ភ្នំពេញៈ គណបក្សនយោបានថ្មីមួយទៀត នឹងត្រូវបង្កើតឡើងដោយប្រើឈ្មោះលោកបណ្ឌិត កែម ឡី ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាប៉ុន្មានខែឆាប់ៗខាងមុខនេះ។ គោលបំណងនៃការបង្កើតបក្សថ្មីនេះ ក៏មានបំណងយកទស្សនទានល្អៗរបស់លោកបណ្ឌិត កែម ឡី ទៅចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
លោក កែម រិទ្ធិសិត ថ្លែងប្រាប់ Cam Post នៅរសៀលថ្ងៃសៅរ៍នេះថា គណបក្សនយោបាយថ្មីមួយនេះ នឹងប្រញាប់បង្កើតឡើងឲ្យបាននៅត្រឹមបំណាច់ខែកុម្ភៈនេះ ដើម្បីចូលរួមបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ លោកបញ្ជាក់យ៉ាងខ្លីថា រហូតមកទល់ពេលនេះ លោក និងក្រុមការងារ កំពុងមមាញឹកក្នុងការរៀបចំធ្វើលក្ខន្តិកៈ ក៏ដូចជាប្រមូលស្នាមមេដៃគាំទ្រឲ្យបាន៤ពាន់នាក់ ដើម្បីស្នើសុំចុះឈ្មោះបង្កើតគណបក្សថ្មី ឈ្មោះថា «គណបក្ស កែម ឡី» ទៅក្រសួងមហាផ្ទៃ។
យ៉ាងណា លោក រិទ្ធិសិត បានបដិសេធសុំមិនទាន់បង្ហាញពីគោលនយោបាយ និងរចនាសម្ព័ន្ធរបស់បក្សថ្មីនេះ ក្នុងការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋឡើយ ក្រៅពីអះអាងថា ការបង្កើតគណបក្ស កែម ឡី នេះឡើង គឺក្នុងបំណងយកទស្សនទានរបស់លោកបណ្ឌិតចូលរួមចំណែកអភិវិឌ្ឍន៍ប្រទេសជាតិ។
សេចក្ដីប្រកាសព័ត៌មានរបស់លោក កែម រិទ្ធិសិត នៅថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា លោក កែម រិទ្ធិសិត ប្អូនប្រុសបង្កើតរបស់លោកបណ្ឌិត កែម ឡី នឹងបង្កើតគណបក្សនយោបាយថ្មីមួយ ដែលមានឈ្មោះថា គណបក្ស កែម ឡី ដើម្បីចូលរួមការបោះឆ្នោតនីតិកាលទី៦ នៃរដ្ឋសភា នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ការបង្កើតគណបក្ស កែម ឡី គឺមានគោលបំណងយកទស្សនទានល្អៗ របស់លោកបណ្ឌិតទៅបន្តចូលរួមអភិវឌ្ឍប្រទេសជាតិមាតុភូមិកម្ពុជា នៃយើង។ បន្ថែមលើសពីនេះ ការបង្កើត គណបក្ស កែម ឡី គឺស្របតាមច្បាប់ ក្នុងការទប់ស្កាត់ដល់ក្រុមជ្រុលនិយមមួយចំនួន ដែលតែងតែយកឈ្មោះលោកបណ្ឌិត កែម ឡី ទៅធ្វើជាឧបករណ៍កេងចំណេញនយោបាយ ដើម្បីបម្រើមហិច្ឆិការបស់ពួកគេជារៀងរាល់ថ្ងៃ។
ប្អូនប្រុសលោកបណ្ឌិត កែម ឡី រូបនេះ ក៏បានអំពាវនាវឲ្យអ្នកស្រឡាញ់រាប់អានលោកបណ្ឌិត កែម ឡី ចូលរួមជាមួយគណបក្ស កែម ឡី នេះដើម្បីរក្សាកិត្តិនាមរបស់លោកបណ្ឌិត និងបន្តបេសកកម្មឲ្យសម្រេចនូវបំណងប្រាថ្នារបស់លោកបណ្ឌិតទៅថ្ងៃមុខ៕
ប្រភព៖ Fresh News & Campost
The post ប្អូនប្រុស កែម ឡី ប្រកាសបង្កើតគណបក្សថ្មីមួយឈ្មោះ គណបក្ស «កែម ឡី» ដើម្បីចូលរួមបោះឆ្នោត appeared first on Khmer Readers.