មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ជាស្ថាពរហើយ នៅល្ងាចថ្ងៃអាទិត្យ ទី២១មករានេះ។ តាមរយៈមហាសន្និបាតនេះ តំណាងទូទាំងប្រទេសរបស់បក្សកាន់អំណាចជាង២ពាន់៤រយនាក់ បានសម្រេចចិត្តលើប្រធានរឿងសំខាន់ៗចំនួន៧។ សេចក្ដីសម្រេចចិត្តមួយក្នុងចំណោមនោះគឺ គាំទ្របេក្ខភាពលោក ហ៊ុន សែន ប្រធានគណបក្ស ជានាយករដ្ឋមន្ដ្រីសម្រាប់ការបោះឆ្នោតជាតិនីតិកាលទី៦ ឆ្នាំ២០១៨នេះជាបន្តទៀត។

នៅក្នុងសេចក្ដីសម្រេចចិត្តកម្រាស់៤ទំព័រ មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជន បានគូសបញ្ជាក់ថា នៅលើមាគ៌ានៃជ័យជំនះនិងដំណើរឆ្ពោះទៅមុខទៀត មហាសន្និបាតគាំទ្របេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីសម្រាប់ការបោះឆ្នោតជាតិនីតិកាលទី៦ ដែលនឹងរៀបចំធ្វើនៅចុងខែកក្កដាឆ្នាំ នេះ។
ចំពោះការបោះឆ្នោតវិញ មហាសន្និបាតគណបក្សប្រជាជនបានអះអាងថា នឹងចូលរួមជាមួយរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សនយោបាយ និងមជ្ឈដ្ឋាននានា ក្នុងការរក្សាបរិយាកាសនយោបាយល្អប្រសើរ។ បរិយាកាសនយោបាយល្អប្រសើរនេះ គឺជាការធានាថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាក្នុងខែកុម្ភៈ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងខែកក្កដា អាចប្រព្រឹត្តទៅបានដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋ។ នេះបើតាមសេចក្ដីសម្រេចរបស់មហាសន្និបាតគណបក្សប្រជាជន។
សម្រាប់កិច្ចការផ្ទៃក្នុងគណបក្ស មហាសន្និបាតបានអនុម័តនូវកម្មវិធីនយោបាយសម្រាប់ការកសាងនិងការពារមាតុភូមិ ឆ្នាំ២០១៨ ដល់២០២៣។ ជាកម្មវិធីដែលផ្ដោតលើការការពារឯករាជ្យ និងបូរណភាពទឹកដី ក៏ដូចជាសន្តិភាព ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជន ការពាររបបរាជានិយម លើកស្ទួយលិទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពពលរដ្ឋ និងការគោរពច្បាប់ជាដើម។ រចនាសម្ព័ន្ធគណៈកម្មាធិការកណ្ដាលគណបក្ស បានប៉ោងឡើងពីចំនួន ៥៤៥រូប ដល់៨៦៥រូប ខណៈសមាជិកគណៈកម្មាធិការកណ្ដាលចំនួន២២រូបត្រូវលុបឈ្មោះចោលក្រោយពេលទទួលមរណភាព។ ឆ្លៀតក្នុងឱកាសនេះ មហាសន្និបាតបក្សមិនភ្លេចទេ អំពាវនាវឲ្យសមាជិករបស់ខ្លួនគ្រប់ជាន់ថ្នាក់ ប្រកាន់សាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីអនុវត្តទិសដៅដែលបានដាក់ចេញឲ្យបានសម្រេច ជាការឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាជន។
ជាការកត់សម្គាល់ ក្រៅពីផ្ដោតសំខាន់លើបញ្ហាផ្ទៃក្នុងបក្សហើយ មហាសន្និបាតគណបក្សប្រជាជនកម្ពុជា ក៏បានកត់សម្គាល់ អំពីបញ្ហាគណបក្សប្រឆាំងដែលត្រូវតុលាការកំពូលរំលាយចោលផងដែរ។ សម្រាប់គណបក្សកាន់អំណាច អតីតគណបក្សសង្គ្រោះជាតិបានប្រើឧបាយកលបដិវត្តន៍ពណ៌ ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ដោយមានការជួយជ្រោមជ្រែងពីមជ្ឈដ្ឋានខាងក្រៅ។ ប៉ុន្តែតាមរយៈការប្រើប្រាស់វិធានការច្បាប់រាំងស្កាត់អំពើនេះ គណបក្សកាន់អំណាចចាត់ទុកថា ខ្លួនបានការពារឯករាជ្យ អធិបតេយ្យជាតិ សន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ និង លទ្ធិប្រជាធិបតេយ្យ ឲ្យបន្តដំណើរទៅមុខទៀតតាមគន្លងដ៏ត្រឹមត្រូវ។ នេះបើតាមមហាសន្និបាតគណបក្សប្រជាជនកម្ពុជា៕
ប្រភព៖ វិទ្យុបារំាងខេមរភាសា
The post មហាសន្និបាតបក្សកាន់អំណាចគាំទ្របេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីបន្តទៀត appeared first on Khmer Readers.