លោកយាយជាម្ចាស់ស្នាដៃរបាំស្វា និងជាអតីតដៃគូចម្រៀង ស៊ីន ស៊ីសាមុត បានទទួលមរណភាពហើយ
ភ្នំពេញ: ក្នុងវ័យ ៧៧ ឆ្នាំ លោកយាយ ស៊ីន សាម៉ាដឹកឆូ ត្រូវបានមជ្ឈដ្ឋានទូទៅស្គាល់ច្បាស់ថា ជាព្រឹទ្ធាចារ្យរបាំបុរាណ ពិសេសមនុស្សវ័យចំណាស់ ក៏នៅចង់ចាំប្រវត្តិវីរៈសិល្បការិនី លើទម្រង់សិល្បៈបុរាណ ដែលទើបទទួលមរណភាពរូបនេះ ខណៈលោកយាយបានរស់នៅធំធាត់កើនចំណេះសិល្បៈនៅក្នុងវាំង ក្រោមទឹកព្រះន័យសណ្តោសពីព្រះបាទ នរោត្តមសីហនុ។
ក្នុងក្តីតក់ស្តុត កូនស្រីព្រឹទ្ធាចារ្យសិល្បៈបុរាណ ដែលឆ្លៀតពីវិនាទីខ្លី បង្ហើបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅរសៀលនេះថា៖ «ម្តាយរបស់ខ្ញុំ ស៊ិន សាម៉ាដឹកឆូ ទើបនឹងទទួលមរណភាពម៉ិញៗនេះ ហើយសពនិងយកទៅតម្កល់ធ្វើបុណ្យនៅវត្ត ទួលអស់លោក នៅឫស្សីកែវ»។
តែយ៉ាងណា ក្រុមគ្រួសារ និងកូនៗដែលស្ថិតក្នុងក្តីសោកសៅនេះ មិនទាន់អាចផ្តល់បទសម្ភាសលម្អិតពីអាការៈព្រឹទ្ធាចារ្យសិល្បៈបុរាណ ពីដំណើរជីវិតមុនវិនាទីលោកយាយមរណៈភាពនេះទេ ខណៈអ្នកសិល្បៈក៏បានបង្ហើបថា លោកយាយ មានជំងឺជរា ឈឺច្រើនឆ្នាំហើយ ដែលទើបតែ នឹងថ្ងៃ ទី២២ ធ្នូនេះ លោកយាយក៏លាកូនចៅទៅក្នុងអាយុប្រមាណជាជិត ៨០ ឆ្នាំ។

លោកយាយ ស៊ីន សាម៉ាដឹក ឆូ ដែលជាគ្រូធំបង្ហាត់របាំព្រះរាជទ្រព្យនៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ (RUFA) កើតឆ្នាំ ១៩៤០ និងក្លាយជានាដការបាំព្រះរាជទ្រព្យប្រចាំព្រះបរមរាជវាំងតាំងពីពេញវ័យរហូតសម័យស្រុកកើតសង្គ្រាមរបបខ្មែរក្រហម។
បន្ទាប់ពីរួចជីវិតផុតអំពីយុគសម័យងងឹតនោះមក ក៏នៅតែជំរុញឲ្យលោកយាយ ស៊ីនសាម៉ាដឹកឆូ មានបេះដូង និងទឹកចិត្តស្រឡាញ់នូវរបាំបុរាណដដែលគឺបានបន្តអាជីពជាគ្រូបង្ហាត់របាំព្រះរាជទ្រព្យដល់មានវ័យចាស់ជរានៅត្រឹមឆ្នាំ ២០១៤ នាពេលលោកយាយ មានជំងឺសន្លាក់ឆ្អឹង ឡើងហើមជង្គង់ ដើរលែងបាន និងខកខានបង្ហាត់បង្រៀនរបាំ។
លទ្ធភាពក្នុងការព្យាបាលបន្តជីវិត
ទោះបីជាកូនស្រីតែមួយគ្មានលទ្ធភាពអាចនាំយកម្តាយ ទៅរកសេវាកម្មព្យាបាលនៅក្រៅប្រទេសក្តី តែសម្រាប់ការខ្នះខ្នែងរកសេវាកម្មពេទ្យ ក្នុងស្រុកខ្មែរដើម្បីព្យាបាលម្តាយនោះគឺ អ្នកស្រី តាន់ សុម៉ាលី ដែលជាកូនស្រីតែម្នាក់ បានប្រើអស់លទ្ធភាពហើយនាអំឡុងពេលអ្នកមានជំងឺក្រាបនឹងកន្ទេលប្រមាណបីបួនឆ្នាំនេះ។

