ថ្ងៃទី០២ មេសា ២០១៨ ភ្នំពេញ៖ កន្លងមក ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា កញ្ញា ធី សុវណ្ណថា ដែលជាអ្នកនយបាយវ័យក្មេង ធ្លាប់មានបញ្ហារាប់រយមកហើយ ហើយកញ្ញាក៏ធ្លាប់បានដោះស្រាយបញ្ហាទាំងនោះបានទាំងអស់ ទាំងបញ្ហាធំ និងតូច។ ជាពិសេស កញ្ញា ធី សុវណ្ណថា ក៏ជាមនុស្សដែលមានសន្ដានចិត្ត អធ្យាស្រ័យ ទៅដល់ដៃគូជម្លោះជារឿយៗ ប្រកបដោយភាពយោគយល់ និងគុណធម៌ ប៉ុន្តែ ពាក្យចាស់ពោលថា ការការអធ្យាស្រ័យរបស់មនុស្ស មានដែនកំណត់ ។
ក្រោយកញ្ញា ធី សុវណ្ណថា បានប្រកាសថា នឹងមិនលើកលែងចំពោះជនដែលព្យាយាម យាយី លើកញ្ញានោះ ពេលនេះ ព្រះរាជអាជ្ញា បានសម្រេចតាមពាក្យបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ដាក់ឃុំខ្លួនលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ដែលជាម្ចាស់គណនីបណ្ដាញទំនាក់ទំនងសង្គម (Facebook) ឈ្មោះ William Guang បានបង្ហោះរូបភាព ភ្ជាប់ជាមួយនិងការសរសេរបរិហារទៅលើកញ្ញា ធី សុវណ្ណថា ជាដើមបណ្ដឹងរដ្ឋប្បវេណី ថា «ជាបីសាច, ជាមនុស្សអស់តម្លៃ, ជាសិស្សគេចពីការប្រឡង» និងមានការគម្រាម ក្នុងចេតនាឱ្យមានការរើសអើង និង ញុះញង់ឱ្យមានការប្រព្រិត្តបទល្មើសមកលើកញ្ញា ធី សុវណ្ណថា ផងដែរ ។
បើយោងតាម លោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ បានអោយដឹងថា អំពើដែលលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ជាបទល្មើស បរិហារកេរិ៍្ដសាធារណៈ និងបទ ញុះញង់ឱ្យមានការរើសអើង ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីពាក់កណ្ដាលឆ្នាំ២០១៦ តាមបញ្ញតិ្តមាត្រាលេខ ៣០៥, ៤៩៦ នេះក្រមព្រហ្មទណ្ឌ ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ កញ្ញា ធី សុវណ្ណថា បានធ្វើការសរសេរ នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook Page ផ្លូវការរបស់ខ្លួនថា «លោកជេរខ្ញុំ៤ឆ្នាំ ខ្ញុំអធ្យាស្រ័យឲ្យលោក លោកនៅតែតាមប្រមាថជេរខ្ញុំ ដាក់ពាក្យប្តឹងខ្ញុំ ខ្ញុំនៅតែអាណិត និងបន្តអធ្យាស្រ័យឲ្យលោក ថ្មីៗនេះ លោកជំរុញនិតិវិធីច្បាប់ ឲ្យកោះហៅខ្ញុំការអធ្យាស្រ័យអត់ធ្មត់ខ្ញុំ ដល់ដែនកំណត់ហើយ បើលោកជាប់គុក រឺរត់ចោលស្រុក កុំបន្ទោសខ្ញុំ…»។ ចំពោះពាក្យសម្ដីទាំងនេះផងដែរ បានធ្វើអោយមានការឆ្ងល់ជាច្រើនពី ប្រជាពលរដ្ឋថា «តើកញ្ញា ធី សុវណ្ណថា នបញ្ហាអ្វី ទើបពោលពាក្យបែបនេះ?» ៕
ប្រភព៖ TV Online Today
The post ព្រះរាជអាជ្ញា សម្រេចដាក់ឲ្យឃុំខ្លួន William Guang តាមបណ្ដឹង ធី សុវណ្ណថា appeared first on Khmer Readers.