Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោក ខឹម វាសនា ថាបណ្ដេញមនុស្សអាក្រក់ក្នុង LDP គ្មានស្ទាក់ស្ទើរ និងមិនខ្វល់ការវាយប្រហារឡើយ

$
0
0

លោកប្រមុខ LDP លោក ខឹម វាសនា បានសរសេរសារយ៉ាងវែង ដោយលោកបានប្រាប់ថា អ្វីដែលជារបស់ LDP លោកបានដឹងច្បាស់ណាស់ ហើយអ្វីដែលត្រូវដោះស្រាយក៏លោកបានដឹងច្បាស់លាស់ផងដែរ ។ លោកបានបញ្ចេញទស្សនៈពាក់ព័ន្ធទៅនឹងការដោះស្រាយបញ្ហា និងបានអនុវត្តន៍ វាភ្លាមៗបន្ទាប់ពីមានរឿងហេតុនៅបាត់ដំបង ដោយលោកបានធ្វើការបញ្ចេញចោល នូវបុគ្គលទាំងនោះ (តាមពិតពួកគេចេញដោយខ្លួនគេ) ដោយគ្មានចិត្តស្ទាក់ស្ទើរសោះឡើយ ហើយលោកបានសរសេរបន្ដទៀតថា លោកមិនបានខ្វល់ខ្វាយទៅនឹងរឿងអ្នកវាយប្រហារលោកនោះទេ ផ្ទុយទៅវិញលោកបាននិយាយថា ការធ្វើការងារដើម្បីប្រយោជន៍ប្រជាពលរដ្ឋ មិនត្រូវទុកឲ្យមានបុគ្គលអាក្រក់ណាមួយកាន់ការងាររបស់ LDP នោះទេ សូមអានការបកស្រាយរបស់លោក ខឹម វាសនា ដូចតទៅ ៖

LDP មានអ្វីដែលជារបស់ខ្លួនច្បាស់លាស់ណាស់ ហើយយើងក៏ស្គាល់របស់ដែលយើងមាននោះយ៉ាងច្បាស់លាស់ដែរ។ យើងស្គាល់ប្រភពនាំអោយកើតបញ្ហាយ៉ាងច្បាស់លាស់ យើងក៏ស្គាល់ទស្សនៈក្នុងការដោះស្រាយបញ្ហានោះយ៉ាងច្បាស់លាស់ដែរ។ ព្រមពេលជាមួយគ្នានេះ យើងក៏ស្គាល់ចំណុចចាប់ផ្តើមដោះស្រាយបញ្ហាទាំងនោះយ៉ាងប្រាកដក្នុងចិត្ត ហើយជាបន្ទាប់មកយើងក៏ស្គាល់ លក្ខណៈនៃធនធានមនុស្សដែលត្រូវយកមកដោះស្រាយបញ្ហា និងឥរិយាបទនយោបាយយ៉ាងប្រាកដប្រជា ដែលជាហេតុនាំអោយយើងមិនដែលវង្វេងផ្លូវដោយខ្លួនឯង ឬដោយគេអូសទាញអោយវង្វេងម្តងណាឡើយ។ LDP មានអ្វីដែលជារបស់ខ្លួនយ៉ាងប្រាកដប្រជាណាស់ ហើយយើងក៏ដឹងដែរថាព្រោះតែភាពច្បាស់លាស់និងការស្គាល់ច្បាស់នូវភាពច្បាស់លាស់នេះហើយ ដែល LDP ឈរយ៉ាងរឹងមាំតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះ។

ដោយឈរលើភាពសុច្ចរិតទៀងត្រង់ដែលជាបាតគ្រឹះនៃគ្រប់សកម្មភាព និងការសំរេចចិត្តរបស់ខ្លួននេះហើយ ដែលការសំរេចចិត្តបញ្ចេញចោលនូវសមាជិកណាមួយ ឬច្រើននាក់យ៉ាងណាក៏ដោយ យើងមិនដែលខ្វល់ខ្វាយនឹងការវាយប្រហាររបស់សត្រូវនៃ LDP ដែលចោទថា មនុស្សសំខាន់ៗក្នុង LDP គេចេញចោល LDP អស់ហើយនោះសោះឡើយ។