អ្នកស្រី តាន់ សុម៉ាលី ជាកូនស្រីទោលលោក យាយ ស៊ីន សាម៉ាដឹកឆូ និងស្វាមីលោកតា តាន់ ប៊ុនហេង ចែកឋាននៅសម័យប៉ុលពតនោះ ក៏ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីខែសីហា ឆ្នាំ ២០១៧ គ្រាម្ដាយមិនទាន់ផុតដង្ហើមថា៖ «សព្វថ្ងៃនេះ គាត់នៅតែសម្រាកនឹងកន្ទេល មិនអាចក្រោករួចទេ ខណៈការព្យាបាលនោះ ក៏បានប្រឹងប្រែងអស់លទ្ធភាពខ្លួនទៅហើយដែរ។ ម្យ៉ាងទៀត បើទោះជាចង់រកសេវាកម្មទៅព្យាបាលនៅក្រៅប្រទេសវិញ កុំថាចង់ទៅដល់ពេទ្យក្រុងបាងកកនោះ សូម្បីតែពេទ្យនៅត្រឹមតែខេត្តសុរិន្ទជាប់ខ្មែរក៏ពិបាកដែរ ព្រោះថាយើងបានប្រើប្រាស់ធនធានព្យាបាលគាត់មួយរយៈមុននេះអស់ហើយ!»។
បំណងប្រាថ្នាមុនផុតដង្ហើម
ស្ថិតក្នុងវ័យ ៧៧ ឆ្នាំ រាងកាយគ្របដណ្ដប់ដោយស្បែកជ្រួញស្វិត គេងលើកន្ទេល កែវភ្នែកមមៃគិត ដួងចិត្តក្តុកក្តួលមិនអស់អាល័យទៅនឹងការបង្ហាត់របាំបុរាណឆ្លងកាត់បទពិសោធរាប់សិបឆ្នាំ តែចាប់ពីធ្លាក់ខ្លួនឈឺដើរលែងរួចដោយសារជំងឺពុកឆ្អឹងរ៉ាំរ៉ៃតាំងពីឆ្នាំ ២០១៤ មកក្តី នាដការបាំព្រះរាជទ្រព្យ ស៊ីន សាម៉ាដឹកឆូ ពេលមិនទាន់ផុតដង្ហើម នៅតែបានបង្ហាញឆន្ទៈបន្តចង់ចូលរួមលើកស្ទួយវិស័យសិល្បៈមួយនេះ ជាមួយកូនខ្មែរជាពន្លកសិល្បៈជំនាន់ក្រោយដដែល។

អ្នកគ្រូធ្លាប់បាននិយាយប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំលួចទៅរៀនអក្សរ ពីព្រោះខ្ញុំចង់ចេះចង់ដឹងនឹងគេ តែម្តាយមិនព្រមគាត់ក៏វាយខ្ញុំ។ ដល់ខ្ញុំនៅតែឆ្លៀតទៅរៀន គាត់ក៏កោរសក់ខ្ញុំមួយចំហៀងក្បាលឲ្យខ្ញុំខ្មាសគេឈប់ទៅរៀន តែសំណាងល្អដែលបានព្រះករុណាទ្រង់មានព្រះទ័យករុណា ទ្រង់ក៏ជួលគ្រូមកបង្រៀនអក្សរខ្ញុំដល់ព្រះរាជវាំង»។
គួរបញ្ជាក់ថា ក្នុងសម័យនោះស្ត្រីមិនត្រូវបានលើកទឹកចិត្តឲ្យរៀន អក្សរឡើយ។ អ្នកគ្រូមិនត្រឹមតែបានរៀនអក្សរប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានរៀននូវចំណេះវិជ្ជាជាច្រើនទៀត ដូចជាគុនដំបង តេក្វាន់ដូ យូដូ ការ៉ាតេដូ និងមានទេពកោសល្យក្នុងការដាំស្លព្រះស្ងោយថ្វាយព្រះមហាក្សត្រដោយផ្ទាល់ទៀតផង។
អ្នកគ្រូ ឆូ រៀបរាប់ថា៖ «អ្នកធម្មតា មិនដឹងទេថា ខ្ញុំចេះអ្វីទេ ពីព្រោះម្នាក់ៗចូលចិត្តលាក់តម្រិះខ្លួនណាស់ខ្ញុំក៏មិនដែលប្រាប់គេដែរ ហើយតែងតែលួចហាត់គុនទាំងនេះដោយសម្ងាត់ម្នាក់ឯងជាមួយលោកគ្រូធំៗ ដោយមានរៀបបាយសីជូនលោកទាំងអស់»៕
រាយការណ៍បន្ថែមដោយ ប៉ាន់ រិទ្ធា
The post តារាចម្រៀង របាំខ្មែរ ស្លាប់ សង្ឃឹមថា Facebook ខ្លះនឹងប្ដូររូប ដូចតួរកូរ៉េស្លាប់ថ្មីៗ appeared first on Khmer Readers.