Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

រដ្ឋាភិបាលកម្ពុជា ហាក់គ្មានសមត្ថភាពដោះស្រាយល្អប្រសើរ រឿងយួននៅដីខ្មែរតជំនាន់

$
0
0

ជន​ជាតិ​វៀតណាម​រាប់​សិប​នាក់​ ត្រូវ​បាន​ប៉ូលិស​កោះ​ហៅ​ឲ្យ​ទៅ​បង្ហាញ​ឯកសារ​ដល់​ប៉ូលិស​អន្តោប្រវេសន៍​នៅ​​ផ្សារ​បូរី​រុង​រឿង ​កាល​ពី​ម្សិលមិញ ដើម្បី​ពិនិត្យ​នឹង​ដក​ហូត​ឯកសារ​មិន​ប្រក្រតី​របស់​ពួកគេ ដោយ​ការ​អនុវត្ត​នេះ​គឺជា​យុទ្ធនា​ការ​លុប​ចោល ឬ​ដក​ហូត​ឯកសារ​រដ្ឋបាល​កម្ពុជា ​មិន​ប្រក្រតី​ដែល​កាន់​កាប់​ដោយ​ជន​បរទេស ។

យុទ្ធនា​ការ​លុប​ចោល «ឯកសារ​មិន​ប្រក្រតី» ដែល​មាន​ប្រហែល​ ៧០ ០០០ នាក់​គឺ​បាន​ចាប់​ផ្តើម​នៅក្នុង​ខេត្ត​ កំពង់ឆ្នាំង ​កាល​ពី​ខែ​មុន។ មនុស្ស​ភាគ​ច្រើន​ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន សម្ភាស​គឺ​ពួកគេ​មិន​មាន​ឯកសារ​ណា​ផ្សេង​ទៀត​នោះ​ទេ​ ខណៈ​ដែល​ពួក​គេ​បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាច្រើន​ជំនាន់​មក​ហើយ​នោះ​ ប៉ុន្តែ​មួយ​ចំនួន​បាន​ភៀស​ខ្លួន​ក្នុង​​​រយៈពេល​ខ្លី​អំឡុង​ពេល​មាន​របប​ប្រល័យ​ពូជ​សាសន៍​លើ​ជនជាតិ​វៀតណាម​នៅ​ក្រោម​របប​ខ្មែរ​ក្រហម​នោះ។

យុទ្ធនាការ​ដូច​គ្នា​នេះ​ត្រូវ​បាន​ធ្វើឡើង​ជាថ្មី​ម្តង​ទៀត​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​​កាល​ពី​ម្សិល​មិញ។

លោក ង៉ុក​ យឿង ​អាយុ ៧៨ ​ឆ្នាំ​បាន​រស់​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ពេញ​មួយ​ជីវិត​របស់​លោក​ទៅ​ហើយ​នោះ​បាន​ពន្យល់​ថា៖« ជី​ដូន​ជីតា​និង​ឪពុក​ម្តាយ​របស់​យើង​បាន​កើត​នៅទីនេះ ទោះ​បី​ខ្ញុំ​មិន​បាន​ដឹង​ថា​មាន​ប៉ុន្មាន​ជំនាន់​ក៏​ដោយ»។

លោក​ យឿង ​ថ្លែង​ថា៖«ពួក​យើង​ព្រួយ​បារម្ភ​អំពី​ការ​រឹប​អូស​ឯកសារ​នេះ​ ប៉ុន្តែ​យើង​គ្មាន​ជម្រើស​​នោះទេ។ យើង​ត្រូវ​តែ​ធ្វើ​តាម​ពួក​គេ នេះ​គឺ​ជា​ប្រទេស​របស់​ពួក​គេ ​មិន​មែន​ជា​ប្រទេស​​របស់​យើង​ទេ»។

