ពាក់ព័ន្ធទៅនឹងការបកស្រាយសារនយោបាយមួយខ្លី លោកប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP លោក ខឹម វាសនា បានធ្វើការបកស្រាយពាក់ព័ន្ធទៅនឹងការសម្អាតក្រុម ដែលកើតមានឡើងនៅក្នុងខេត្តបាត់ដំបង ដែលប្រធានថ្នាក់ដឹកនាំខេត្តប្រព្រឹត្តិរឿងអាស្រូវក្នុងបក្ស និងក្បត់ទំនុកចិត្តបក្សខ្លួន ព្រមទាំងធ្វើការបោកប្រាសលុយសមាជិកបក្សរាប់សិបម៉ឺនដុល្លារ ។ នេះបើតាមលោកប្រមុខ ខឹម វាសនា បកស្រាយកន្លងទៅ ដោយលោកមិនបានបញ្ចេញឈ្មោះអ្នកណាខ្លះនោះទេ តែតាមពិតគឺមានបុគ្គលជាច្រើនដែលធ្វើការជាថ្នាក់ដឹកនាំខេត្ត ដែលដឹកនាំដោយ ប៊ុត សៀកនេ ។
លោកបានបកស្រាយថា LDP ដាច់ខាតត្រូវតែបោសសម្អាតក្រុមដើម្បីឲ្យក្រុម និងបក្សមានសុខភាពល្អ ដោយមិនបណ្ដោយឲ្យមានភាពទន់ខ្សោយក្នុងបក្សជាដាច់ខាត ដើម្បីធ្វើប្រយោជន៍ទៅកាន់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព មិនដូច្នោះទេ បក្សនឹងមិនអាចឈរជើងក្នុងឆាកនយោបាយបានយូរនោះទេ ព្រោះប្រជាពលរដ្ឋខ្មែរចូលរួមក្នុងបក្សនេះ មានទំនុកចិត្តយ៉ាងខ្លាំងទៅលើការឈរជើងរបស់ពួកគេដើម្បីទាមទារសិទ្ធិនិងអំណាចរបស់ពួកគេ ។
ពួកគេទុកចិត្តលើ LDP ១០០% ក្នុងការធ្វើរឿងនេះ អីចឹងហើយ លោកបានបញ្ជាក់ហើយបញ្ជាក់ទៀតថា រឿងនេះចាំបាច់ត្រូវសម្អាតក្រុម ខណៈបក្សកាន់តែរីកធំ មិនត្រូវទុកមនុស្សដែលគិតប្រយោជន៍ផ្ទាល់ខ្លួនកើតទេ សូមអានការបកស្រាយរបស់លោក ខឹម វាសនា ខាងក្រោម ៖
គេបំប៉ោងថាជាការបែកបាក់ តែសំរាប់ខ្ញុំច្បាស់ណាស់ ជាការព្យាបាលធ្វើអោយបក្សមានសុខភាពរឹងមាំដែលជារឿងល្អដែលត្រូវតែធ្វើ ។ មានទៀត សំអាតទៀត ចេញពីបទពិសោធន៍មួយនេះ នឹងបានទៅជាការសំអាតក្នុងទំហំបក្ស។ បើយើងយល់ថាការសំអាតបក្សជារឿងធ្វើអោយបក្សទន់ខ្សោយ ចុះហេតុអ្វីយើងមានបំណងនឹងសំអាតថែមទៀតក្នុងទំហំបក្ស? ជាការពិត ទោះអ្នកបដិសេធក៏វានៅតែមានតំលៃជាការពិតតែដដែល។ ទុកអោយធាតុរបស់មនុស្សទាំងនោះ ឆក់ស្រូបមនុស្សមានធាតុដូចពួកគេចេញពីយើងចុះ ៕
លោក ខឹម វាសនា បានសរសេរបកស្រាយបុគ្គលទាំងនោះ ដូចជាសំណេររបស់លោកខាងក្រោមនេះ ដែលបង្ហាញពីអត្តចរិតរបស់បុគ្គលទាំងនោះច្បាស់លាស់ណាស់ ដោយលោកបានសរសេរយ៉ាងដូច្នេះថា ៖
