ប្រតិកម្មនានាបានចាប់ផ្តើមធ្លាក់មកជាថ្មីទៀត បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីម្សិលមិញបានប្រកាសលទ្ធផលបណ្តោះអាសន្ន ដែលបង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងច្រើនលើសលប់ ដែលអាចឈានទៅគ្រប់គ្រងអាសនៈទាំងអស់នៃរដ្ឋសភា។ តែលទ្ធផលនេះ ត្រូវបាន ក្រុមព្រះសង្ឃខ្មែរនៅក្រៅប្រទេស ចាត់ទុកថាជាការបោះឆ្នោតមិនស្របតាមលទ្ធិប្រជាធិបតេយ្យ ខណៈលោក សម រង្ស៊ី បានហៅលទ្ធផលនេះថាជាល្បិចរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែទន្ទឹមគ្នានោះ គណបក្សកាន់អំណាចនៃប្រទេសជប៉ុនបានអបអរជ័យជំនះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាថ្មីទៀតនេះ។
តាមរយៈសេចក្តីថ្លែងការណ៍រួម ចំថ្ងៃចេញលទ្ធផលបណ្តោះអាសន្ន ក្រុមព្រះសង្ឃខ្មែរនៅប្រទេសបារាំង អ៊ឺរ៉ុប អូស្ត្រាលី និងអាមេរិក ដែលថាតំណាងឲ្យ១៧វត្ត និងសមាគម បានបដិសេធមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាអាណត្តិទី៦នេះទេ។ ក្នុងសេចក្តីថ្លែងការណ៍រួមដែលនាំមុខដោយមានព្រះហស្តលេខា របស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានប្រកាសធ្វើមោឃភាព ទាំងការបោះឆ្នោត លទ្ធផលបោះឆ្នោត និងគម្រោងបង្កើតរដ្ឋាភិបាលថ្មីដោយឯកបក្សនេះ។
ភ្លាមៗក្រោយពីលទ្ធផលបណ្តោះអាសន្នបង្ហាញថាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតលើសលប់ ដែលអាចឈានទៅគ្រប់គ្រងអាសនៈទាំងអស់នៃរដ្ឋសភានោះ លោកសម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកថា លទ្ធផលនេះ គឺជាល្បិចរបស់គណបក្សប្រជាជនកម្ពុជា។ តាមលោកសម រង្ស៊ី ប្រសិនបើមានវត្តមានអតីតគណបក្សសង្គ្រោះជាតិ នោះលទ្ធផលបោះឆ្នោត នឹងមិនអាចនាំឲ្យគណបក្សប្រជាជនកម្ពុជា មានសំឡេងច្រើនបែបនេះឡើយ។
ប៉ុន្តែតាមរយៈលទ្ធផលបោះឆ្នោតនេះ លោក ហ៊ុន សែន វិញបានប្តេជ្ញាតាមទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃសៅរ៍ថា លោកនឹងមិនឲ្យប្រជាពលរដ្ឋខកបំណងឡើយ ហើយថាច្បាស់ណាស់ គឺកម្ពុជាត្រូវការសុខសន្តិភាពយូរអង្វែង ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន។ ជាមួយគ្នានោះ ហ្វេសប៊ុករបស់លោក ហ៊ុន សែន ក៏បានផ្សាយថា មន្រ្តីគណបក្សកាន់អំណាចនៃប្រទេសជប៉ុន បានយកលិខិតអបអរសាទរជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជានេះ មកជូន លោក ហ៊ុន សែន ផ្ទាល់ដៃ កាលពីថ្ងៃទី១០ខែសីហា។
យ៉ាងណាក៏ការអបអរសាទររបស់បក្សកាន់អំណាចនៃប្រទេសជប៉ុននេះ ផ្ទុយគ្នាទៅនឹងជំហររបស់រដ្ឋាភិបាលជប៉ុន ដែលបានប្រកាសនៅពេលថ្មីៗនេះ ដោយសំដែងការខកចិត្ត ចំពោះការបោះឆ្នោតនៅកម្ពុជា ដែលដូចគ្នានឹងសម្ព័ន្ធមិត្តរបស់ខ្លួនដែរ។ សម្ព័ន្ធមិត្តរបស់ជប៉ុន ដែលរួមមាន អាមេរិក សហភាពអ៊ឺរ៉ុប បារាំង អង់គ្លេស អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម។
ផ្ទុយពីប្រទេសលោកសេរីទាំងនេះ ប្រទេស ចិន វៀតណាម ឡាវ ថៃ និង ឥណ្ឌា ជាដើម បានប្រកាសគាំទ្រការបោះឆ្នោតនៅកម្ពុជាអាណត្តិនេះ៕
ប្រភពអត្ថបទ៖RFI
The post USA,EU,បារាំង,អង់គ្លេស,អូស្ត្រាលី ជំទាស់លទ្ធផលឆ្នោត តែចិន,វៀតណាម,ឡាវ,ថៃ និងឥណ្ឌាគាំទ្រ appeared first on Khmer Readers.