ប្រទេសកម្ពុជាហាក់ដូចជាបានក្លាយជាប្រទេសដែលតែងតែទទួលនូវឥទ្ធិពលអាក្រក់ ដែលមានសម្រាម និងភាពភ័យខ្លាចទាំងឡាយដែលពិភពលោកមិនត្រូវការ ។ ជាក់ស្ដែងនាពេលព្រឹកម៉ិញនេះ នាវាយក្សមួយបានធ្វើការចតនៅក្រុងព្រះសីហនុ ខណៈប្រទេសផ្សេងទៀតចំនួន ៥ បានបដិសេដមិនទទួល ។ បើយើងធៀបទៅនឹងឆ្នាំ ២០១៤ វិញ កម្ពុជាក៏ធ្លាប់ជាប្រទេសដែលទទួលនូវជនភៀសខ្លួនមកពីប្រទេសអូស្ត្រាលីផងដែរ ដែលប្រទេសនេះបានបង់ជាថវិការសម្រាប់ការទទួលជនភៀសខ្លួនដែលខ្លួនមិនទទួលយក ហើយក្នុងនោះកម្ពុជាជាប្រទេសមួយដែលបានទទួលផងដែរ ។
ពាក់ព័ន្ធនឹងទស្សនៈដែលបានលើកឡើងថា កម្ពុជាបានក្លាយជាប្រទេសដែលទទួលសម្រាមគ្រប់ទិសទីដែលពិភពលោកមិនត្រូវការ ដែលការលើកឡើងនេះ យើងសូមលើកចំណុច ៣ ធំៗ ដែលជាព្រឹត្តិការណ៍ពាក់ព័ន្ធទៅនឹងការទទួលសម្រាម ឬភាពភ័យខ្លាចសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោក ។
ទី១ ប្រទេសកម្ពុជាទទួលជនភៀសខ្លួនពីអូស្រ្តាលី ដែលពិភពលោកមិនត្រូវការ
ជនភៀសខ្លួនដែលអណ្ដែតទៅអូស្រ្តាលី កាលពីចុងឆ្នាំ ២០១៤ បានធ្វើឲ្យប្រទេសក្នុងតំបន់មានការរិះគន់យ៉ាងខ្លាំងទៅលើប្រទេសអូស្រ្តាលីដែលមិនទទួលជនទាំងនោះ ហើយមានការព្រួយបារម្ភទៅលើរឿងជនភៀសខ្លួនទាំងនេះ ជាភាវរជន ឬជាមនុស្សដែលអាចចាត់ទុកថាជាកាកសំណល់មនុស្ស ដែលសល់ដែលអូស្រា្ដលីមិនទទួល ។ ជាក់ស្ដែងអូស្រ្ដាលីបានធ្វើការសុំឲ្យកម្ពុជាទទួលយក ហើយកម្ពុជាក៏ពិតជាទទួលមែន បើទោះបីជាជនភៀសខ្លួនទាំងនោះ មិនចង់រស់នៅក្នុងប្រទេសកម្ពុជាក៏ដោយចុះ ដែលពេលនោះ កម្ពុជាបានទទួលទឹកប្រាក់ប្រមាណជា ៣០ ទៅ ៤០លានដុល្លារ ក្នុងការទទួលជនភៀសខ្លួននេះផងដែរ ។

