ជាថ្មីម្ដងទៀត លោក ខឹម វាសនា បានធ្វើការចង្អុលបង្ហាញប្រាប់ទៅកាន់ប្រជាពលរដ្ឋខ្មែរ ទាំងឡាយទាំងក្នុងស្រុកនិងក្រៅស្រុក នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះសារនយោបាយរបស់ខ្លួន សម្រាប់ផ្ញើរសារទៅពួកគាត់ ឲ្យត្រិះរិះពិចារណា ក្នុងការសម្រេចចិត្តរបស់ពួកគាត់នាពេលបោះឆ្នោតខាងមុខ ។
ជាក់ស្ដែងណាស់ លោក ខឹម វាសនា បានបកស្រាយប្រាប់ពីយន្ដការ ៨ ចំណុចរបស់លោក ដែលវាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ និងផ្ដល់ការទទួលខុសត្រូវដ៏ច្រើនសម្រាប់អ្នកកាន់ការងារស្រុកទេស តាមឆន្ទៈនិងមនសិការរបស់អ្នកដឹកនាំ ប្រកបដោយការទទួលខុសត្រូវ ។
លោកបានបញ្ជាក់ផងដែរថា ជាង១០ឆ្នាំមកហើយ ដែលលោកបានធ្វើការពន្យល់ប្រាប់ទៅកាន់ប្រជាពលរដ្ឋខ្មែរ ត្រង់ចំណុចនេះ ហើយបានប្រាប់ផងដែរថា ប្រជាពលរដ្ឋកំពុងយល់ច្រឡំខ្លាំងទៅលើពាក្យថា ប្រជាធិបតេយ្យ ដោយលោកបានសង្កត់ធ្ងន់ទៅលើចំណុចខុសនោះថា ដោយគិតថាអ្នកដឹកនាំល្អ គឺប្រជាធិបតេយ្យតែម្ដង តែមិនដូច្នោះឡើយ ។
លោកបានពន្យល់ប្រជាពលរដ្ឋ និងអ្នកគាំទ្រក្នុងវេទិការសាធារណៈថា ៖
«ប្រជាធិបតេយ្យ គឺជាទម្រង់នៃការដឹកនាំរដ្ឋ ដែលសិទ្ធិនិងអំណាចត្រូវឋិតក្នុងដៃរបស់ប្រជាពលរដ្ឋជាអចិន្ត្រៃយ៍ ។ ដើម្បីរក្សាសិទ្ធិ និងអំណាចនៅក្នុងដៃប្រជាពលរដ្ឋជាអចិន្ត្រៃយ៍ ការធ្វើឲ្យមានតុល្យភាពអំណាចរវាងអ្នកកាន់ការងារស្រុកទេស និងប្រជាពលរដ្ឋជារឿងចាំបាច់ ដែលខានមិនបាន ៕»
លោកបានបញ្ជាក់រឿងនេះ ម្ដងហើយម្ដងទៀត ទៅកាន់ប្រជាពលរដ្ឋខ្មែរ ឲ្យបានយល់ច្បាស់ពីអ្វីដែលលោកចង់បាន គឺដើម្បីប្រជាពលរដ្ឋខ្មែរ ដោយលោកបានបញ្ជាក់ថា លោកប្រឆាំងបក្សកាន់អំណាច បក្សប្រឆាំងនានា (ដែលមានគំនិតចង់ធ្វើដូចបក្សកាន់អំណាច) អង្គការសង្គមស៊ីវិល សុទ្ធតែអ្នកវិភាគល្បីៗ និងបណ្ឌិត និងប្រឆាំងទៅលើការគិតរបស់ប្រជាពលរដ្ឋខ្មែរអំពីប្រជាធិបតេយ្យនោះទៀតផង ដោយលោកប្រាប់ឲ្យប្រជាពលរដ្ឋខ្មែរ យកទៅគិតពិចារណាចុះ ។
លោក ខឹម វាសនា ប្រាប់ថាខ្លួនឈឺចាប់ណាស់ ពេលដែលរដ្ឋាភិបាល និងបក្សប្រឆាំងធ្វើអាជីវកម្មលើការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ដោយលោកពន្យល់ថា លោកបានធ្វើការដេកគិតតាំងតែអំពីនៅបក្សសម រង្ស៊ីមកម្លេះដើម្បីរកវិធីនាំប្រជាពលរដ្ឋ ឲ្យភ្ញាក់ខ្លួន និងកសាងសង្គមរបស់ខ្លួនឡើងវិញ និងចៀសផុតពីអ្នកនយោបាយបោកប្រាស ។
លោកបានធានាដល់ការអភិវឌ្ឈប្រទេសកម្ពុជា ឲ្យទៅជាប្រទេសរីកចម្រើនដ៏ខ្លាំងមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដោយបានលើកឧទាហរណ៍ពីប្រទេសដែលពិភពលោកពិបាកទទួលស្គាល់ថាជាប្រទេសដូចជាតៃវ៉ាន់ទៀតផង ដែលលោកបាននិយាយថា លោកនឹងធ្វើឲ្យប្រទេសកម្ពុជារីកចម្រើនគ្រប់វិស័យតែម្ដង តែលោកនៅតែនិយាយថា ទាល់តែប្រជាពលរដ្ឋចូលរួមធ្វើគ្នា ទើបទៅមុខបាន ដោយលោកបាននិយាយកំប្លែងថា លោកមិនអាចជប់ឲ្យចេញបានឡើយ ។
សូមទស្សនាវីដេអូខាងក្រោម និងពិចារណាទាំងអស់គ្នា៖
The post លោក ខឹម វាសនា ៖ បក្សកាន់អំណាច និងបក្សប្រឆាំង ធ្វើអាជីវកម្មលើការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ(វីដេអូ) appeared first on Khmer Readers.