លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើការបង្ហោះនូវសំណេរ មួយដែលសមាជិកបានធ្វើការផ្ញើរសារទៅកាន់លោក ហើយបញ្ជាក់ពីទឹកចិត្តដែលចង់ឲ្យលោក ឈប់ធ្វើនយោបាយក្នុងស្រុកខ្មែរ ហើយចាប់ផ្ដើមធ្វើការងាររបស់លោកពង្រីកគំនិតទៅកាន់ពិភពលោកជាជាងការធ្វើនយោបាយ ជាមួយនឹងប្រជាពលរដ្ឋខ្មែរដែលមិនបានស្វែងយល់ពីទឹកចិត្តរបស់លោក ក្នុងការធ្វើនយោបាយស្រោចស្រង់ពួកគេ ។
ទន្ទឹមនឹងនេះ សមាជិកគណបក្សសម្ព័ន្ធជាច្រើនបានធ្វើការ Comment បន្ដបន្ទាប់គ្នា ដោយបញ្ជាក់ពីទឹកចិត្តដូចៗគ្នា ក្នុងការជម្រុញឲ្យលោក ខឹម វាសនា ដែលជាប្រមុខរបស់ខ្លួន ឈប់ធ្វើនយោបាយក្នុងស្រុកខ្មែរដូចគ្នា ហើយបន្ដធ្វើដំណើរទៅកាន់ពិភពលោក ដោយបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា មិនសក្ដិសមនឹងការជួយរបស់លោក ឡើយ ។
គួរបញ្ជាក់ផងដែរថា លោក ខឹម វាសនា បានសម្រេចចិត្តមិនឈរឈ្មោះឡើយ ក្នុងឆ្នាំ២០១៨នេះ ដោយលោកនឹងធ្វើដំណើរទៅកាន់ប្រទេសកាណាដា ដើម្បីធ្វើការងាររបស់លោកដែលនៅសេសសល់ចុងក្រោយនៃជីវិតរបស់លោក ។
សូមអានសំណេរដែលសរសេរផ្ញើរសារទៅកាន់លោក ខឹម វាសនា ខាងក្រោមនេះ ៖
ជាសំនេរ ដែលចាក់ទំលុះបេះដូងពូៈ មនុស្សច្រើនណាស់មើលឃើញត្រឹមថាពូជាអ្នកនយោបាយម្នាក់ តែធាតុពិតនៃធម្មជាតិរបស់ពូ គឺពូជាពូ មនុស្សច្រើនណាស់ មិនស្គាល់ពូទេ គេមើលចិត្តពូមិនយល់ទេ តែធម្មជាតិជាពូរុញពូអោយមានអារម្មណ៍ដោយធម្មជាតិក្នុងដំណើរការងារក្នុងភាពជាពូ។ ក្មួយប្រុសពូយល់ពីពូបានល្អណាស់ ហេតុនេះហើយបានជាអានសំណេរក្មួយបណ្តើរឆួលអារម្មណ៍បណ្តើរ។
លោកពូរបស់ក្មួយ! មនុស្សដែលពួកគេមើលឃើញលោកពូត្រឹមជាអ្នកនយោបាយ ពួកគេអាចមិនអស់ចិត្ត ពួកគេអាចនៅមានមន្ទិលក្នុងចិត្តថា ហេតុអ្វីពូសម្រេចចិត្តមិនឈរឈ្មោះបន្តទៅទៀតនោះ ព្រោះជាអ្នកនយោបាយ ការបូជាជីវិតដើម្បីជាតិមាតុភូមិរបស់គេ វាគឺជាវត្ថុបំណងដ៏ធំបំផុតក្នុងជីវិតរបស់គេ រឿងអ្វីដែលគេគេចវេសឬឈប់ត្រឹមពាក់កណ្ដាលទីទៅកើតនោះ នេះសម្រាប់អ្នកនយោបាយ។
