សំណេរ ៖ ឧបេក្ខាធម៌ដែលមាននៅក្នុងចិត្តសត្វមនុស្សសម័យកំលាំងរមូរនេះ បកស្រាយតាមសភាពចាំតៗគ្នាថា ចិត្តជាកណ្តាល។ និយាយនេះនិយាយតាមចាំតៗគ្នាហ្នុងហើយនេះ មិនមែននិយាយពីសភាពផុសចេញក្នុងអារម្មណ៍ខ្លួននៃអ្នកនិយាយនោះទេ អញ្ចឹងហើយបានជាអ្នកស្តាប់ដែលប្រើអារម្មណ៍ស្ទង់ៗរកអារម្មណ៍ខ្លួនមិនឃើញអារម្មណ៍កណ្តាលនេះសោះ។
គិតយល់ជាចិន្តាមយបញ្ញាក៏មិនមាន ព្រោះអ្នកនិយាយនោះក៏និយាយមិនយល់ឬក៏គ្មានផុសចេញជាអារម្មណ៍ហៅថាភាវនាមយបញ្ញានោះដែរ អញ្ចឹងមានតែចាំតៗគ្នាអញ្ចឹងមកបានទុកមកអោយចិត្តអ្នកដែលមិនចេះនិយាយអ្វីតាមចាំឬនិយាយអ្វីតាមយល់ទេ គឺនិយាយតាមសភាពអារម្មណ៍គឺចិត្តពូឯណេះសញ្ជឹងគិតក្នុងផ្លូវអារម្មណ៍ទាល់តែផុសលើវិថីចិត្តចេញជាអារម្មណ៍ឃើញថាអូ ឧបេក្ខាគឺអារម្មណ៍អត់មានអញមកបាំងដំណើរការគិតរកខុសត្រូវដែលជាដំណើរការបណ្តុះបញ្ញាទៅអោយចិត្ត។
អូយល់ហើយ ផុសហើយជាអារម្មណ៍ ឧបេក្ខាជាអារម្មណ៍អត់មានអញ អត់អញគឺអត់មានអារម្មណ៍លំអៀងមកផ្នែកខាងអញ គឺកូនអញ បងប្អូនអញ បក្សពួកអញ ប្រទេសអញ ជាតិសាសន៍អញ សាសនាអញ…..ជាដើម អារម្មណ៍អញ វាជាអារម្មណ៍ខុស តើខុសនឹងអ្វីទៅ? ខុសនឹងសភាពកំលាំងដែលមិនត្រូវមានសត្វទេ មិនត្រូវមានអញទេក្នុងផ្លូវអារម្មណ៍ទើបគ្មានអ្វីជាឧបសគ្គក្នុងការគិតរកខុសត្រូវ អូឧបេក្ខាធម៌នៅក្នងចិត្តមនុស្សគឺសភាពចិត្តអត់មានអញក្នុងផ្លូវអារម្មណ៍។
មេត្តា ករុណា មុទិតា ឧបេក្ខា ជាព្រហ្មវិហារធម៌ជាធម៌ក្នុងចិត្តសត្វព្រហ្ម អូចិត្តអ្នកទេសនាសព្វថ្ងៃមិនមែនជាចិត្តសត្វព្រហ្មទេ អញ្ចឹងហើយបានជាមិនអាចផុសអារម្មណ៍អត់អញ ឬឧបេក្ខានេះលើវិថីចិត្តបាន អញ្ចឹងហើយបានជាពួកគេនិយាយអីក៏ដោយ មិនមែនជាសភាពអារម្មណ៍គឺនិយាយតាមសភាពចាំ គឺសុត្តមយបញ្ញា បញ្ញដែលមិនអាចសំដែងធម៌ឬដំណើរធម្មជាតិបាន គឺដំណើរហូរទៅនៃកំលាំង មិនត្រូវអោយគាំងដោយអារម្មណ៍បញ្ច្រាស គឺអារម្មណ៍អញទេ។
អោយតែអារម្មណ៍អញអណ្ដែតលើវិថីចិត្តហើយគឺមិនអាចមានសភាពបញ្ញាខុសត្រូវៗអណ្ដែតជាអារម្មណ៍លើវិថីចិត្តឡើយ។ ចិត្តជាសភាពកម្លាំងសុទ្ធកំពុងតែវិល គឺកំពុងវិលណាក្មួួយ។ មនុស្សមិនបានដឹងដំណើររបស់ចិត្តដែលជាកម្លាំងសុទ្ធកំពុងតែវិលពីបេះដូងទៅក្បាល រួចពីក្បាលមកក្នុងបេះដូងវិញជារង្វង់ក្នុងទិសដៅតែមួយទេ។
