បើយោងទៅតាមសារព័ត៌មានថ្មីៗ ចុះថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩នាពេលកន្លងទៅនៅចុងនៃអត្ថបទបានបញ្ជាក់ថាចំនួនវត្តនៅកម្ពុជាមានរហូតដល់ជាង ៥០០០វត្ត ឯសង្ឃដែលបួសកើនឡើងជាង ៦០,០០០អង្គឯណោះ ដែលបង្ហាញពីការបាត់កម្លាំងពលកម្មជាតិយ៉ាងច្រើន ខណៈកម្ពុជាកំពុងក្លាយជាប្រទេសក្រីក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

សូមអានព័ត៌មានពិស្ដារ ស្ដីពីការចុះផ្សាយរបស់សារព័ត៌មានថ្មីៗ ដែលសម្ដេចស ខេង បានចុះទៅកាត់ខណ្ឌសីមា ៖
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេច ស ខេង បានលើកឡើងពីការរីកចម្រើននៃសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាមនៅកម្ពុជា ដែលចំណាយមិនតិចជាងរាប់រយលានដុល្លារនោះទេ។ ទន្ទឹមសរសើរការអភិវឌ្ឍក្នុងវត្តអារាមផ្នែករឹង សម្ដេចបានជំរុញឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀតលើផ្នែកទន់ គឺធ្វើយ៉ាងណាឲ្យវត្តអារាម ឬព្រះពុទ្ធសាសនា កាន់តែមានឥទ្ធិពលដល់ការប្រព្រឹត្តល្អរបស់មនុស្សក្នុងសង្គម។

សម្ដេច ស ខេង បានលើកឡើងដូចនេះក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានានៅវត្តនទីជោត្តនារាម ហៅវត្តខ្យោកជើង ស្ថិតនៅឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី២៥ខែឧសភា។

សម្ដេច ស ខេង មានប្រសាសន៍ដូច្នេះថា៖«យើងអភិវឌ្ឍហេដ្ឋារចសម្ព័ន្ធផ្នែករឹង គឺបានឆាប់រហ័សណាស់។ ចង់និយាយថាយើងធ្វើវត្ត ធ្វើកុដិ ធ្វើព្រះវិហារ ឧបដ្ឋានសាលា យើងធ្វើបានលឿនណាស់ ហើយចំណាយលុយរាប់ពាន់លាន បើមិនដល់ពាន់លាន ក៏រាប់រយលានដុល្លារដែរ ដែលជាការចំណាយធំណាស់»។

ទន្ទឹមនឹងរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធតាមវត្តអារាម សម្ដេច ស ខេង ជំរុញឲ្យគិតគូរដល់ការពង្រឹងឥទ្ធិពលព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍ដល់សង្គម។ លោកថ្លែងដូចនេះថា៖«អ៊ីចឹងផ្នែករឹង គឺខ្លាំងហើយ តែខ្ញុំព្រះករុណា ចង់បង្វែរអារម្មណ៍ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យពុទ្ធសាសនារបស់យើងកាន់មានមានឥទ្ធិពលជ្រាលជ្រៅ កាន់តែរឹងមាំថែមទៀត។ យើងកសាងបានវត្តអារាមហើយ ប៉ុន្តែបើគ្រាន់តែមានវត្តអារាម តែបើមិនមានអ្នកគោរពតាមធម៌ព្រះពុទ្ធបានច្រើនបានល្អ វត្តអារាមក៏អត់មានប្រយោជន៍ដែរ»។

សម្ដេចបន្តយ៉ាងនេះទៀតថា៖«យើងធ្វើយ៉ាងម៉េចទាញផលប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង ទាញផលប្រយោជន៍ពីព្រះវិហារ ពីវត្តទាំងនោះ យកមកធ្វើយ៉ាងម៉េចបម្រើសង្គមជាក់ស្ដែងរបស់យើង ព្រោះវត្តគឺជាមជ្ឈមណ្ឌលអប់រំមនុស្សឲ្យធ្វើអំពើល្អ លុបបំបាត់នូវអំពើមិនល្អ នោះហើយជាបញ្ហាសំខាន់»។
បច្ចុប្បន្នកម្ពុជា មានវត្តអារាមជាង ៥០០០វត្ត និងព្រះសង្ឃជាង ៦០០០០អង្គ៕


ប្រភព៖ ThmeyThmey
The post សព្វថ្ងៃ វត្តអារាមនៅកម្ពុជាឡើងជាង ៥,០០០វត្ត និងសង្ឃជាង៦០,០០០អង្គ appeared first on Khmer Readers.