លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានបង្ហោះសំណេរឆ្លើយតបទៅនឹងអ្នកដែលផ្ដល់យោបល់ឲ្យលោកចេះឆ្លៀតឱកាស ដើម្បីកេងចំណេញរកប្រយោជន៍ ឬឆ្លៀតឱកាសពេលដែល CNRP មិននៅ ឬបន្ថយវាយសាសនា នឹងមានអ្នកគាំទ្រច្រើនជាដើម ដោយលោកមិនបានសរសើរទៅក្រុមទាំងនោះឡើយ តែបែរជាវាយប្រហារធ្ងន់ៗទៅវិញថា ជាប្រភេទមនុស្សថោកទាប ដែលបានប្រយោជន៍ទើបធ្វើ ។ សំណេរនេះលោកបានបញ្ជាក់ច្រើនដងរួចមកហើយ តែពេលនេះលោកបានសរសេរជាថ្មីនៅលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកជាថ្មី ម្ដងទៀត បញ្ជាក់ទៅកាន់ក្រុមមនុស្សទាំងនោះ ។ សំណេរនេះលោកបានសរសេរយ៉ាងដូច្នេះថា ៖
ពេលអ្នកណាប្រាប់ពូអោយធ្វើអ្វីមួយ និងកុំអោយធ្វើអ្វីមួយ ដោយប្រាប់ពូថាធ្វើបែបនេះទៅនឹងបានប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ ធ្វើបែបនេះនឹងខាតប្រយោជន៍ផ្ទាល់ខ្លួនបែបនេះមួយ ដូចជាពេលអវត្តមានគណបក្សសង្រ្គោះជាតិ អិលឌីភីគួរតែចេះឆ្លៀតឱកាស នោះអាណត្តិក្រោយនឹងបានកៅអីអង្គុយនឹងគេ។ បើខឹម វាសនាឆ្លាត បន្ធូកុំវៃអ្នកសាសនាពេក ពួកនេះនឹងបែរមកគាំទ្រអិលឌីភី បើខឹមវាសនាឆ្លាតមានតាកទិកខ្ពស់កុំវៃប្រជាពលរដ្ឋម្ចាស់ឆ្នោត នោះនឹងបានការគាំទ្រច្រើន បើធ្វើនយោបាយត្រង់ផ្លឹងដូចខឹម វាសនា អញទាយទុក មួយរយជាតិទៀតមិនបានជើងកៅអីមួយផង។ ល។ ផ្លូវមនោពូទទួលអារម្មណ៍មិនល្អភ្លាម នឹកគិតថាអ្នកប្រាប់ពូនេះច្បាស់ជាចិត្តវាគិតជាប់តែពីប្រយោជន៍ផ្ទាល់ខ្លួន អីចឹងហើយបានជាវាគិតថាចិត្តអញដូចចិត្តវាដែរ វាខំប្រាប់អញកុំអោយធ្វើនេះវាខាតប្រយោជន៍ ធ្វើនោះទៅបានចំណេញប្រយោជន៍ផ្ទាល់ខ្លួន ពូនឹកថាអានេះចិត្តវាថោកទាបណាស់ ទាល់តែបានប្រយោជន៍ផ្ទាល់ខ្លួនវាបានវាធ្វើ អាថោកទាប។ ចំពោះចិត្តពូ មិនបាច់ប្រាប់ពូពីរឿងបានប្រយោជន៍មកពូទេ ប្រាប់ពូតែរឿងខុសត្រូវបានហើយ ពូស្តាប់ដោយស្មោះត្រង់ ព្រោះពូយល់ច្បាស់ថា មនុស្សមិនព្រមស្តាប់ហេតុផលគេដោយស្មោះត្រង់ គឺជាមនុស្សបំផ្លាញខ្លួនឯងតើ ហើយពូគោរពចិត្តមនុស្សដែលចិត្តគេឈរលើគោលខុសត្រូវនេះ។ ពេលពូនិយាយពន្យល់គេវិញក៏ដូច្នេះដែរ គឺពូនិយាយពន្យល់យ៉ាងលំអិតពីហេតុផលខុសឬត្រូវដែរ តែចិត្តមនុស្សសម័យនេះ ទាល់តែខូចប្រយោជន៍គេទើបគេភ័យហើយភ័យមែនទែន មិនមែនភ័យល្មមៗទេ បើគេគិតឃើញថាប៉ះពាល់ប្រយោជន៍គេនោះវាធ្ងន់ធ្ងរខ្លាំង។ ពូនិយាយយូរជាងដប់ឆ្នាំហើយអំពីកាតព្វកិច្ចយ៉ាងម៉េចខ្លះ ដើម្បីក្លាយជាពលរដ្ឋថ្លៃថ្នូរ រស់នៅមានការទទួលខុសត្រូវ សីលធម៌ជាពលរដ្ឋល្អក្នុងសង្គមមនុស្សដើម្បីក្លាយជាពលរដ្ឋល្អសមនឹងរស់នៅលើផែនដី និងបានជាទីពឹងរបស់ខ្លួនឯង និងអ្នកដទៃផង។ ល។ តែមនុស្សខ្មែរតិចណាស់ដែលស្តាប់ការពន្យល់នេះបានព្រោះគាត់គិតឃើញថាមិនមែនប្រយោជន៍ផ្ទាល់ខ្លួនគាត់ តើគួរអោយស្អប់ចិត្តមនុស្សបែបនេះទេ? លក្ខណ:មនុស្សល្អនេះមានជាទូទៅក្នុងចំណោមសមាជិកអិលឌីភី ហើយសភាពល្អរបស់គេទាំងនេះត្រូវស្រូបទាញដោយសន្តានពូ។ ឥលូវពូបានយល់ធម៌ដែលព្រះសម្មាសម្ពុទ្ធសម្ដែងហើយ នេះគឺប្រយោជន៍ផ្ទាល់ខ្លួនតែម្ដង ក្មួយៗចាំមើលចុះ ពេលពូចេញនិយាយ អិលឌីភីនឹងស្រូបបានមនុស្សមួយផ្ទាំងធំទៀតដែលជាចិត្តរបស់មនុស្សគិតប្រយោជន៍ផ្ទាល់ខ្លួន ខ្លាចរឿងនរកប្រេត។ ចិត្តមនុស្សប្រភេទនេះថ្វីបើមិនកើតជាសត្វក្នុងទុគ្គតិភពក៏ពិតមែន ប៉ុន្តែមិនបានកើតជាសត្វក្នុងសុគតិភពថ្នាក់ខ្ពស់ទេព្រោះចិត្តរបស់ពួកគេតាំងពីពេលឥលូវនេះជាចិត្តមិនខ្ពស់ស្រេចស្រាប់ទៅហើយ។ ពេលពូយល់ធម៌ដែលព្រះសម្មាសម្ពុទ្ធសម្ដែង ពូនឹកអស់សំណើចតែនឹងចិត្តសត្វទេ ចិត្តសត្វគឺវាអញ្ចឹងហ្ន៎! ចំណែកចិត្តសត្វថ្នាក់ទាបបំផុត គ្មានទាំងសមត្ថភាពស្ដាប់យល់ធម៌នេះផងព្រោះចិត្តសត្វទាំងនេះកំពុងតែងោកងុយនឹងទិដ្ឋិ តណ្ហា និងមាន:ដែលខ្លួនមាន។ ឱសត្វអើយសត្វ! ងងឹតអីក៏ងងឹតយ៉ាងនេះ! មែនដូចព្រះពុទ្ធសម្ដែងមែន គ្មានងងឹតអីស្មើនឹងងងឹតដោយអវិជ្ជានេះទេ។ សូមក្មួយៗរីករាយនឹងសំណាងនៃជីវិតក្មួយ សូមក្មួយសាងឧបនិស្ស័យជាចិត្តដែលអាចជាទីពឹងរបស់ខ្លួន និងមនុស្សផងគ្នាផងទៅចុះ។


ប្រភព ៖ បណ្ដាញសង្គម
The post ប្រមុខ LDP ហៅអ្នកដែលផ្ដល់យោបល់ឲ្យលោកកេងចំណេញនយោបាយជា «មនុស្សថោកទាប» appeared first on ខ្មែរអ្នកអាន.