ទី២ សម្រាមដែលនាំចូលពីប្រទេសចិន ច្រើនកុងតាន័រនៅកំពង់សោម
ឆ្នាំមុនថ្មីៗនេះ មានការនាំចូលសម្រាមពីប្រទេសចិនជាច្រើនកុងតាន័រ ហើយបើតាមលោកគួចចំរើន បានបញ្ជាក់ថា ជាសម្រាមដែលនាំចូលពីប្រទេសចិន ហើយមិនដឹងថាហេតុអ្វីបានជានាំចូលបានមក ហើយក៏មិនបានដឹងថានាំចូលតាមរបៀបណាឡើយ ។ ទំនងជាមានការលាក់បាំងចំពោះរឿងនេះ ទើបជាគ្មានព័ត៌មានបន្ដពីការបញ្ជូនសម្រាមនេះទៅវិញឡើយ ដោយសារតែព័ត៌មានពុំបានផ្សព្វផ្សាយឲ្យទូលាយនោះទេ ។ ព័ត៌មានចុងក្រោយនៃរឿងសម្រាមនេះ ត្រូវបានបញ្ជាក់ថាបានបញ្ជូនសម្រាមត្រឡប់ទៅវិញរួចហើយ ៕
ទី៣ កប៉ាល់យក្សដែលត្រូវបានបដិសេដឲ្យចូលចតប្រទេស ៥ ក្នុងអាស៊ី បានចតនៅកំពង់ផែកម្ពុជា ដោយសារមូលហេតុកូរ៉ូណាវីរុស
ពិតជាមិនគួរឲ្យជឿថា រឿងនេះកើតឡើងនៅព្រឹកនេះ គឺកម្ពុជាបានទទួលនាវាយក្សមួយដែលមានឈ្មោះថា MS Westerdam ដែលផ្ទុកមនុស្សជាង ២០០០នាក់ ដែលពិភពលោកមិនហ៊ានទទួលដោយខ្លាចថាមានវីរុសកូរ៉ូណានៅលើកប៉ាល់នោះឆ្លងទៅកាន់ប្រទេសខ្លួន ។ ចំណែកកម្ពុជាក៏បានទទួលរួចហើយ ហើយក៏ទទួលបានការបញ្ជាក់ថាមានការពិនិត្យផងដែរ តែការទទួលបានវិញ គឺថាគ្មានអ្នកឆ្លងវីរុសនោះទេ ខណៈពលរដ្ឋខ្មែរបានធ្វើការរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំង ថាយកអាយុប្រជាពលរដ្ឋខ្លួនមកសាកល្បង និងសង្ស័យថាបានទទួលទឹកប្រាក់ពីរឿងនេះផងដែរ ។

ទី៤ កម្ពុជានៅតែបន្ដឲ្យជើងយន្ដហោះចិន ហោះហើរ និងចេញចូលប្រទេសខ្លួន
បើទោះបីជាមានការបិទជើងហោះហើរជាច្រើនប្រទេសក្ដី កម្ពុជានៅតែបន្ដបើកជើងហោះហើរសម្រាប់ប្រទេសចិនដដែល ដោយមូលហេតុលើកឡើងរបស់រដ្ឋាភិបាល និងលោកនាយករដ្ឋមន្រ្តី គឺដើម្បីសេដ្ឋកិច្ច និងចំណងមិត្តភាពរបស់ចិន និងកម្ពុជា ។ ការធ្វើបែបនេះហាក់ដូចជាកំពុងប្រឡែងជាមួយនឹងមេរោគដ៏កាចសាហាវ និងមិនទាន់មានថ្នាំព្យាបាលនៅឡើយ ហើយពិភពលោកក៏កំពុងមានការព្រួយបារម្ភផងដែរចំពោះវីរុសប្រភេទនេះ ហើយក៏មានការព្រួយបារម្ភខ្លាំងផងដែរ ទៅលើប្រទេសក្រីក្រក្នុងលោកទាំងឡាយ ដែលក្នុងនោះកម្ពុជាផងដែរ ដែលកម្ពុជាបានឋិតក្នុងចំណោមប្រទេសក្រីក្រ លេខ ៤៨ ក្នុងលោក ក្នុងចំណោមរាប់រយប្រទេស ៕

The post ទស្សនៈ ៖ កម្ពុជាក្លាយជាប្រទេសសម្រាប់ទទួលសម្រាម ដែលពិភពលោកមិនត្រូវការ appeared first on ខ្មែរអ្នកអាន.