ឺននាក់ បន្ទាប់ពីពួកគេទស្សនាប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិនាពេលថ្ងៃរួច ហើយតំបន់នេះមានសភាពចង្អៀត អាជ្ញាធរបានសម្រេចបញ្ឈប់ការចូលយានជំនិះគ្រប់ប្រភេទក្នុងផាប់ស្ទ្រីត។ ជាមួយគ្នានោះក៏បានរៀបចំ ចំណតចំនួនបីកន្លែងទៀតនៅក្បែរ ផាប់ស្ទ្រីត។
លោកឧត្តមសេនីយ៍ត្រី ស៊ន់ ចំណាន ស្នងការរងទទួលផែនសណ្តាប់ធ្នាប់នៃស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងថា ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរដើរកម្សាន្តពេលរាត្រីនៅតំបន់ផាប់ស្ទ្រីតនេះ អាជ្ញាធរបានចាប់ផ្តើមរៀបចំសណ្ដាប់ធ្នាប់នៅតំបន់នេះ ឲ្យកាន់តែមានភាពល្អប្រសើរ ដោយបានកំណត់មិនឲ្យយានជំនះគ្រប់ប្រភេទចូល តំបន់នេះចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង២ព្រឹក និងបានរៀបចំឲ្យមានចំណតចំនួន៣កន្លែងនៅជិតតំបន់នេះសម្រាប់ចតឲ្យមានរបៀបរៀបរយ។
លោកបន្តថា សម្រាប់ប្រជាពលរដ្ឋដែលប្រកបរបរទទួលទានតាមរទេះរុញ គឺអាជ្ញាធរបានរៀបចំឲ្យលក់នៅតាមដងផ្លូវមាត់ស្ទឹងទាំងអស់ ដោយលក្ខណៈស្មើភាពគ្នានិងមានរបៀបរៀបរយ។ ការរៀបចំសណ្ដាប់ធ្នាប់លើកនេះ គឺមានការតឹងរ៉ឹងជាងមុន ព្រោះមានសមត្ថកិច្ចចម្រុះដូចជា នគរបាលសណ្ដាប់ធ្នាប់ នគរបាលចរាចរណ៍ កងរាជអាវុធហត្ថ អាជ្ញាធរក្រុង និងខេត្តអ្នកត្រួតពិនិត្យពីលើជាប្រចាំផងដែរ។
ជាមួយចំណាត់ការនេះ អ្នករត់ម៉ូតូកង់បី នៅតំបន់ផាប់ស្ទ្រិត លោកខាត់ នាង ក៏បានសម្តែងការគាំទ្រចំពោះការរៀបចំសណ្ដាប់ធ្នាប់របស់អាជ្ញាធរនៅតំបន់នេះ។ ដោយលោកបញ្ជាក់ថា តំបន់ផាប់ស្ទ្រីតមានភ្ញៀវប្រុសស្រី ចម្រុះជាតិសាសន៍សម្រុកចូលមករកសេវាសប្បាយៗក្នុង១យប់មិនក្រោម១ម៉ឺននាក់ឡើយ។ ចឹងទេទាំងរូបលោករួមនឹង អ្នកប្រកបមុខរបរពេលយប់ ក្នុងតំបន់នេះ សាទរចំពោះការរៀបចំ រួមនឹងការហាមឃាត់រាល់យានជំនិះគ្រប់ប្រភេទចូលក្នុងតំបន់ផាប់ស្ទ្រីត៕
The post បិទយានជំនិះគ្រប់ប្រភេទ ក្នុងតំបន់ផាប់ស្ទ្រីត ចាប់ពីម៉ោង ៥ល្ងាចដល់ម៉ោង ២ទៀបភ្លឺ appeared first on Khmer Readers.