តាមរយៈទំព័រហ្វេសប៊ុកកាលពីយប់មិញ លោកសម រង្ស៊ី ដែលធ្លាប់ជាប្រធានអតីតបក្សសង្រ្គោះជាតិបានផ្ញើសារដល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ឲ្យដោះលែងលោកកឹម សុខា។ លោកកឹម សុខា ដែលនឹងត្រូវឡើងតុលាការកំពូលនៅថ្ងៃទី២២ សីហាក្នុងសប្តាហ៍នេះ។ បើតាមសំណេររបស់លោកសម រង្ស៊ី ការដោះលែងលោកកឹម សុខា ជារឿងសំខាន់ ដើម្បីការពារភាពស្របច្បាប់របស់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយការបោះឆ្នោត។

គឺតាមរយៈទំព័រហ្វេសបុក លោកសម រង្ស៊ី បានសរសេរថា “ក្រោយពីគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានទទួលជ័យជំនះ១០០ភាគរយក្នុងការបោះឆ្នោតថ្ងៃទី២៩ កក្កដាកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា គួរតែដោះលែងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលគេបានរំលាយនៅមុនថ្ងៃបោះឆ្នោត”។ បើតាមលោកសម រង្ស៊ី ប្រសិនបើរដ្ឋាភិបាលលោកហ៊ុន សែន មិនព្រមដោះលែងលោកកឹម សុខាក្រោយពីខ្លួនឈ្នះការបោះឆ្នោតទាំងស្រុងទេនោះ រដ្ឋាភិបាលកម្ពុជាច្បាស់ជាកាន់តែពិបាកការពារភាពស្របច្បាប់របស់ខ្លួន ដែលលោកសម រង្ស៊ី បញ្ជាក់ថា បានធ្លាក់ចុះខ្លាំងទៅហើយ នៅចំពោះមុខសហគមន៍អន្តរជាតិ។ ជាមួយគ្នានេះ លោកសម រង្ស៊ី បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាត្រូវតែទម្លាក់ចោលការចោទប្រកាន់ពីបទ “ក្បត់ជាតិ” មកលើទាំងលោកកឹម សុខា និងមកលើទាំងខ្លួនលោក ដែលធ្លាប់ជាប្រធានអតីតប្រធានគណបក្សសង្គ្រោះជាតិ។

ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានអះអាងថា ការលើកឡើងរបស់លោកសម រង្ស៊ីនេះ គឺគ្រាន់តែចង់នាំឲ្យមាននិទណ្ឌភាពនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ លោកអះអាងបន្ថែមថា ការដោះលែងឬមិនដោះលែងលោកកឹម សុខា គឺគ្មានអ្វីជាប់ទាក់ទងទៅនឹងភាពស្របច្បាប់របស់រដ្ឋាភិបាលកម្ពុជាថ្មី ដែលកើតចេញពីការបោះឆ្នោតនោះឡើយ។ សម្រាប់លោកសុខ ឥសាន រដ្ឋាភិបាលថ្មីគឺស្របច្បាប់រួចទៅហើយ ព្រោះថា មានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលុបបានបោះឆ្នោតឲ្យបង្កើតរដ្ឋាភិបាលថ្មីនេះ។

គួរកត់សម្គាល់ថា ការលើកឡើងរបស់លោកសម រង្ស៊ី ដែលចង់មានការដោះលែងលោកកឹម សុខានេះ ធ្វើឡើងមុនសវនាការលោកកឹម សុខា នៅតុលាការកំពូលនាថ្ងៃទី២២ សីហាខាងមុខនេះ។ អ្នកតាមដានស្ថានការនយោបាយ និងសង្គមកម្ពុជាមើលឃើញថា លោកកឹម សុខា អាចនឹងត្រូវដោះលែងឡើងវិញ ដើម្បីបន្ធូរស្ថានការណ៍នៅក្រោយការបោះឆ្នោត។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច បានអះអាងថា វាមិនអាចទៅរួច ដែលត្រូវដោះលែងលោកកឹម សុខា ព្រោះតែស្ថានភាពនយោបាយនោះ។ លោកថា រឿងលោកកឹម សុខា គឺជាបញ្ហាផ្លូវច្បាប់ មិនមែនជារឿងនយោបាយឡើយ ៕
ប្រភពទាំងស្រុង ៖ RFI Khmer
The post លោកសម រង្ស៊ីថា រដ្ឋាភិបាលកម្ពុជាគួរតែដោះលែងលោកកឹម សុខា ដើម្បីការពារភាពស្របច្បាប់ខ្លួន appeared first on Khmer Readers.