បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃទៅលើសម្ដីរបស់លោក ឈាង វុន ប្រធានគណកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋសភា បានបកស្រាយថា ខ្លួននិយាយបែបនោះតាមគេប្រាប់នោះទេ រឿងករណីលោកបាននិយាយបកស្រាយទៅលើកម្មករធ្វើពុតឃុបឃិតជាមួយពេទ្យដើម្បីយកលុយ ប.ស.ស ។ នេះបើតាមសារព័ត៌មាន អាម៉ាប៉ាប៉ា បានចុះផ្សាយកាលពីល្ងាចថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៩កន្លងថ្មីៗនេះ ។
ក្រោយពីមានការរិះគន់ និងប្រតិកម្មពីសំណាក់មហាជន ពិសេសកម្មករកម្មការិនី ដែលធ្វើការរោងចក្រ លោក ឈាង វុន ប្រធានគណកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋសភា បានបកស្រាយប្រាប់ត្រឡប់ទៅមហាជនវិញថា លោកនិយាយបែបនេះគឺពុំមែនជាមតិរបស់លោកដែលនិយាយខ្លួនឯងនោះទេ ព្រោះលោកគ្រាន់តែជាអ្នកនាំពាក្យសភាប៉ុណ្ណោះ ។

លោកបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំអត់មានអីខ្វាយខ្វល់ពីគេចុះអាក្រក់អំពីខ្ញុំនោះទេ ខ្ញុំមានតួនាទីរបស់ខ្ញុំមួយគឺខ្ញុំធ្វើការងាររបស់ខ្ញុំ ។ អារឿងដែលក្មួយសួរខ្ញុំនេះ ពូបញ្ជាក់បន្ថែមទៀត មិនមែនជាយោបល់របស់ពូផ្ទាល់ទេ ។ ពូគ្រាន់តែជាអ្នកនាំពាក្យរបស់រដ្ឋសភា ។ នៅពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍ប្រជុំរួចហើយ ឬសភាប្រជុំហើយ ការសម្រេចទាំងឡាយរបស់រដ្ឋសភា ពូត្រូវមានតម្លាភាព និយាយជូនប្រជាពលរដ្ឋ ជូនអ្នកសារព័ត៌មានស្ដាប់។ »

គួរបញ្ជាក់ផងដែរថាលោក ឈាង វុន ដែលជាអ្នកនាំពាក្យរដ្ឋសភា បានធ្វើការលើកឡើងថា កាលពីថ្ងៃទី ០១ ខែតុលា នៅវិមានរដ្ឋសភា លោកបាននិយាយដោយមានអ្នកយកខ្សែវីដេអូដែលលោកនិយាយទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Facebook រាប់ពាន់ Share ដែលលោកបាននិយាយថា ប្រាក់ចំណូលរដ្ឋត្រូវបានបាត់បង់តាមរយៈនៃការឃុបឃិតក្លែងបន្លំ ទៅលើកម្មករមួយចំនួន ដែលពាក់ព័ន្ធនឹងអ្នកដែលធ្វើពុតជាឈឺ ដើម្បីទទួលបានការឈប់សម្រាកពីការងារ ដោយមានការឃុបឃិតជាមួយគ្រូពេទ្យដើម្បីចែកលុយគ្នា ដែលបានពីបេឡាជាតិរបបសន្ដិសុខសង្គម ដែលហៅកាត់ថា ប.ស.ស និងចេញវិក្កយប័ត្រសម្រាប់ការព្យាបាលជាដើម ៕
The post លោក ឈាង វុនប្រាប់ថា រឿងកម្មករធ្វើពុតឈឺដើម្បីបានលុយប.ស.ស លោកនិយាយតាមគេទេ appeared first on ខ្មែរអ្នកអាន.