តែលោកពូរបស់ពួកក្មួយៗ លោកពូទៅហួសដាច់អាល័យពីពួកអ្នកនយោបាយ លោកពូជាទស្សនះវិទូរ ដែលជាប្រភេទមនុស្សកម្របំផុតក្នុងលោក ដែលការងាររបស់ពួកលោកពុំបានជាប់ជំពាក់ត្រឹមពូជសាសន៍ ឬជនជាតិកំនើតខ្លួននោះទេ។ ការងាររបស់ពួកលោកអ្នកប្រាជ្ញ លោកទស្សនះវិទូរទាំងឡាយ ដែលត្រូវបានគេចាត់ទុកថាជាកំពូលមនុស្សក្នុងលោកនោះ គឺពួកលោកសុទ្ធសឹងតែបានធ្វើការដើម្បីបម្រើដល់មនុស្សជាតិទាំងមូល នេះហើយជាតំលៃនៃការងាររបស់ពួកលោក ហើយពួកលោកដឹងច្បាស់ក្នុងចិត្តខ្លួនច្បាស់ណាស់អំពីរឿងនេះ។
ហេតុដូចច្នេះហើយ ព្រោះតែដំនើរនៃការចាប់ផ្ដើមជួយមនុស្សរបស់លោកពូដែលចាប់ផ្ដើមពីប្រទេសកំនើតរបស់ខ្លួន តាមរយះការធ្វើនយោបាយនោះ គឺពួកគេបានមើលឃើញថា ពូគឺជាអ្នកនយោបាយ តែភាពជាពូគឺវាទៅហួសពីអ្នកនយោបាយ ពូគឺជាអ្នកប្រាជ្ញទស្សនះ ជាទស្សនះវិទូរ។
ថ្វីត្បិតតែពូបានក្លាយជាអ្នកនយោបាយអស់រយះពេលជាង១០ឆ្នាំក៏ពិតមែន ព្រោះតែដំនើរក្នុងការជួយបំភ្លឺផ្លូវមនុស្ស ដោយពូបានចាប់ផ្ដើមវាពីទឹកដីកំនើតរបស់ខ្លួន ព្រោះវាជាការទទួលខុសត្រូវផងរបស់ពូ តែភាពជាអ្នកប្រាជ្ញទស្សនះ ជាទស្សនះវិទូរបស់ពូ ពុំត្រូវបានធ្វើអោយប្រែប្រួល ឬបាត់បង់ដោយសារតែពូបានក្លាយជាអ្នកនយោបាយឡើយ តែភាពជាអ្នកប្រាជ្ញទស្សនះ ជាទស្សនះវិទូររបស់ពូនោះទៅវិញទេ ដែលតែងតែមាននៅជាប់ជាមួយនិងពូជានិច្ចកាល ទោះលោកពូត្រូវបានគេហៅថាជាអ្នកនយោបាយក៏ដោយនោះ។
ហេតុដូចច្នេះហើយ ទោះជាបានក្លាយជាអ្នកនយោបាយអស់ពេលជាង១០ឆ្នាំក៏ដោយ ក៏ការងាររបស់លោកពូ ពុំមែនត្រឹមជាការងារនៃអ្នកនយោបាយដែរ តែជាការងារនៃអ្នកប្រាជ្ញ នៃទស្សនះវិទូរគឺការជួយតម្រែតម្រង់ផ្លូវមនុស្សនោះឯង ហើយព្រោះតែបែបនេះឯង ដែលពេលវាលាមកដល់ ពេលវាលាដែលពូគិតថាវាគ្រប់គ្រាន់ហើយសម្រាប់ទីកន្លែងមួយនេះ ពូពិតជានឹងធ្វើដំនើរទៅទីកន្លែងផ្សេងៗដើម្បីបន្តនូវការងារជួយមនុស្សគឺបំភ្លឺផ្លូវទៅដល់ពួកគេបន្តទៀត ព្រោះវាគឺជាការងាររបស់អ្នកប្រាជ្ញទាំងឡាយ ដែលព្រោះតែការងាររបស់ពួកលោកនេះហើយ ដែលក្នុងកំនើតរបស់ពួកលោកម្នាក់ៗ បានបង្កើតជាប្រវត្តិសាស្រ្តនិងការផ្លាស់ប្ដូរដ៏សំខាន់ៗសម្រាប់ពិភពលោកទាំងមូល។
