Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

៥ចំណុច បង្ហាញពីក្តីស្រឡាញ់ដែលមានលក្ខណៈអាត្មានិយម

$
0
0

មិនគួរទាល់តែសោះដែលមនុស្សពីរនាក់ស្រឡាញ់គ្នាហើយ តែបែមានភ្ជាប់ភាពអាត្មានិយមក្នុងទំនាក់ទំនងរបស់ខ្លួន។ នឹកដល់ក្តីស្រឡាញ់ មនុស្សគ្រប់គ្នាគួរនឹកដល់ពាក្យថា «ផ្តល់ឱ្យ» ស្រឡាញ់គ្នាគឺផ្តល់ឱ្យគ្នាទៅវិញទៅមក មិនមែនជាការរំពឹងរកសុខ ឬវិនិយោគចិត្តកាយដើម្បីបានផលប្រយោជន៍ណាមួយនោះទេ។ ខាងក្រោមនេះជាលក្ខណៈចិត្ត៥លំដាប់ បង្ហាញពីក្តីស្រឡាញ់ដែលមានលាយភាពអាត្មានិយម៖

១. «ស្រឡាញ់ព្រោះគួចរំពឹងប្រយោជន៍អ្វីមួយពីដៃគូ»

មានចិត្តខាងដើម្បីរំពឹងផលត្រឡប់មកវិញដើម្បីខ្លួនឯងក្នុងទំនាក់ទំនងរបស់ខ្លួន នឹកគិតថាប្រស្រឡាញ់ម្នាក់ហ្នឹងទៅតើខ្លួនអញនឹងបានអ្វីទៅថ្ងៃក្រោយ អាចជាទ្រព្យសម្បត្តិ អាចជាសេចក្តីសុខដែលគិតថាប្រហែលម្នាក់នេះអាចផ្តល់សុខឱ្យខ្លួន ក៏ដាក់ចិត្តស្រលាញ់ ឬអាចជាប្រយោជន៍ផ្សេងៗក្នុងបំណងស្វែងរកសុខពីដៃគូរបស់ខ្លួន។ លំដាប់ចិត្តបែបនេះ ផ្តើមចេញពីភាពអាត្មានិយមគិតខ្លួនឯងមុនបាត់ទៅហើយ។ លក្ខខណ្ឌក្តីស្រឡាញ់មានតែពីរយ៉ាងគត់ គឺ៖ ស្រឡាញ់ និងស្មោះត្រង់ តែពីរហ្នឹងគត់ រឿងផ្សេងមិនពាក់ព័ន្ធ មានសុខយើងសុខជាមួយគ្នា មានទុក្ខយើងឆ្លងជាមួយគ្នា ធំជាងគេតែចិត្តស្រឡាញ់ស្មោះត្រង់កម្កល់នៅខាងដើមទៅបានហើយ រឿងលុយកាក់ទ្រព្យសម្បត្តិ មានក្រ ទាបខ្ពស់ សុខទុក្ខ រឿងផ្សេង១លានប្រភេទទៀតមិនពាក់ព័ន្ធ! កុំមានចិត្តរំពឹងដើម្បីឱ្យបានមកខ្លួនមុនសេចក្តីសុខរបស់មនុស្សដែលយើងស្រឡាញ់។

២. «ស្រឡាញ់ទាញយកតែម្ខាង»

នៅពេលគិតថាខ្លួនខ្វះខាតអ្វីមួយ ឬចង់បានអ្វីមួយ ចូលចិត្តទាញដៃគូឱ្យបំពេញចិត្តចង់បានរបស់ខ្លួន ដឹងតែរឿងបំពេញខ្លួនតែម្យ៉ាង អូសធ្វើម៉េចឱ្យបាន តែមិនថ្លឹងថ្លែងស្ថានភាព មិនសម្លឹងមើលកាលៈទេសៈដែលដៃគូខ្លួនកំពុងលំបាកទាល់តែសោះ។ តើឯណាទៅចិត្តដែលបំពេញឱ្យគ្នា? របស់ខ្លះយើងពិតជាចង់បានមែនហើយ តែបើក្នុងស្ថានភាពដែលដៃគូយើងពិបាកយកវាមកឱ្យយើង នោះយើងក៏ត្រូវសុខព្រមទ្រាំអត់ ដើម្បីជួយសម្រួលការលំបាករបស់គ្នា ទើបជាទង្វើត្រឹមត្រូវ។តែបើយើងនៅប្រឹងទាញឱ្យបាន ឬដាក់ជាសម្ពាធ នោះបញ្ជាក់ថាយើងអាត្មានិយមហើយ យើងកំពុងតែជាន់កដៃគូរបស់ខ្លួនហើយ។

៣. «រួមសុខតែម្យ៉ាង ពេលមានទុក្ខរៀរែកមិនចូលរួម»

ក្តីស្រឡាញ់ពិត ជាដៃគូជីវិតនឹងគ្នា ត្រូវរួមរស់ជាមួយគ្នាគ្រប់ស្ថានភាពទាំងអស់ បើអាចរួមសុខបានតែមិនអាចរួមទុក្ខបាន នោះមិនសក្តិសមជាដៃគូជីវិតនឹងគ្នាឡើយ។

៤. «យល់អារម្មណ៍ខ្លួន តែមិនយល់អារម្មណ៍ដៃគូ»

យល់ចិត្តខ្លួន តែមិនយល់ចិត្តដៃគូ ដឹងថាខ្លួនចង់បានអ្វី តែមិនដឹងថាដៃគូខ្លួនក៏ចង់បានអ្វីដែរ ដឹងថាខ្លួនខ្វះ មិនដឹងថាដៃគូខ្លួនខ្វះដែរឬអត់ គិតពីខ្លួនឯងមុនជាប់ជានិច្ច ទាមទារឱ្យគេយល់ចិត្តខ្លួន តែខ្លួនមិនព្យាយាមយល់អំពីចិត្តគេទាល់តែសោះ។

៥. «ល្អជាមួយតែពេលត្រូវការ តែដល់ពេលបានរួច ប្រែលែងមានតម្លៃ»

ល្អុកល្អឺនយកចិត្តទុកដាក់ ធ្វើល្អតែមួយភ្លែត បន្ទាប់ពីបានអ្វីដែលខ្លួនចង់បានហើយ ក៏ចាប់ផ្តើមប្រែប្រួលទៅវិញ។ យកកាយវិកាសម្តែង ទៅដោះដូររកប្រយោជន៍ពីដៃគូ តើចំណុចណាទៅដែលហៅថាជីវិតដៃគូបំពេញឱ្យគ្នា? ក្តីស្រឡាញ់គឺផ្តល់ឱ្យគ្នា ហុចឱ្យគ្នា បំពេញឱ្យគ្នា ចិត្តយើងតែម្យ៉ាងគឺបាញ់ឆ្ពោះទៅឱ្យគេ នោះគេទទួលបានភាពកក់ក្តៅពីយើង រួចហើយគេមានចិត្តបាញ់ឆ្ពោះមកឱ្យយើងវិញ នោះយើងទទួលបានភាពកក់ក្តៅពីគេវិញ ជាចេតនាហុចទៅហុចមក ក្រោយមកក៏ទទួលភាពកក់ក្តៅទាំងពីនាក់ នេះហើយអត្ថន័យនៃក្តីស្រឡាញ់ពិត៕

The post ៥ចំណុច បង្ហាញពីក្តីស្រឡាញ់ដែលមានលក្ខណៈអាត្មានិយម appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images