មនុស្សគ្មានធម៌មេត្តា គ្មានធម៌ករុណា ចេះអែបអបប្រធាន មានល្បិចក្នុងក្រៅ មានចិត្តកាន់ជើងមនុស្សនៅខាងខ្លួនជាដើម បើជាអ្នកគ្រប់គ្រងកន្លែងណាមួយ មនុស្សនៅក្នុងការគ្រប់គ្រងរបស់បុគ្គលនោះ នឹងរងការឈឺចាប់ឥតស្រាកស្រាន្តដោយអំពើអយុត្តិធម៌នៃបុគ្គលនោះ ។
រឿងនៅបាត់ដំបងមួយនេះជាឧទាហរណ៍មួយយ៉ាងល្អដែលតំរូវអោយមានការកែលំអរជាចាំបាច់នូវទំរង់ចាត់ចែងការរបស់ LDP នៅតាមខេត្តខណ្ឌ ឃុំសង្កាត់ ឬក្រុមការងារផ្សេងរបស់ LDP។ មនុស្សស្លូតត្រង់នៃចលនា LDP ច្រើនណាស់បានទទួលភាពអយុត្តិធម៌ពីក្រុមមនុស្សប្រភេទនេះ។ ការសំអាត ក្នុងទ្រង់ទ្រាយបក្សទាំងមូលត្រូវតែធ្វើជាដាច់ខាត ដើម្បីជៀសអោយបាននូវការបន្លំនៃមនុស្សថោកទាបទាំងនោះ ដែលបង្ករជាការឈឺចាប់ក្នុងផ្លូវចិត្តក្រុមមនុស្សស្លូតត្រង់នៃ LDP របស់យើង។
មនុស្សស្លូតត្រង់នៃ LDP យើងមិនសូវរុលទៅរកមុខនាទីជាអ្នកទទួលខុសត្រូវទេ ច្រើនរុញៗគេអោយទទួលខុសត្រូវនូវមុខនាទីណាច្បាស់លាស់ចុះ ហើយខ្លួនពួកគាត់ចាំជួយពីក្រោយ។ មនុស្សស្លូតត្រង់មានមនោសញ្ចេតនានៃបក្ស LDP យើង មានភាពអត់ឱនខ្ពស់ទៅទៀត ម្លោះហើយពេលជួបរឿងអយុត្តិធម៌ក្នុងក្រុម ពួកគាត់ច្រើនមានចិត្តលើកលែង មិននិយាយស្តីពីរឿងអយុត្តិធម៌នោះភ្លាមៗទេ។ គួរអោយអាសូរមីង ពូ បងប្អូន សកម្មៗរបស់ LDP នៃខេត្តបាត់ដំបងខ្លាំងណាស់។ ការឈឺចាប់របស់បងប្អូនដែលកើតពីអំពើអយុត្តិធម៌ដែលបងប្អូនបានទទួល នឹងបានទៅជាការកែទំរង់មួយយ៉ាងជាក់ច្បាស់ក្នុងប្រព័ន្ធដឹកនាំ LDP។
ជាចុងក្រោយ ខ្ញុំសូមការអភ័យទោសពី ពូមីង បងប្អន ដែលជាមនុស្សដែលខ្ញុំបានស្គាល់ហើយមានចិត្តស្រឡាញ់ហើយនិងគោរពទាំងអស់នៃខេត្តបាត់ដំបង ដែលដែលបានរងអំពើរអយុត្តិធម៌តែបងប្អូន ពូមីងនៅតែខំអត់ធ្មត់ព្រោះយល់ថាចលនា LDP យើងត្រូវតែទៅមុខ ដោយទុកការឈឺចាប់របស់បងប្អូនពូមីងមួយឡែកសិន។ ខ្ញុំស្រមៃដល់ទឹកចិត្តមួយនេះ ខ្ញុំពិតជាស្រណោះ និងគោរពខ្លាំងណាស់។ ពីខ្ញុំបាទ ខឹម វាសនា ប្រមុខរបស់បងប្អូន៕
ប្រភព៖ Facebook លោក ខឹម វាសនា
The post លោក ខឹម វាសនា ៖ គេបំប៉ោងថាជាការបែកបាក់ តែសំរាប់ខ្ញុំច្បាស់ណាស់ ជាការព្យាបាល appeared first on Khmer Readers.