សំរាប់ការសំរេចដោយឈរលើគោលការណ៍ត្រឹមត្រូវ ចេញ ឬបញ្ចេញចោលប៉ុន្មាននាក់ ហើយមនុស្សនោះមានអតីតភាពយូរ ឬជាមនុស្សសំខាន់ក្នុង LDP យ៉ាងណាក៏ដោយ ពួកយើង LDP មិនចាត់ទុកថានោះគឺជាមូលដ្ឋានក្នុងការសំរេចចិត្តថាត្រូវបញ្ចេញចោល ឬទុកនៅបន្តក្នុង LDP តទៅទៀតឡើយ គឺរាល់ការសំរេចចិត្តរបស់យើងផ្អែកទៅលើតែថាតើ មនុស្សទាំងនោះមានសណ្តានអាក្រក់ដែលយើងបានរកឃើញថាគួរបញ្ចេញចោលឬអត់តែប៉ុណ្ណោះ។ ទោះការបញ្ចេញចោលក្នុងចំនួនប៉ុណ្ណា មនុស្សនោះធ្លាប់មានមុខនាទីក្នុង LDP សំខាន់ប៉ុណ្ណា នោះមិនមែនជាមូលដ្ឋាននៃការសំរេចដែលមានបាតគ្រឹះសុច្ចរិតឡើយ តែបើយើងយល់ឃើញថាមនុស្សនេះមិនល្អ មិនសមនឹងនៅបន្តកាន់ការក្នុង LDP តទៅទៀតទេហើយ យើងអត់មានការស្ទាក់ស្ទើរក្នុងការបញ្ចេញចោលឡើយ អ្នកណាគេថា គេវាយប្រហារអីក៏វាយទៅ។ នេះហើយជា LDP ដែលពីអតីតកាលក៏បែបហ្នឹង បច្ចុប្បន្នក៏អញ្ចឹង ហើយទៅអនាគតក៏នៅតែដដែលហ្នឹង។ នេះជាហេតុដែលធ្វើអោយ LDP មានលក្ខណៈដាច់ដោយឡែកពីបក្សផ្សេងៗទៀត ហើយវាក៏ជាហេតុដែលធ្វើអោយ LDP អាចឈរយ៉ាងរឹងមាំតាំងពីអតីតកាលនិងបច្ចុប្បន្ននេះ ព្រមទាំងទៅអនាគតផងដែរ។

អ្នកដែល LDP បានបញ្ចេញចោលទាំងមុនទាំងក្រោយ គេខំប្រមូលផ្តុំគ្នាដើម្បីបង្ហាញថា ពួកគេមានគ្នីមានគ្នាច្រើន ដែលមនុស្សដែលផ្តុំគ្នាទាំងនោះ ខ្លះពីមុនមិនទាន់ត្រូវ LDP បញ្ចេញចោល ពួកគេធ្លាប់ជាសត្រូវនឹងគ្នាទៀតផង តែដោយសារពួកគេមានសត្រូវរួមគ្នា គឺកំហឹងដូចគ្នាព្រោះ LDP បញ្ចេញពួកគេចោល ពួកគេក៏ផ្តុំក្បាលគ្នាទៅដើម្បីបានជាកំលាំងវាយបកមក LDP វិញ។

គួរអោយអស់សំណើចនិងអាសូរពួកគេទាំងនោះណាស់ ដោយសារគំនុំ និងភាពអាម៉ាស់ចំពោះ LDP មានសភាពធំធេងក្នុងចិត្តរបស់ពួកគេខ្លាំងហួសពេកទៅ ពួកគេត្រូវបាំងដោយគំនុំនិងកំហឹងនោះ ដោយមើលមិនឃើញថា ការផ្គុំក្បាលគ្នានៃក្រុមមនុស្សអត់តំលៃទាំងនោះមិនបានជួយក្រុមពួកគេអ្វីបន្តិចសោះ ផ្ទុយទៅវិញវាគ្រាន់តែនាំភាពអាក្រក់អោយក្រុមពួកគេកាន់តែខ្លាំង បំផ្លាញខ្លួនពួកគេកាន់តែខ្លាំងតែប៉ុណ្ណោះ ហើយដែលអ្នកមានមូលដ្ឋានគិតពីក្រិតក្រមសត្យានុម័តជ្រៅ មើលឃើញយ៉ាងច្បាស់នូវភាពមហន្តរាយកំពុងរង់ចាំពួកគេទាំងនោះយ៉ាងច្បាស់ដោយមិនអាចអោយពួកគេគេចទៅណារួចពីភាពមហន្តរាយនោះរួចឡើយ។ ក្រុមមេដឹកនាំល្ងង់ៗសំបូរដោយភាពអំនួត ហើយពេញពោរដោយកំហឹងពីការបាក់មុខ និងអោយយោបល់ដោយអាម៉ីអាថោងល្ងិតៗដែលអោយយោបល់ទៅក្រុមមេដឹកនាំពួកគេ ដោយផ្អែកលើប្រយោជន៍ផ្ទាល់ខ្លួនទៅទៀត។ ដូច្នេះលទ្ធផលវាមុខតែទាំងអស់គ្នាធ្លាក់ចូលក្នុងក្តីមហន្តរាយដោយជៀសមិនរួចឡើយ៕

ប្រភព៖ Page Khem Veasna នៅលើ Facebook

The post លោក ខឹម វាសនា ថាបណ្ដេញមនុស្សអាក្រក់ក្នុង LDP គ្មានស្ទាក់ស្ទើរ និងមិនខ្វល់ការវាយប្រហារឡើយ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles