ណាសា(Nasa) បាញ់បញ្ជូនផ្កាយរណបមួយនៅថ្ងៃអាទិត្យទី១២ សីហា ២០១៨នេះ ដើម្បីទៅសិក្សាពីអាថ៌កំបាំងរបស់បរិយាកាសព្រះអាទិត្យ។ ណាសាត្រូវបាញ់បញ្ជូនរ៉ុកកែតផ្ទុកឧបករណ៍ស្ទង់ឈ្មោះParker នៅថ្ងៃសៅរ៍ទី ១១សីហា ឆ្នាំ២០១៨ ប៉ុន្តែគេបានប្រកាសផ្អាកលើកពេលទៅវិញ ដោយសារបញ្ហាបច្ចេកទេស។ គោលដៅចំបងរបស់ឧបករណ៍Parker គឺទៅស្វែងរកចម្លើយឲ្យអ្នកវិទ្យាសាស្រ្តដែលរហូតមកដល់ពេលនេះនៅតែឆ្ងល់ថា ហេតុអ្វីបានជាបរិយាកាសរបស់ព្រះអាទិត្យមានកំដៅក្តៅខ្លាំងជាងព្រះអាទិត្យទៅទៀតនោះ។
ទីភ្នាក់ងារអវកាសណាសាត្រូវបាញ់បង្ហោះឧបករណ៍Parkerនេះ ទៅដាក់នៅក្បែរផ្កាយព្រះអាទិត្យ។ Parker ជាឧបករណ៍ស្ទង់លើកដំបូងបំផុត ដែលអ្នកវិទ្យាសាស្រ្តអាចបញ្ជូនទៅឲ្យហោះជិតព្រះអាទិត្យបំផុត។ ឧបករណ៍ស្ទង់Parker យកតាមឈ្មោះរបស់លោកEugene Parker ជាតារាវិទូអាមេរិកាំង ជំនាញខាងព្រះអាទិត្យ អាយុ៩១ឆ្នាំ។ Parkerអាចធន់កំដៅចាប់ពីជាង១ពាន់អង្សាឡើងទៅ។
អ្នកវិទ្យាសាស្រ្តសង្ឃឹមថា តាមរយៈឧបករណ៍Parker គេនឹងអាចរកចម្លើយនឹងសំណួរដែលគេចោទសួររហូតមកថា ហេតុអ្វីបានជាបរិយាកាសរបស់ព្រះអាទិត្យ ក្តៅខ្លាំងជាងផ្ទៃព្រះអាទិត្យទៅទៀតនោះ។ ផ្ទៃព្រះអាទិត្យមានកំដៅ៦ពាន់អង្សារ ប៉ុន្តែបរិយាកាសរបស់ព្រះអាទិត្យវិញ ក្តៅខ្លាំងជាងផ្ទៃព្រះអាទិត្យដល់ទៅ៣០០ដងឯណោះ គឺប្រមាណពី១ទៅ៣លានអង្សារ។
បច្ចេកវិទ្យាដ៏ទំនើប
នៅពេលParkerហោះទៅក្បែរព្រះអាទិត្យ ឧបករណ៍Parkerនេះ ត្រូវបានការពារដោយរបាំងដែលអាចធន់នឹងកំដៅខ្ពស់ជាង១ពាន់អង្សារឯណោះ។ វានឹងហោះនៅឆ្ងាយជាង៦លានគីឡូម៉ែត្រពីផែនដី និងនៅឆ្ងាយជាងបរិយាកាសរបស់ព្រះអាទិត្យ។ ដូច្នេះវានឹងមិនអាចត្រូវឆេះខ្លោចនោះទេ។
ឧបករណ៍ស្ទង់Parkerដែលមានតម្លៃ១ពាន់៥រយលានដុល្លារ បានបង្ហាញពីការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យាសព្វថ្ងៃនេះ។ អ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារអវកាសNasa បាននិយាយថា ឧបករណ៍ស្ទង់Parkerវិលជុំវិញព្រះអាទិត្យចំនួន២៤ដងក្នុងរយៈពេល៧ឆ្នាំ អាចរត់ក្នុងល្បឿនដែលលឿនខ្លាំងដែលមិនធ្លាប់មានពីមុនមក។ វាអាចរត់បានជិត៧សែនគីឡូម៉ែត្រក្នុងមួយម៉ោង ឬអាចថាហោះពីញូវយ៉កទៅ តូក្យូ គេត្រូវការពេលតែ១មួយនាទីប៉ុណ្ណោះជាមួយនឹងឧបករណ៍Parker។
Parkerទៅបំបែកអាថ៌កំបាំងរបស់ព្រះអាទិត្យ
ចម្លែកខុសស្រឡះពីភ្លើងឆេះធម្មតាដែលកន្លែងក្តៅខ្លាំងគឺនៅចំណុចកណ្តាល តែព្រះអាទិត្យ នៅចំណុចកណ្តាលរបស់វា មានកំដៅក្តៅតិចជាងបរិយាកាសរបស់វាទៅទៀត។ អាចនិយាយបានថា កាន់តែឃ្លាតឆ្ងាយពីព្រះអាទិត្យ កំដៅរបស់ព្រះអាទិត្យកាន់តែក្តៅខ្លាំង។
បើសិនគេសម្រេចបានជោគជ័យនៃការបាញ់បង្ហោះឧបករណ៍ស្ទង់Parkerបានមែននោះ គឺថានេះជាលើកទី១ក្នុងប្រវត្តិស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តដែលគេអាចបញ្ជូនឧបករណ៍ស្ទង់មួយទៅហោះនៅក្បែរផ្កាយព្រះអាទិត្យបំផុត។ ព្រះអាទិត្យស្ថិតនៅចម្ងាយ ១៤៩លានគីឡូម៉ែត្រពីផែនដី ប៉ុន្តែឧបករណ៍ស្ទង់Parker នឹងទៅស្ថិតនៅចម្ងាយតែ៦លានគីឡូម៉ែត្រប៉ុណ្ណោះ។ គេលើកឧទាហរណ៍ប្រៀបធៀបថា បើសិនផែនដីស្ថិតនៅចម្ងាយ១ម៉ែត្រពីព្រះអាទិត្យ ឧបករណ៍ស្ទង់Parkerស្ថិតនៅចម្ងាយតែ៤សង់ទីម៉ែត្រប៉ុណ្ណោះពីព្រះអាទិត្យ។ នៅក្នុងបេសកកម្មរយៈពេល៧ឆ្នាំ ឧបករណ៍ស្ទង់Parkerនឹងហោះជុំវិញផ្កាយព្រះអាទិត្យបាន២៤ដង។
ក្រៅតែពីចង់ដឹងថា ហេតុអ្វីបានជាបរិយាកាសរបស់ព្រះអាទិត្យក្តៅខ្លាំងជាងព្រះអាទិត្យទៀតនេះ អ្នកវិទ្យាសាស្រ្តចង់យល់ផងដែរថា ហេតុអ្វី បានភាគល្អិតហើយនឹងម៉ាញ៉េទិករបស់ព្រះអាទិត្យ អាចបង្កើតព្យុះអេឡិចត្រូម៉ាញេទិក? រហូតមកដល់ពេលនេះ ព្យុះព្រះអាទិត្យជះរហូតមកដល់ផែនដី បានស្តែងឲ្យឃើញក្នុងបាតុភូតពន្លឺពណ៌បៃតងនៅតំបន់ភាគខាងជើងរបស់ផែនដី ប៉ុន្តែពេលខ្លះព្យុះព្រះអាទិត្យដែលកើតមានប្រភពមកពីបរិយាកាសព្រះអាទិត្យ ក៏អាចជះឥទ្ធិពលអាក្រក់ផងដែរមកលើផែនដី ដូចជាបំផ្លាញផ្កាយរណប ធ្វើឲ្យបណ្តាញទំនាក់ទំនងទូរសារគមនាគមន៍លើផែនដីរអាក់រអួល ឬ បណ្តាញអគ្គិសនីនៅលើផែនដីដែរ។
ជាមួយនឹងកាម៉េរ៉ា ឧបករណ៍ស្ទង់Parker នឹងប្រមូលយកព័ត៌មានសំខាន់ៗទាក់ទងនឹងបរិយាកាសរបស់ព្រះអាទិត្យ ដូចជាភាគល្អិត ម៉ាញ៉េទិក ហើយនិងថាមពលអេឡិចត្រិកជាដើម។ នៅពេលគេដឹងពីប្រព័ន្ធដំណើរការរបស់បរិយាកាសរបស់ព្រះអាទិត្យ នោះគេនឹងអាចរកវិធានការសម្រាប់ទប់ទល់នឹងព្យុះព្រះអាទិត្យ ឬនិងរកមធ្យោបាយដើម្បីការពារជីវិតរបស់អវកាស ឬផ្កាយរណបដែលរហូតមកដល់ពេលនេះ នៅតែប្រឈមនឹងគ្រោះថ្នាក់ ឬការបំផ្លាញពីខ្យល់ព្យុះព្រះអាទិត្យ៕
ប្រភពអត្ថបទ៖RFI
The post NASAបង្កើតបានឧបករណ៍ថ្មីមួយសម្រាប់បង្ហោះទៅជិតព្រះអាទិត្យដើម្បីបំបែកកំណត់ត្រាអ្នកវិទ្យាសាស្ត្រ appeared first on Khmer Readers.