នៅប្រទេសចិន មេធាវីមួយរូប ត្រូវបានប៉ូលីសឃាត់ខ្លួននៅទីក្រុងប៉េកាំងនាថ្ងៃសុក្រនេះ ២៤ម៉ោងបន្ទាប់ពីគាត់បានអំពាវនាវឲ្យរបបកុម្មុយនិស្តចិន កែប្រែរដ្ឋធម្មនុញ្ញ ដើម្បីការបោះឆ្នោតប្រធានាធិបតី ដោយសេរីនៅក្នុងប្រទេសចិន។
ប៉ូលីសចិន ប្រមាណជា១០នាក់ ដែលមានកងកម្លាំងពិសេសដែរនោះ បានចាប់ខ្លួនមេធាវី Yu Wensheng នៅខណៈពេល គាត់កំពុងនាំកូនៗរបស់គាត់ទៅសាលារៀន។ រីឯ ប៉ូលីសចិនដែលទីភ្នាក់ងារព័ត៌មានបារាំង AFP ទាក់ទងសាកសួរព័តមានពីបញ្ហាចាប់ខ្លួនមេធាវីចិននៅព្រឹកមិញនេះ ក៏បដិសេធថាពុំបានដឹងពីរឿងនេះទេ។
នៅមួយថ្ងៃមុននេះ លោក Yu Wensheng បានធ្វើលិខិតចំហរមួយផ្ញើជូនដល់ក្រុមអ្នកកាសែត ដែលក្នុងលិខិតនោះ គាត់បានអំពាវនាវ ឲ្យទីក្រុងប៉េកាំងធ្វើកំណែទម្រង់ប្រព័ន្ធនយោបាយ និង អនុញ្ញាតជាអាទិ៍ ការបោះឆ្នោតប្រធានាធិបតីជាសកលនិងមានបេក្ខជនចូលរួមច្រើន។ នៅក្នុងលិខិតចំហរនោះ មេធាវីចិនបានលើកឡើងទៀតថា”ការតែងតាំងមនុស្សម្នាក់ ឲ្យធ្វើជាប្រធានាធិបតី តាមរយៈការបោះឆ្នោតគណបក្សតែមួយគត់នោះ គឺពុំមែនជាការបោះឆ្នោតទេ”“ចំណែកប្រធានាធិបតីវិញ ក៏ពុំបាទទួលទំនុកទុកចិត្តពីប្រជាជាតិ ឬសង្គមស៊ីវីល ឬក៏ពីប្រទេសក្រៅផងដែរ”។
គួររំលឹកថា លោកប្រធានាធិតបតី Xi Jinping កាលពីខែតុលាឆ្នាំមុន ត្រូវបានតែងតាំងសារជាថ្មីនៅក្នុងមុខតំណែងជាប្រមុខគណបក្សកុម្មុយនិស្តចិន(PCC)និង ក៏ត្រូវជាប់ឆ្នោតសារជាថ្មីជាប្រមុខរដ្ឋចិនសំរាប់អាណតិ៥ឆ្នាំ នៅខែមីនាខាងមុខនេះ។
ហើយកាលពីឆ្នាំ ២០១៦ លោកមេធាវី Yu Wensheng ត្រូវបានគេស្គាល់មុខច្បាស់ ក្រោយពីគាត់បានប្តឹងសាលាក្រុងនៅប៉េកាំង អំពីការបំពុលបរិយាកាសនៅក្នុងតំបន់។
នារយៈពេលថ្មីៗនេះ រូបគាត់ត្រូវគេ បញ្ឈរជើងពីមុខវិជ្ជាជីវៈ ហើយការដាក់ពាក្យរបស់គាត់សុំចុះឈ្មោះការរិយាល័យថ្មីមួយ ក៏ត្រូវអាជ្ញាធរបដិសេធដែរ-នេះបើយោងតាមអង្គការការពារសិទ្ធិមនុស្សAmnesty International ដែល មានការមន្ទិលសង្ស័យ ខ្លាចលោក មេធាវីចិន អាចប្រឈមមុខនឹងការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើវិទ្ធង្សនា”។
គួរបញ្ជាក់ថា ការចោទប្រកាន់ធំៗបែបនេះ ត្រូវបានគេធ្វើម្តងមកហើយកាលពីខែមុនដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៨ឆ្នាំ លើសកម្មជនអ្នកប្រឆាំងមួយរូបឈ្មោះ Wu Gan៕
ប្រភព៖ វិទ្យុបារាំង RFI Khmer
The post មេធាវីចិនមា្នក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយហេតុ ទាមទារការបោះឆ្នោតដោយសេរី appeared first on Khmer Readers.