លោក​ពន្យល់​ថា៖«មេឃុំ​និង​អាជ្ញាធរ​របស់​យើង​បាន​ដឹង​ថា​ យើង​បាន​កើត​នៅ​ទីនេះ​ហើយ​បាន​រស់​នៅ​ទីនេះ​តាំងពី​យូរយា​ណាស់​មក​ហើយ​ ប៉ុន្តែ​ឥឡូវ​នេះ ​ពួកគេ​មក​និយាយ​ថា​ យើង​គឺជា​ជន​ជាតិ​វៀតណាម… យើង​មាន​ឯកសារ​ស្រប​ច្បាប់​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​និង​ផ្ទះ​សម្បែង​ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​បង្ខំ​យើង​ឲ្យ​រើ​ចេញ​នោះ​ យើង​នឹង​ធ្វើ​តាម។ យើង​មិន​អាច​ ប្រឆាំង​ជាមួយ​ពួកគេ​បាន​ទេ»។

ទន្ទឹម​នឹង​នេះ​ដែរ ​ប៉ូលិស​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ជាមួយ​អ្នក​សារ​ព័ត៌មាន​ទេ​ដោយ​បាន​ទាម​ទារ​ឱ្យ​លុប​រូបថត​ចេញ​និង​ព្យាយាម​រា​រាំង​មិន​ឲ្យ​ធ្វើ​បទ​សម្ភាសន៍​នៅ​លើ​ផ្លូវ​សាធារណៈ​​ខាង​ក្រៅ​ផ្សារ​នោះ​ទេ។

ការ​ព្យា​យាម​ចូលទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​នៅ​ក្បែរ​នោះ​គឺ​ត្រូវបាន​រង​ការ​គេ​ស្ដី​បន្ទោស​ ដោយ​មាន​មន្ត្រី​ម្នាក់​បាន​អះ​អាង​ថា៖ «ពួកគេ​មិន​អនុញ្ញាត​ឱ្យ​ថត​រូប​ប៉ុស្តិ៍​ប៉ូលិស​ទេ»។

អ្នកស្រី​ ង៉ុកតូប ​មិន​មាន​ទំនាក់​ទំនង​ជាមួយ​លោក​ យឿង ​ទេ​ប៉ុន្តែ​អ្នកស្រី​ជួប​រឿង​រ៉ាង​ស្រដៀង​គ្នា។ អ្នក​ស្រី​ដែល​កំពុង​អង្គុយ​ក្រោម​ម្លប់​ឈើ​នៅ​ក្បែរ​ផ្សារ​នោះបាន​ថ្លែង​ថា៖« ជីដូន​ជីតា​របស់​ខ្ញុំ​បាន​កើត​នៅ​ទីនេះ​ ហើយ​ខ្ញុំ​ក៏បាន​ចាត់​ទុក​ខ្លួន​ឯង​ថា​ ជា​ជន​ជាតិ​ខ្មែរ​ដែរ​ ប៉ុន្តែ​ឥឡូវនេះ​ពួកគេ​បាន​ចោទ​ប្រកាន់​យើង​ថា​ ជា​ជន​ជាតិ​វៀតណាម​ ហើយ​ចង់​ដក​ហូត​ឯកសារ​របស់​ពួកយើង»។

អ្នកស្រី​ តូប ​ក៏​ដឹង​ថា​ គាត់​គ្មាន​អំណាច​អ្វី​ទៅ​ប្រឈមមុខ​ជា​មួយ​នឹង​អាជ្ញាធរ​ដែរ។

អ្នកស្រី​បញ្ជាក់​ថា៖«ប្រសិន​បើ​ពួកគេ​ចង់​ឱ្យ​យើង​រស់នៅ​យើង​នឹង​នៅ​ប៉ុន្តែ​បើសិន​គេ​ចង់ឱ្យ​យើង​ចាក​ចេញ​នោះ​យើង​នឹង​ចាក​ចេញ។ តើ​យើង​អាច​ធ្វើ​អ្វី​បាន?​ ឲ្យ​វា​ទៅ​អញ្ចឹង​ទៅធ្វើ​ម៉េច​បើ​យើង​រស់​នៅ​ក្រោម​បង្គាប់រ​បស់​ពួក​គេ»។

