ព្រះវិហារៈ សត្វគោយ៉ាងហោចណាស់ ១៦ ក្បាលបានពុលងាប់ជាបន្តបន្ទាប់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ក្រោយពីបានផឹកទឹកជិតចម្ការអំពៅក្រុមហ៊ុនចិន នៅភូមិជោគជ័យក្នុងឃុំសង្កែ ២ និងភូមិប្រើសក្អក ក្នុងឃុំម្លូព្រៃ ២ ស្រុកឆែប ខេត្ត ព្រះវិហារ ជាករណីមួយដែលមន្ត្រីកំពុងស្រាវជ្រាវរកមូលហេតុនៅឡើយ។ នេះបើតាមពលរដ្ឋ។
លោក ផាវ យ៉ន ជនជាតិដើមភាគតិចកួយ រស់នៅក្នុងភូមិសំបូរ បានឲ្យដឹងថា ក្នុងចំណោមគោដែលងាប់នោះមានគោរបស់គាត់ចំនួន ៣ ក្បាល។
លោកថា លោកនិងអ្នកភូមិផ្សេងទៀតបានលែងគោជាច្រើនឲ្យស៊ីស្មៅតាមស្រែចម្ការ និងគោខ្លះបានចូលទៅស៊ីនៅចម្ការអំពៅរបស់ក្រុមហ៊ុនឈ្មោះ រ៉ូយ ហ្វេង ហើយវាបានទៅផឹកទឹកត្រពាំង។
លោកថា ក្រោយមកក៏មានគោងាប់ជាបន្តបន្ទាប់តែម្តង។
លោក យ៉ន បានបញ្ជាក់ថា៖ «កាលពីម្សិលម្ង៉ៃ ងាប់អស់ ១២ ក្បាល។ ខ្ញុំឃើញកន្លែងខ្លះងាប់ ៣ កន្លែងខ្លះងាប់ ២ ក៏មាន។ មិនដឹងថា វាពុលថ្នាំឬយ៉ាងណាទេ។ មិនទាន់រក មូលហេតុឃើញទេ»។ ប៉ុន្តែលោកថា គោដែលងាប់មានចេញឈាមតាមមាត់។
លោក យ៉ន ក៏បានឲ្យដឹងផងដែរថា គោខ្លះត្រូវបានម្ចាស់លក់ទៅឲ្យជនជាតិចាមក្នុងតម្លៃចាប់ពី ១៥ ម៉ឺនទៅ ២៥ ម៉ឺន ហើយខ្លះទៀតត្រូវបានម្ចាស់កាប់ចែកគ្នាហូបផងដែរ។ ប៉ុន្តែមិនឃើញអ្នកហូបមានបញ្ហាសុខភាពទេ។
អ្នកភូមិ បានរាយការណ៍ជូនអាជ្ញាធរ ដើម្បីសុំឲ្យចុះពិនិត្យទឹកត្រពាំងនិងទំនប់ទឹកទីនោះ។
ដោយឡែក លោក ពាន ផាត ជាពលរដ្ឋក្នុងភូមិប្រើសក្អក ក៏មានគោ ៤ ក្បាលងាប់ផងដែរ។
លោក ផាត បានថ្លែងថា លោកនិងអ្នកភូមិបានចុះពិនិត្យទឹកត្រពាំងនិងទំនប់ដែលនៅក្បែរក្រុមហ៊ុនចិនហើយបានឃើញមានថ្នាំពុលជាច្រើនដែលត្រូវបានគេលួចដាក់នៅ ៤ កន្លែងផ្សេងគ្នានៃប្រភពទឹកទាំងនោះ។
លោក ផាត បាននិយាយថា៖ «ថ្នាំហ្នឹងគេចាក់នៅទីកន្លែងដីស្រែពលរដ្ឋជិតចម្ការអំពៅ។ ថ្នាំហ្នឹងច្រើនណាស់។ គោផឹកទៅងាប់។ តែមិនដឹងអ្នកណាដាក់ថ្នាំបំពុលទេ»។
លោកថា កាលពីរដូវប្រាំងឆ្នាំមុន ក៏មានករណីគោពុលថ្នាំងាប់ដូចគ្នានេះដែរ តែជនល្មើសមិនត្រូវបានរកឃើញដើម្បីយកទៅផ្តន្ទាទោសនោះទេ។
លោក ខៀវ យ៉ែន មេឃុំសង្កែ ២ បានអះអាងថា គោងាប់នេះគឺបណ្តាលមកពីពុលថ្នាំ ដែលត្រូវបានអ្នកភូមិលួចដាក់នៅតាមត្រពាំង និងទំនប់ទឹកដើម្បីសម្លាប់សត្វស្លាបនៅក្នុងរដូវប្រាំងនេះ។
លោកបានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋយើងក្នុងមូលដ្ឋានដាក់ថ្នាំសម្លាប់សត្វដូចជា សត្វកុក ដើម្បីយកធ្វើម្ហូបហូប។ ពេលនោះគោមួយហ្វូងទៅផឹកទឹកនិងពុលទៅ។ នៅកន្លែងនោះក៏ឃើញមានសត្វកុកងាប់ដែរ។ កន្លែងហ្នឹងមានទីតាំងនៅក្បែរក្រុមហ៊ុនដែរ»។
លោក សុខសាន្ត តារា អភិបាលស្រុក ឆែប បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះ លោកបានចាត់ឲ្យមន្ត្រីកសិកម្មស្រុកឲ្យចុះទៅពិនិត្យ តែមិនទាន់ទទួលបានរបាយការណ៍ពីការចុះពិនិត្យនោះទេ។
លោកអភិបាលបញ្ជាក់ថា៖ «ខ្ញុំឲ្យគេចុះពិនិត្យហើយ។ តែមិនទាន់ទទួលបានរបាយការណ៍។ អ៊ីចឹង យើងមិនទាន់ហ៊ានសន្និដ្ឋានថា យ៉ាងម៉េចទេ ដោយសារមិនទាន់មានការពិសោធ និងស្រាវជ្រាវរបស់ក្រុមជំនាញ»៕
ប្រភព៖ ភ្នំពេញប៉ុស្ដិ៍
The post គោ ១៦ ក្បាល ត្រូវបានឈឺងាប់បន្ដបន្ទាប់ ក្រោយផឹកទឹកជិតក្រុមហ៊ុនចិន នៅខេត្តព្រះវិហារ appeared first on Khmer Readers.