អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោក អ៊ី សាំងឡេង បានធ្វើការបង្ហាញការយល់ឃើញរបស់ខ្លួននៅលើបណ្ដាញសង្គមបន្ទាប់ពីបុគ្គលម្នាក់ដែលមាន Page បណ្ដាញសង្គមឈ្មោះថា Meng Costa page បំណងល្អពីខ្ញុំ បានបង្ហោះសំណេររៀបរាប់ពីខ្លួន និងមោទនភាពនៅពេលបានធ្វើពលករក្រៅប្រទេស ឬពាក្យអ្នកស្រុកតែងនិយាយថា កញ្ជះ នៅក្រៅប្រទេស ។ ការលើកឡើងនេះ លោកក៏បានបកស្រាយពីទុក្ខលំបាកផ្សេងៗដែលពលរដ្ឋខ្មែរ ពិសេសយុវជនកម្ពុជាដែលបានធ្វើការនៅក្រៅប្រទេសផងដែរ ក៏ដូចជាតម្លៃពលកម្មទៀតសោត ក៏ថោកជាងពលរដ្ឋកូរ៉េដែលលំដាប់ទាបផងដែរ ។ សំណេររបស់លោក អ៊ីសាំងឡេង មានដូចតទៅ ៖
កូរ៉េធ្វើចំណាកស្រុកទៅធ្វើការនៅមជ្ឍឹមបូពា៌តែរយៈពេល១០ឆ្នាំប៉ុណ្ណោះ គឺពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៨៥។ បន្ទាប់មក កូរ៉េដែលមានផ្ទៃដីតូចជាងខ្មែរពីរដង មានប្រជាជនច្រើនជាងខ្មែរ៣ដងកន្លះ បង្កើតការងារក្នុងប្រទេសគេច្រើនហូរហៀរហូតប្រជាជនគេដែលលើសខ្មែរដល់ទៅ៣ដងកន្លះនោះធ្វើមិនអស់ ហើយត្រូវយកខ្មែររាប់មឺននាក់ទៅធ្វើកម្មករអោយគេទៀត។ ខ្មែរវិញបញ្ជូនកូនរបស់ខ្លួនទៅធ្វើកម្មករគេនៅកូរ៉េរយៈពេល១៦ឆ្នាំហើយ ប៉ុន្តែបើគិតពីឋានៈក្នុងចំណោមប្រជាជនលើពិភពលោក ខ្មែរនៅតែជាប្រជាជនកម្មករ។
ពេលចេញទៅក្រៅប្រទេសក៏ជាកម្មករគេ ពេលនៅក្នុងស្រុកឯងហើយក៏នៅតែជាកម្មករគេ។ ពិតជាគួរអោយមានមោទនភាពណាស់! តើខ្មែរចាញ់បរទេសទាំងអស់នោះត្រង់ណាទៅ បានជាពួកយើងត្រូវតែមានវាសនាធ្វើកញ្ជះគេរហូតបែបនេះ? និសិត្សអារហារូបករន៍ខ្មែរបញ្ចប់សញ្ញាប័ត្រអនុបណ្ឌិតពីសកលវិទ្យាល័យនៅប្រទេសកូរ៉េ ចេះនិយាយភាសាបរទេសពីរភាសាយ៉ាងច្បាស់លាស់ គឺភាសាកូរ៉េ និងអង់គ្លេស់ ត្រលប់មកធ្វើការនៅក្រុមហ៊ុនកូរ៉េនៅខ្មែរ ទទួលបានប្រាក់ខែចន្លោះពី៦០០ដុល្លា ដល់១០០០ដុល្លាអស់ច្រើន។
ឯយុវជនកូរ៉េចប់ត្រឹមបរិញ្ញាប័ត្រហើយភាសាអង់គ្លេសប្រើការមិនបាន រឺតាចាស់កូរ៉េដែលមិនមានបរិញ្ញាប័ត្រផង ធ្វើការនៅក្រុមហ៊ុនកូរ៉េនៅខ្មែរដូចគ្នាទទួលបានប្រាក់ខែពី២៥០០ដុល្លា ដល់៣៥០០ដុល្លា។ ហេតុអី? ព្រោះអ្នកគឺជាជនជាតិខ្មែរ! ក្មេងៗខ្មែរច្រើនណាស់ជាមនុសមានទេពកោសល និងមានកំរិតភាពឆ្លាតវៃខ្ពស់ខ្លាំង ហើយជាមនុស្សដែលមានបេះដូងស្រស់ស្អាតទៅទៀតផង។ ប៉ុន្តែពួកគេត្រូវទៅធ្វើការក្រោមបង្គាប់កាកមនុស្សកូរ៉េ អោយគេជេរព្រឹកជេរល្ងាច ធ្វើការងារគ្រោះថ្នាក់ដែលជនជាតិគេមិនធ្វើ។
ក្មេងស្រីធ្វើការខាងកសិកម្មដែលជាទូទៅកន្លែងធ្វើការជាទីដាច់ស្រយាល ត្រូវប្រឈមនឹងការបៀតបៀនរាងកាយ។ លួចសម្លឹងមុខពួកគេ ចុកអួលពេញបេះដូង។ ពួកគេគឺជាជនរងគ្រោះពីមតិភាគច្រើន និងការបន្លប់យ៉ាងវក់វីនៅក្នុងសង្គមឆ្កួតមួយនេះ។ ស្រុកគេមានមហាសេដ្ឋី អ្នកប្រាជ្ញវិទ្យាសាស្ត្រ តារាវិទូ អ្នកចម្រៀង អ្នកនិពន្ធ កីឡាករដែលមានទេព្យកោសលដ៏អស្ចារ្យ មានអភិបាលខេត្ត និងតំណាងរាស្រ្តដែលកសាងជាតិរបស់គេដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ ចុះខ្មែរមិនមានយុវជនដែលអាចធ្វើបានដូចគេទេរឺ?? មាន! ប៉ុន្តែពួកគេទៅធ្វើកញ្ជះគេអស់ហើយ….!