លោក​ អៀង​តេង ​សម្លៀក​បំពាក់​ប្រលាក់​ដោយ​ប្រេង​ ខណៈ​ដែល​គាត់​កំពុង​នាំ​គ្រួសារ​​របស់​គាត់​ដើរ​ចូល​រថយន្ត​របស់​គាត់​ បន្ទាប់​ពី​ឯកសារ​របស់​គាត់​ត្រូវ​បាន​រឹប​អូស​បាន​ថ្លែង​ថា៖ «យើង​មិន​អាច​ធ្វើ​ការតវ៉ា​ទៅ​នឹង​បញ្ហា​នេះ​បាន​ទេ​ បើ​ទោះ​ជា​ យើង​មាន​សៀវភៅ​គ្រួសារ​ជន​ជាតិ​ខ្មែរ​និង​ប័ណ្ណ​កម្ម​សិទិ្ធ​ដីធ្លី​ក៏​ដោយ… ឥឡូវនេះ​ពួកគេ​មិន​អនុញ្ញាត​ឱ្យ​​យើង​​ក្លាយ​ជា​ពលរដ្ឋ​កម្ពុជា​ទេ​ ប៉ុន្តែ​អនុញ្ញាត​ឱ្យ​យើង​ក្លាយជា​ជន​អន្តោ​ប្រវេសន៍​វិញ»។

លោក​បាន​បន្ថែម​ថា៖« មិន​មាន​អ្វី​ដែល​យើង​អាច​ធ្វើ​បានទេ​ ហើយ​ប្រសិន​បើ​យើង​ធ្វើ នោះ​ពួកគេ​នឹង​ចាប់​ខ្លួន​យើង​ ហើយ​ផាកពិន័យ​ដូច្នេះ​ហើយ​យើង​ត្រូវ​គោរព​តាម​ពួកគេ។ ពួកគេ​បាន​​រឹបអូស​អ្វីៗ​គ្រប់​យ៉ាង​រួម​ទាំង​សៀវភៅ​គ្រួសារ​អត្ត​សញ្ញាណ​ប័ណ្ណ​និង​ឯកសារ​ផ្សេងៗ​ទៀត​ហើយ​អោយ​ត្រលប់​មក​វិញ​នូវ​ប័ណ្ណ​អន្តោប្រវេសន៍… វា​បំពាន​សិទ្ធិ​របស់​យើង​ប៉ុន្តែ​យើង​​មិន​អាច​តវ៉ា​​បាន​ទេ»។

ជា​សរុប​ការ​បង្ក្រាប​នេះ​នឹង​ប៉ះពាល់​ដល់​មនុស្ស​ប្រមាណ​ ២០ ០០០ ​នាក់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ​នេះ​បើ​យោង​តាម​ភ្នាក់​ងារ​ព័ត៌មាន Fresh News ។

មន្ត្រី​អន្តោ​ប្រវេសន៍​បាន​បញ្ជាក់​ថា ដំណើរការ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​គ្រប់​ខេត្ដ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​មួយ​គ្នានេះ​ដែរ​​សារព័ត៌មាន​រដ្ឋាភិបាល​ AKP បាន​ប្រកាស​ថា​ កិច្ច​ប្រជុំ​បឋម​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​​ច័ន្ទ​ នៅ​ខេត្ត​ ព្រះសីហនុ។

