ភ្នំពេញ៖ នាឱកាសបើកការដ្ឋានស្ដារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ ២២ ដែលមានប្រវែងជាង ៧២គីឡូម៉ែត្រ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានព្រលយពាក្យរិះគន់ទៅកាន់ប្រទេសដែលបិទជើងយន្ដហោះចិនមិនឲ្យចូលប្រទេសខ្លួនថាដូចជាកំពុងសម្លាប់សេដ្ឋកិច្ចខ្លួនឯង និងចាត់ទុកថាជាទង្វើរើសអើងជនជាតិចិន ដោយសារវីរុសកូរ៉ូណា ។ ការលើកឡើងបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ ។
លោកនាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការរិះគន់ទៅកាន់ប្រទេសដទៃ ដែលបានធ្វើការបិទជើងហោះហើររបស់ចិន មិនឲ្យចូលប្រទេសខ្លួនថាជាការសម្លាប់សេដ្ឋកិច្ចខ្លួនឯង និងមានការរើសអើងដោយសារវីរុសកូរ៉ូណា ។ លោកបានបន្ថែមទៀតថាការដែលធ្វើនេះ គឺមិនត្រឹមត្រូវនោះទេ ព្រោះប្រសិនបើចិនឆ្លងផុតដំណាក់កាលនេះ ច្បាស់ជាចិននឹងពិចារណាទៀតមិនខានឡើយ តើត្រូវបើកជើងយន្ដហោះទៅកាន់ប្រទេសដទៃឬយ៉ាងណា ។
ជាមួយគ្នានេះផងដែរ លោកនាយករដ្ឋមន្រ្តីកម្ពុជារូបនេះបានបន្ថែមថា លោកនឹងនៅតែបន្ដ និងរក្សាជំហរ ដោយមិនរត់ចោលចិនដាច់ខាត ខណៈចិនកំពុងប្រឈមមុខជាមួយនឹងកូរ៉ូណាវីរុស ហើយប្រមុខរដ្ឋាភិបាលរូបនេះថាខ្លួននឹងរក្សាជំហរ ដោះស្រាយបញ្ហាលំបាកចិន ដោយធ្វើជានយោបាយការទូត ដើម្បីបម្រើដល់ផលប្រយោជន៍កម្ពុជា ។ លោកនាយករដ្ឋមន្រ្តីដដែលនេះបានបន្ថែមទៀតថា លោកនៅតែបើកដំណើរការជើងយន្ដហោះ និងធ្វើពាណិជ្ជកម្មជាមួយចិនដដែល និងទទួលភ្ញៀវទេសចរចូលមកកម្ពុជា ដោយគ្មានការរើសអើងនោះទេ ។
គួរបញ្ជាក់ផងដែរថា បណ្ដារប្រទេសនានានៅក្នុងតំបន់ និងលើពិភពលោក កំពុងមានការព្រួយបារម្ភពីការរីករាលដាលនៃវីរុសកូរ៉ូណាដែលសាយភាយទៅកាន់ពិភពលោក ទៅតាមបណ្ដារប្រទេសរៀងៗខ្លួន ។ ងាកទៅអង្គការសុខភាពពិភពលោកបានបង្ហាញការព្រួយបារម្ភជាខ្លាំងទៅលើប្រទេសទន់ខ្សោយ ដែលមិនអាចរកឃើញវីរុសកូរ៉ូណានោះឡើយ ដោយសារតែឧបករណ៍ និងផ្នែកវេជ្ជសាស្រ្តពុំទាន់មានភាពច្បាស់លាស់ ។ អង្គការដដែលនេះបានត្រៀមចំណាយទឹកប្រាក់រហូតដល់ ៦៧៥លានដុល្លារ ដើម្បីជួយឧបត្ថមប្រទេសក្រីក្រដែលប្រឈមនឹងការឆ្លងវីរុសរាតត្បាតនេះ ។
សម្រាប់ប្រទេសកម្ពុជា ក្រសួងសុខាភិបាលបានអះអាងថាមានការឆ្លងវីរុសកូរ៉ូណាមួយករណី ហើយបានអះអាងថាបានជាសះស្បើយទៅហើយ ។ បើទោះជាមានការលើកឡើងយ៉ាងនេះក្ដី អង្គការសុខភាពពិភពលោកពុំទាន់ស្វែងរកថ្នាំព្យាបាលជម្ងឺនេះនៅឡើយទេ ហើយខណៈពេលនេះចំនួនមនុស្សកំពុងឆ្លង និងទទួលមរណភាព ដោយសារវីរុសនេះជាបន្ដបន្ទាប់នៅប្រទេសចិន ហើយបណ្ដាប្រទេសជឿនលឿនកំពុងធ្វើការស្រាវជ្រាវទៅលើការព្យាបាលជម្ងឺនេះ ដែលក្នុងនោះប្រទេសសាំងហ្គាពួរ ដែលមានលោកនាយករដ្ឋមន្រ្តីប្រទេសនេះបាននិយាយថា វីរុសនេះចម្លងឆាប់រហ័ស ប៉ុន្តែមិនកាចសាហាវដូចជាវីរុសសារ ដែលកើតឡើងក្នុងឆ្នាំ ២០០៣ នោះទេ ៕
The post សម្ដេច ហ៊ុន សែន ៖ «កម្ពុជានៅតែបើកជើងហោះហើរចិន ដោយមិនរើសអើងរឿងវីរុសកូរ៉ូណា» appeared first on ខ្មែរអ្នកអាន.