ជិះតាមផ្លូវជាតិស្រុកខ្មែរ ឃើញវាលធំល្វើងល្វើយ សុទ្ធតែដីទំនេរ។ គ្មានអ្នកណាធ្វើទេ ម្ចាស់វាទៅធ្វើកញ្ជះគេអស់ហើយ។ ការខាតបង់ធនធានមនុស្សគឺជាការខាតបង់ដ៏ធំមហិមាររបស់ប្រទេសជាតិ។ ហើយការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ និងការរស់មិនស្មើមុខនឹងជាតិសាសន៍បរទេស គឺជាការឈឺចាប់ដ៏ខ្លាំងក្រៃលែង។ បើជនជាតិកូរ៉េមិនពាល់ត្រូវត្រង់ចំនុចនេះទេ តើពួកគេអាចបិទបញ្ចប់ការធ្វើកញ្ជៈគេនៅមជ្ឍឹមបូពាក្នុងរយៈពេល១០ឆ្នាំបានទេ? ចុះខ្មែរវិញបញ្ជូនកូនទៅធ្វើកញ្ជះគេនៅកូរ៉េ១៦ឆ្នាំហើយ តើប៉ុន្មានឆ្នាំទៀតទើបអាចបិទបញ្ចប់បាន? ១០ឆ្នាំ? ២០ឆ្នាំ? រឺ៣០ឆ្នាំតទៅមុខទៀត? ដរាបណាខ្មែរនៅតែមានមោទនៈភាពជាកម្មករចំណាកស្រុកដូចយ៉ាងអ្នកសរសេរខាងក្រោមនេះ ក្នុងចំនួនលើសលុបនោះ កុំថាឡើយ៣០ឆ្នាំ ទោះប៉ុន្មានឆ្នាំទៅមុខទៀតក៏មិនអាចទៅរួចដែរ។
បើគេមិនឈឺចាប់នឹងរឿងនេះផង តើគេមានចំនុចចាប់ផ្តើមឯណានឹងចាកចេញពីវាបាននោះ? ដើម្បីដោះស្រាយបញ្ហាបាន ត្រូវចាប់ផ្តើមពីការទទួលស្គាល់ការពិតរបស់ខ្លួនជាមុនសិន។ បើស្ថានភាពជាក់ស្តែងនៅស្រុកខ្មែរ រៀនដល់ចប់បរិញ្ញាបត្រហើយនៅមិនអាចរកចំណូលរស់បានទៀតនោះ ទៅធ្វើកញ្ជះគេនៅកូរ៉េគឺជាជំរើសមួយដែលមិនអាចបោះបង់ចោលបានហ្នឹងហើយ។
សំរាប់អ្នកយល់ពីស្ថានភាពជាក់ស្តែងរបស់ខ្លួន ពេលបានទៅធ្វើការនៅកូរ៉េ គេសប្បាយចិត្តដែរ ព្រោះគេអាចមានឳកាសរកលុយដើម្បីធ្វើកិច្ចការងារបំរើមនោសញ្ចេតនារបស់គេបាន ប៉ុន្តែចិត្តដែលតូចចិត្តនឹងជាតិខ្លួនក៏តែងកើតមានផងដែរ។ ប្រទេសខ្មែរមិនមែនបាននិងកំពុងអភិវឌ្ឍទេ តែបាន និងកំពុងវ័ណ្ណកនឹងបំណុលបរទេសកាន់តែធ្ងន់ទៅៗរៀងរាល់ឆ្នាំ ព្រោះខ្មែរជាប្រទេសមិនផលិត ហើយខ្ចីលុយពីគេយកទៅទិញឥវ៉ាន់ពីគេវិញទៀត។ ស្ថានភាពប្រទេសខ្លួនបែបនេះ ហៅគ្នាអោយចំៗបន្តិចទៅក្រែងលមានអ្នកភ្ញាក់ខ្លួនមកចូលរួមជួយគិតគូររឿងជាតិខ្លះ!

The post អនុប្រធានបក្ស LDP បង្ហាញការយល់ឃើញលើមនុស្សដែលមោទនភាពនឹងធ្វើ «កញ្ជះ» ក្រៅប្រទេស appeared first on ខ្មែរអ្នកអាន.