ពូសូមបញ្ជាក់ក្មួយហើយបញ្ជាក់ទៀត គឺវិលណាក្មួយ ពេលពូកំពុងតែពិចារណាអំពីធម៌ឧបេក្ខាគឺសភាពចិត្តដែលគ្មានអញអោយវាផុសក្នុងផ្លូវអារម្មណ៍ ខ្លួនពូទាំងមូលចាប់ផ្ដើមទៅជាជ្រាយៗមានសភាពដូចប្រេងម៉ាស៊ីនខាប់ៗហើយសភាពខាប់ៗនោះចាប់ផ្ដើមវិលជារង្វង់មូលក្នុងទិសដៅតែមួយពីក្បាលទៅបេះដូង រួចពីបេះដូងមកក្បាលវិញដដែលៗ។ អូ!ពេលយើងមានអារម្មណ៍អញភ្លាម សភាពដែលវិលក្នុងទិសដៅត្រូវនេះចាប់ផ្ដើមវិលបញ្ច្រាសតាមសភាពចិត្តអញតិច ឬច្រើននោះហើយ ពេលនោះពូក៏បានយល់សភាពធម៌ឧបេក្ខានៅក្នុងចិត្តគឺសភាពចិត្តដែលគ្មានអញ។
ពេលនោះពូនឹកឃើញកាន់តែច្បាស់ឡើងៗថាមនុស្សដែលមានអារម្មណ៍អញគឺធ្វើអោយចិត្តដែលកើតមកពីកម្លាំងសុទ្ធកំពុងតែវិលនោះវិលខុសសភាពកម្លាំង។ អូ!អារម្មណ៍អញខុសនឹងសភាពកម្លាំងដែលអត់សត្វ អត់ត្រូវមានអញ អញ្ចឹងបានជាពូយល់ថាអញជាសភាពចិត្តដែលកើតពីកម្លាំងសុទ្ធធ្វើអោយខុសសភាពកម្លាំងដោយសារអារម្មណ៍អញនេះ។ អូពូយល់ហើយ! វិថីចិត្តដែលដំណើរការស្រួល គិតរកខុសរកត្រូវ គឺចិត្តមានបញ្ញាវិប្បយុត្តិជាមួយ ឬមិនស៊ីសង្វាក់ជាមួយអារម្មណ៍អញទេ។ អូ!អញ្ចឹងបានតេជគុណសាន សុជា មនុស្សមានអារម្មណ៍អញធំជានិច្ចកាលគ្មានបញ្ញានិយាយពន្យល់ប្រាប់មនុស្សកើត។
ដូចពេលនេះលោកនិយាយថាអោយតែទោសៈគឺអាក្រក់ហើយ ដូចជាលាមកធ្លាក់ចូលក្នុងសម្លអញ្ចឹង។ អារម្មណ៍លោកជាអារម្មណ៍អញធ្វើអោយគាំងវិថីចិត្តដូច្នេះបានចិត្តឯណាទៅវិលពីបេះដូងទៅក្បាល ពីក្បាលទៅបេះដូង។ វិថីចិត្តលោកត្រូវគាំងដោយអារម្មណ៍អញ ក្បាលខំប្រឹងគិតរកខុសត្រូវជាមួយកម្លាំងចិត្តគាំង តើវាមានសភាពបញ្ញាឯណាផុសជាអារម្មណ៍លើវិថីចិត្តបាន បើចិត្តគាំងដោយអារម្មណ៍អញហើយហ្នឹង? ដូច្នេះចិត្តដែលជាប់គាំងនៅក្នុងខួរក្បាលនោះ ចេះតែខំគិតទៅ ទាំងគាំៗនៅក្នុងខួរក្បាលហ្នុងទៅ ចិត្តមានបានវិលអោយកើតជាលំហូរអារម្មណ៍ឯណា ព្រោះចិត្តត្រូវបានគាំងដោយអារម្មណ៍ខុសគឺអញ។