ក្មួយពិតជា ស្តាយជំនួសពលរដ្ឋខ្មែរ ដែលពួកគេទទួលបានឱកាសដ៏កម្រមួយ ដែលពលដ្ឋនៃប្រទេសផ្សេងពួកគេពុំទាន់បានទទួលឱកាសនេះនៅឡើយនោះ គឺការរស់នៅក្រោយការដឹកនាំនៃអ្នកប្រាជ្ញទស្សនះ ឬទស្សនះវិទូរ ដែលមានតែពេលអ្នកប្រាជ្ញទស្សនះ ឬទស្សនះវិទូរបានក្លាយជាអ្នកដឹកនាំប្រទេសប៉ុនណ្ណោះ ទើបពលរដ្ឋនៃប្រទេសនោះអាចទៅដល់ជម្រៅនៃការរស់នៅក្នុងភាពសុខសាន្ត និងភាពកក់ក្ដៅនៃជីវិតបាន ដែលវាខុសពីអ្នកនយោបាយ ដែលពួកគេអាចត្រឹមដឹកនាំពលរដ្ឋនៃប្រទេសនោះទៅរកការរស់នៅក្នុងជម្រៅនៃភាពមានបាន ឬភាពរីកចំរើនតែប៉ុនណ្ណោះ។
តែបើមនុស្សខ្មែរនៅតែបែបនេះ ពួកគេក៏ពុំសមទទួលបាននូវការបម្រើពីមនុស្សអស្ចារ្យដូចជាលោកពូដែរ ពួកគេបានទទួលឱកាសដ៏កម្រមួយ ដែលពលរដ្ឋនៃជាតិសាសន៍ដទៃទៀតពុំទាន់មានឱកាសបែបនេះនៅឡើយ តែពួកគេបែរជាធ្វើអោយឱកាសដ៏កម្រនេះរសាត់បាត់ទៅវិញ វាគឺជារឿងអភព្វមួយរបស់ពួកគេ។
ជាចុងក្រោយ ក្មួយពិតជាអគុណពូណាស់! ពួកក្មួយៗពិតជាមានសំណាងណាស់ដែលបានកើតទាន់ជំនាន់ពូ ជំនាន់អ្នកប្រាជ្ញ ដែលមានតែជំនាន់នៃអ្នកប្រាជ្ញ ឬអ្នកត្រាស់ដឹងតែប៉ុនណ្ណោះ ដែលមនុស្សជាតិនិងទទួលបាននូវពន្លឺនៃជីវិត ពន្លឺនៃការរស់នៅដ៏ត្រឹមត្រូវក្នុងជីវិតរបស់ពួកគេ។
សូមលោកពូមានសុខសុវត្ថិភាពតាមផ្លូវគ្រប់ទីកន្លែងដែលពូធ្វើដំនើរទៅ!
សូមអាន Comment ដែលអ្នកគាំទ្រធ្វើការ Comment តៗគ្នា ដែលបញ្ជាក់ថា ចង់ឲ្យប្រមុខ LDP ម្នាក់នេះ ចាកចេញពីស្រុកខ្មែរ ទៅពង្រីកគំនិតនៅបរទេស ៖
ប្រភព៖ Facebook Veasna Khem
The post សមាជិក LDP គាំទ្រលោក ខឹមវាសនា ឈប់ធ្វើនយោបាយ ជាមួយប្រជាពលរដ្ឋខ្មែរ appeared first on Khmer Readers.