គណបក្សនយោបាយទាំង២០ដែលបានចូលរួមប្រកួតក្នុងការបោះឆ្នោតនីតិកាលទី៦នេះ មានរយៈពេល៧២ម៉ោង ដើម្បីប្តឹងទាស់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតដែលត្រូវបានផ្សព្វផ្សាយកាលពីព្រឹកម៉ោង៧នៃថ្ងៃទី១១ខែសីហាឆ្នាំ២០១៨ កន្លងទៅនេះ។
ទាំងគណបក្សហ្វ៊ុនស៊ិនប៉ិច និងទាំងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលជាគណបក្សដែលទទួលបានសំឡេងឆ្នោតច្រើនបន្ទាប់ពីគណបក្សប្រជាជនកម្ពុជានោះ នឹងមិនដាក់បណ្តឹងប្តឹងទាស់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតកន្លងមកនោះឡើយ។
តំណាងគណបក្សទាំងពីរបានបញ្ជាក់អំពីព័ត៌មាននេះ។ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ទទួលស្គាល់លទ្ធផលបណ្តោះអាសន្ននេះ តែលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឯណោះវិញ ហាក់ទទួលយកលទ្ធផលនេះទាំងបង្ខំចិត្ត។
លោក ញ៉េប ប៊ុនជិន បានថ្លែងយ៉ាងដូច្នេះ៖«យើងមិនមានអ្វីប្រកែកទេ។ វាជាការបោះឆ្នោតបែបប្រជាធិបតេយ្យហើយ។ គឺប្រជាធិបតេយ្យដែលសម្តេចក្រុមព្រះបានចូលរួមនាំមកកម្ពុជាតាំងពីឆ្នាំ១៩៩៣មកម្លេះ»។ បើតាមការអធិប្បាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចរូបនេះ ថ្នាក់ដឹកនាំគណបក្សដែលធ្លាប់ជាដៃគូក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន នៅតែមានអារម្មណ៍សោកស្តាយដែលលទ្ធផលនៃការគាំទ្រមិនបានខ្ពស់ដូចការរំពឹងទុក។
និយាយពីលទ្ធផលដដែល អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានថ្លែងអរគុណ និងសុំទោសជំនួសថ្នាក់ដឹកនាំចំពោះអ្នកគាំទ្រដែលបានបោះឆ្នោតឲ្យគណបក្សនេះ។ លោក ញ៉េប ប៊ុនជិន រៀបរាប់ថា៖«ឃើញស្រាប់ហើយ សម្តេចក្រុមព្រះ លោកខិតខំខ្លាំងណាស់រហូតដល់លោកជួបគ្រោះថ្នាក់ចរាចរណ៍ម្តងហើយម្តងទៀត។ យើងខំប្រឹងប្រែងដែរ តែយើងទទួលបានលទ្ធផលប៉ុណ្ណឹង យើងត្រូវទទួលយកប៉ុណ្ណឹង»។
ភាពមិនអស់ចិត្ត មានរឹតតែខ្លាំងចំពោះមេដឹកនាំកំពូលរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ អមជាមួយនឹងការអះអាងថាគណបក្សលោកមិនដាក់បណ្តឹងប្តឹងតវ៉ាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះទេ លោក ខឹម វាសនា បញ្ជាក់ប្រាប់ថា បើទោះជាមានបណ្តឹងពីគណបក្សលោក ក៏លោកមិនសង្ឃឹមថា វានឹងមានការប្រែប្រួលល្អអ្វីឡើយ។
មេគណបក្សរូបនេះបានរំឮកអំពីបណ្តឹងភ្លាមរបស់គណបក្សលោកជាច្រើនពាន់ករណីក្រោយថ្ងៃបោះឆ្នោត ដែលមិនបានផ្តល់ផលអ្វីសោះដល់គណបក្សលោក។ «យើងមិនប្តឹងទេពេលនេះ។ ខ្ញុំមិនសង្ឃឹមថា មានដំណោះស្រាយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ»។ នេះជាការបញ្ជាក់របស់លោក ខឹម វាសនា។
មិនមានព័ត៌មានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថាតើមានគណបក្សនយោបាយណាមួយបានដាក់ពាក្យបណ្តឹងប្តឹងជំទាស់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតឬអត់នោះទេ។ យោងតាមនីតិវិធី ចាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ននេះនៅព្រឹកថ្ងៃទី១១ខែសីហា គណបក្សនយោបាយទាំង២០មានរយៈពេល៧២ម៉ោងដើម្បីប្តឹងទាស់លទ្ធផលនេះ បើសិនជាពួកគេមាន៕
ប្រភពអត្ថបទ៖ថ្មីៗ
The post បក្សជួងឈប់ប្ដឹងតវ៉ាចំពោះលទ្ធផលឆ្នោតហើយ ទោះបីគ.ជ.បទុកពេលឲ្យ៧២ម៉ោងសម្រាប់ប្ដឹងក៏ដោយ appeared first on Khmer Readers.