បេះដូងអញ គឺចិត្តគាំង ចិត្តដែលគាំងនៅក្នុងខួរក្បាលកំពុងតែគិត គឺជាការគិតច្នៃក្នុងខួរក្បាលនោះឯង គឺមិនបានលែងចិត្តអោយហូរក្នុងដំណើរការគិតនៃខួរក្បាលហូរចេញជាអារម្មណ៍ឯណា។ នេះគឺជាដំណើរវិប្បយុត្តិនៃអារម្មណ៍អញ និងដំណើរការគិតរបស់បញ្ញានោះហើយ។ អញ្ចឹងបានជាលោកនិយាយនូវការគិតឃើញគាំងៗនោះថាគេដុតផ្ទះយើងក៏ដោយ យើងកុំខឹងព្រោះខឹងវាអត់បានប្រយោជន៍ ហើយយើងរកវិធីដោះស្រាយទៅ។
អ្នកស្ដាប់ដែលអត់មានលំហូរអារម្មណ៍ ចិត្តគាំងដោយសារអារម្មណ៍អញដែរ ស្ដាប់សម្ដីលោកទៅមិនដឹងថាស្អីជាស្អីទេ ប៉ុន្តែដោយជឿថាគេជាម្ចាស់គ្រូហើយ ក៏ចេះតែជឿទៅ ដល់តែខ្លួនយកមកធ្វើតាមសម្ដីលោកមិនកើតក៏បន្ទោសខ្លួនឯងថាលោកគ្រូប្រាប់ហើយ ថាកុំខឹង វាអត់បានការគេទេ បានតែលំបាកចិត្ត រកវិធីដោះស្រាយទៅទើបល្អ។ លោកគ្រូមានយោបល់ល្អណាស់ តែខ្ញុំធ្វើមិនបាន តែតាមពិតអ្នកណាក៏ធ្វើមិនបានដែររួមទាំងលោកគ្រូហ្នឹងផងព្រោះនិយាយនេះវាខុសនឹងដំណើរប្រព្រឹត្តទៅបាននៃចិត្តមនុស្ស។
អូអោយតែភ្លើងឆេះគឺខុសហើយ ភ្លើងឆេះខ្លះដុតដាំបាយបានស៊ីហ្នឹង នេះភ្លើងជាគុណ អោយតែភ្លើងសុទ្ធតែជាទោសមិនត្រូវទេ។ លោកនិយាយថាគេធ្វើអ្វីក៏ដោយកុំខឹង ហើយរកវិធីដោះស្រាយទៅ តើសភាពយ៉ាងហ្នឹងមាននៅក្នុងសភាពចិត្តមនុស្សណាមួយក្នុងលោកទេរួមទាំងអ្នកអោយយោបល់គេហ្នុងផង? នេះជាយោបល់ឆ្កួត គ្មាននរណាមានចិត្តអញ្ចឹងទេ ជាយោបល់ខុសទេ ជាដំណើរការគិតវិប្បយុត្តិនៃអារម្មណ៍នឹងដំណើរការគិតទេ វាមិនចេញជាសភាពបញ្ញាលើផ្លូវអារម្មណ៍កើតទេ។
ដាក់កៅអីទល់មុខពូ ពូនឹងសួរអោយងាប់នៅនឹងកន្លែងតែម្ដង។ ចិត្តមនុស្សមានអញគឺចិត្តអត់ឧបេក្ខា និងចិត្តមានអកុសលធម៌គឺវិប្បយុត្តិនឹងដំណើរការគិតរបស់ចិត្តដើម្បីរកបញ្ញា។ សម័យកម្លាំងរមូរ ចិត្តសត្វនរក ប្រេត តិរច្ឆានឡើងមកសម្ដែងធម៌ដើម្បីអោយសត្វមានបញ្ញាឡើងឋានសួគ៌ សួៗកុំលឿនពេករាវៗស្ទាបៗដោយបិទភ្នែក ពេលបើកភ្នែកឡើងគឺនរកប្រេតបានសម្រេច ឯវំ៕
ប្រភព ៖ Facebook/Veasna Khem
The post លោកខឹម វាសនា បកស្រាយ «ឧបេក្ខាធម៌» ដែលប្រជាពលរដ្ឋខ្មែរនិយមថា «ចិត្តជាកណ្ដាល» appeared first on ខ្មែរអ្នកអាន.