កាលពី​ម្សិល​មិញ​ ប្រធាន​មជ្ឈម​ណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា លោកស្រី​ ចក់ សុភាព ​បាន​ថ្លែង​ថា៖ «ការ​ដកហូត​ឯកសារ​របស់​បុគ្គល​ដែល​បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​ជាច្រើន​ជំនាន់​និង​​អ្នក​ដែល​គ្មាន​សញ្ជាតិ​ផ្សេង​ទៀត​នោះ​គឺ​ធ្វើ​ឱ្យ​ពួកគេ​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ពលរដ្ឋ​នៃ​ប្រទេស​ណា​មួយ​ ហើយ​បាន​រារាំង​ពួក​គេ​មិន​ឲ្យ​ទទួល​បាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ជា​ច្រើន ដូច​ជា​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​សុខ​ភាព ​សិទ្ធិ​ទទួល​ការ​អប់រំ ​ឬ​សិទ្ធិ​បំពេញ​ការងារ​ជា​ដើម»។

លោក​ស្រី​បាន​ថ្លែង​តាម​រយៈ​អ៊ីមែល​ថា៖ «អ្វី​ដែល​ត្រូវ​ការ​គឺ​ការ​វាយ​តម្លៃ​ដោយ​មាន​តម្លាភាព មិន​លំអៀង ​ ឆាប់​រហ័ស​និង​យុត្តិធម៌​ដោយ​វាយ​តម្លៃ​អំពី​ស្ថានភាព​របស់​បុគ្គល​នីមួយៗ​មួយ​ករណី​ម្តងៗ»។

ប៉ុន្តែ​ខណៈ ដែល​ក្រុម​អ្នក​សង្កេត​ការណ៍​សិទ្ធិ​មនុស្ស​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​នោះ មាន​ជំនួយ​តិច​តួច​ប៉ុណ្ណោះ​ត្រូវ​បាន​ផ្តល់​ជូន​ពួក​គេ។

លោក​ ស៊ន ប៊ុត​ម៉ៅ ​ប្រធាន​អង្គការ​សិទ្ធិ​ជន​ជាតិ​ភាគ​តិច​បាន​ថ្លែង​ថា ក្រុម​កា​ងារ​របស់​គាត់​នៅ​ខេត្ត​ កំពង់ឆ្នាំង ​បាន​រាយ​ការណ៍​អំពី​ស្ថាន​ភាព​នេះ​ហើយ​ពួក​គេ «កំពុង​តាម​ដាន​លើ​ករណី​នេះ»។

ទន្ទឹម​នឹង​នេះ​ដែរ​សមាគម​ ខ្មែរ-វៀត​ណាម​ បាន​សម្តែង​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ។

លោក ​រស់ ​ចំរើន ​អនុ​ប្រធាន​សមា​គម​នេះ​បាន​ថ្លែង​ថា៖« ប្រជា​ពល​រដ្ឋ​មិន​មាន​សិទ្ធិ​កាន់​កាប់​ឯកសារ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ដែល​មិន​ប្រក្រតី… ពួក​គេ​គ្រាន់​តែ​ដក​ហូត​ឯកសារ​មិន​ប្រក្រតី ពួកគេ​មិន​បាន​ធ្វើ​បាប​យើង​ទេ»។

លោក​ ចំរើន ​បញ្ជាក់​ថា៖«ស្ថានទូត​វៀតណាម​បាន​អំពាវ​នាវ​ដល់​ដល់​ក្រុម​ហ៊ុន​ឯកជន​ឲ្យ​ជួ​យ​គាំទ្រ​ហិរញ្ញ​វត្ថុ​ចំនួន​ ២៥០ ០០០ ​រៀល (៦២,៥ ​ដុល្លារ) ដល់​ជន​ជាតិ​វៀតណាម​ដែល​រស់​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់។

តំណាង​មក​ពី​ស្ថានទូត​វៀតណាម ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ៕ NS

ប្រភព៖ ភ្នំពេញប៉ុស្ដិ៍

The post រដ្ឋាភិបាលកម្ពុជា ហាក់គ្មានសមត្ថភាពដោះស្រាយល្អប្រសើរ រឿងយួននៅដីខ្មែរតជំនាន់ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles