ក្នុងន័យនេះ ក្នុងការវិភាគរបស់យើង យើងបានយល់ឃើញថា គណបក្សដែលចូលរួមក្នុងការបោះឆ្នោតខាងមុខ ដែលជាបោះឆ្នោតមានត្រឹមតែ ៥ ឆ្នាំម្ដងប៉ុណ្ណោះ ប្រជាពលរដ្ឋមានសិទ្ធត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដើម្បីសម្រេចជោគវាសនា របស់ខ្លួនទៅលើអ្នកដឹកនាំ ឬនៅក្រោមកណ្ដាប់ដៃខ្លួនឯង ។
ជាក់ស្ដែងណាស់ គណបក្សនយោបាយនៅកម្ពុជា សុទ្ធសឹងតែជាគណបក្សដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និងចុះបញ្ជីរត្រឹមត្រូវ អ្វីដែលប្រជាពលរដ្ឋត្រូវធ្វើគឺតាមដាន គ្រប់គណបក្សនយោបាយ ថាតើពួកគេមានសមត្ថភាព ក្នុងការដឹកនាំប្រទេសឲ្យរីកចម្រើន ឬអន់ថយ ។
ក្នុងការជ្រើសរើសគណបក្សនយោបាយរបស់ខ្លួនពេញចិត្ត មិនមែនសម្រេចលើមេដឹកនាំល្បីឈ្មោះ ឬមាននាមជាបណ្ឌិត មកពីបរទេស ណាឡើយ គឺពឹងផ្អែកលើវិធានការ និងសិល្បៈក្នុងការសម្រេចផែនការរបស់ខ្លួន ហេតុដូចនេះគោលនយោបាយ ឬយន្ដការពិតជាសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងការសម្រេចចិត្ត ។

ក្នុងការវិភាគនេះ យើងចង់នាំអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរឲ្យងាកមកធ្វើនយោបាយដោយខ្លួនឯង ដោយតាំងខ្លួនជាកណ្ដាល និងពិសេសគឺទទួលស្គាល់ការពិតថា គណបក្សដែលគ្មានក្នុងការបោះឆ្នោតខាងមុខ គឺគណបក្សសង្គ្រោះជាតិ ដែលរលាយដោយសារតុលាការហើយនោះ ពុំមានអ្វីដែលជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋទៀតឡើយ ហេតុដូចនេះប្រជាពលរដ្ឋគួរកុំរង់ចាំការវិលត្រឡប់របស់បក្សនេះឲ្យសោះ ព្រោះអាចនឹងខកខាន និងសម្លាប់អ្នកផ្សេងទៀតក្នុងប្រទេសកម្ពុជា ដែលពួកគេខិតខំដើម្បីជាតិ ។
ផ្ទុយទៅវិញ មានតែគណបក្សពីរប៉ុណ្ណោះ ដែលអ្នកត្រូវជ្រើសរើសជាដាច់ខាត និងមាននិន្នាការនយោបាយដាច់ស្រឡះ ពីគ្នា មិនមែនរាជានិយម ហើយក៏មិនមែនប្រជាធិបតេយ្យផ្ដាច់មុខនោះឡើយ គឺម្ខាង គឺបក្សកាន់អំណាច និងម្ខាងគឺបក្សរបស់ប្រជាពលរដ្ឋ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលខ្លួនមានយន្ដការសុទ្ធសឹងតែកាត់បន្ថយអំណាចរដ្ឋទាំងស្រុង ។
គួរបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយ ៩ ចំណុចសម្រាប់អភិវឌ្ឍន៍ឃុំសង្កាត់ ដែលគោលនយោបាយនេះ បង្កើតនិងផ្លាស់ប្ដូរមួយអាណត្តិម្ដង ប៉ុន្តែមិនដែលនិយាយអំពីការផ្ដល់អំណាចដល់ប្រជាពលរដ្ឋនោះឡើយ សូមមើលរូបភាពខាងក្រោមនេះ ៖
រីឯគណបក្សដែលយើងយល់ថា ជាគណបក្សរបស់ប្រជាពលរដ្ឋ ក្រោយពីយើងបានសិក្សា នូវគោលនយោបាយ និងយន្ដការនៅក្នុងគេហទំព័រល្បីឈ្មោះរបស់ពិភពលោករួចមក គណបក្សនេះសក្ដិសមជាគណបក្សនយោបាយពិតប្រាកដ ដែលមានប្រជាពលរដ្ឋជាអ្នកតស៊ូ ក្នុងការដណ្ដើមអំណាច ដោយពួកគេមិនចង់បានអំណោយបន្ដិចបន្ដួចឡើយ គឺគេជុំគ្នាដើម្បីទៅយកអំណាចរបស់ខ្លួន ដែលអាចប្រើប្រាស់ក្នុងច្បាប់ ហើយអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនដែលបានចែង ។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានអត្តសញ្ញណចំនួន ៤ គឺ៖
១. គោលដៅ ៖ សុបិនរួមរបស់ពួកយើងគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់
ដែលត្រូវធ្វើអោយស្តែងឡើង ដោយយន្តការ៨ចំណុច។
២. ចំណុចចាប់ផ្តើម ៖ អ្វីៗទាំងអស់ត្រូវផ្តើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋ។
៣. ឥរិយាបទនយាបាយ ៖ សុទ្ធចរិតភាពជាបាតគ្រឹះដែលជាអត្តចរិកផង ដែលជាខ្លឹមសារពិតប្រាកដរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
៤. ធនធានមនុស្ស ៖ គុណសម្បត្តិរបស់បេះដូង និងគុណសម្បត្តិខួរក្បាល ជាលក្ខណមិនអាចខ្វះបានរបស់ចលនាស្នូល ។
គោលនយោបាយ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានគោលបំណងចង់ឲ្យរាស្ត្រមានអំណាចតាមរូបមន្ត: (បន្ថយអំណាចរដ្ឋ = រាស្ត្រមានអំណាច) ។ ក្នុងនោះរួមមានយន្តទាំង៨ជាគោលនយោបាយស្នូល ។
យន្តការ៨ចំណុច
លោក ខឹម វាសនា ប្រមុខបក្ស
យន្តការ៨ចំណុច និងការបកស្រាយខ្លឹមសារខ្លីៗពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បីរៀបចំសង្គមប្រជាធិបតេយ្យដែលសិទ្ធិនិងអំណាចស្ថិតក្នុង កណ្តាប់ដៃរបស់ប្រជាពលរដ្ឋ ហើយសិទ្ធិនិងអំណាចត្រូវធានាដោយ ប្រព័ន្ធមួយជាអចិន្ត្រៃយ៍ ៖
១. ត្រូវកំណត់អាណត្ដិសម្រាប់នាយករដ្ឋមន្ដ្រី (២ អាណត្ដិ)
ការកំណត់ត្រឹមពីរអាណត្តិនេះ គឺជៀសវាងកុំឲ្យនាយករដ្ឋមន្រ្តី មានឱកាសបង្កើតជាបណ្តាញខ្សែរយៈ គ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋពង្រឹងអំណាចរហូតដល់បង្កើតជា របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយម បំផ្លាញដល់ផលប្រយោជន៍ជាតិ និងប្រជាជន។
២. មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីបង្កើតក្រុមអង្គរក្សដោយខ្លួនឯង
ការ បង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សា និងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។
៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅដែលផ្ដល់ដោយរដ្ឋ
គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។
៤. ត្រូវបង្កើតតុលាការរដ្ឋបាល
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។
៥. ត្រូវសុំការទុកចិត្ដពីសភាសម្រាប់តួនាទីភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្ដមសេនីយ៍ យោធា និងនគរបាល
វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។
៦. អព្យាក្រឹត្យមន្ដ្រីរាជការ
ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំ នាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍ គណបក្ស។
៧. បោះឆ្នោតដោយផ្ទាល់ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់ដោយប្រជាពលរដ្ឋ(ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង)
គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។

៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ
ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។
ប្រភព៖ Wikipedia
The post ជម្រើស២ ក្នុងការបោះឆ្នោតខាងមុខ រវាងបក្សកាន់អំណាចជាង ៣០ឆ្នាំ និងបក្សប្រឆាំងថ្មី appeared first on Khmer Readers.