វិស្វករម្នាក់ ដែលបម្រើការងារឱ្យក្រុមហ៊ុនអ៊ិនធើណែតខ្នាតយក្ស ហ្គូហ្គលរបស់អាមេរិក ត្រូវបានមហាជនព្រួតវាយរហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម ហើយនេះជាករណីអំពើ ហិង្សាចុងក្រោយ ដែលបង្កឡើងព្រោះតែសារមិនពិតតាម WhatsApp ដែលចោទថាមាន ប្រម៉ាត់ប្រម៉ង់ចាប់ក្មេងនៅប្រទេសឥណ្ឌា នេះបើយោងតាមគេហទំព័រម៉េលអនឡាញ ចុះផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ។
បុរសរងគ្រោះឈ្មោះ មហាម៉ាត់ អាហ្សាម (Mohammad Azam) រួមជាមួយមិត្តភក្តិ ២ នាក់ត្រូវបានមហាជនប្រមាណ ២.០០០ នាក់ព្រួតវាយនៅស្រុកប៊ីដា (Bidar) រដ្ឋកាណាតាកា (Karnataka) ភាគខាងត្បូងកាលពីពេលថ្មីៗនេះ។
ប៉ូលិសបានចាប់ខ្លួនមនុស្ស ៣២ នាក់ទាក់ទិននឹងការស្លាប់នេះ ហើយនេះជាករណីចុងក្រោយ បំផុត នៃការសម្លាប់មនុស្សដោយមហាជន ដែលបង្កឡើងដោយសារពាក្យចចាមអារ៉ាម គ្មានមូលដ្ឋានថាមានប្រម៉ាត់ប្រម៉ង់ចាប់ក្មេង ។
មិត្តភក្តិរបស់លោក មហាម៉ាត់ អាហ្សាម រួមទាំងជនជាតិកាតា ម្នាក់ផង បានរងរបួសធ្ងន់ ក្នុងករណី ផ្ទុះអំពើហិង្សានេះ ដែលបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី WhatsApp សេវាផ្ញើសារ របស់ក្រុមហ៊ុនហ្វេសប៊ុក ចុះផ្សាយក្នុងកាសែតនានារបស់ឥណ្ឌា ដើម្បីផ្តល់គន្លឹះសម្រាប់ ទប់ស្កាត់ការរាលដាលនៃព័ត៌មានក្លែងក្លាយលើ platform របស់ខ្លួន។
សូមបញ្ជាក់ថា ក្នុងរយៈពេលពីរខែចុងក្រោយនេះ មនុស្សរហូតដល់ទៅជាង ២០ នាក់ត្រូវបាន មហាជនសម្លាប់នៅប្រទេសឥណ្ឌា បន្ទាប់ពីត្រូវបានចោទប្រកាន់ថាប្រម៉ាត់ប្រម៉ង់ចាប់ក្មេង។
ប៉ូលិសនិយាយថា លោក មហាម៉ាត់ អាហ្សាម អាយុ ២៧ ឆ្នាំ និងគ្នីគ្នារបស់គាត់បានត្រឡប់ ទៅផ្ទះរបស់ពួកគេវិញនៅទីក្រុងហ៊ីដេរ៉ាបាដ (Hyderabad) បន្ទាប់ពីទៅលេងមិត្តភក្តិម្នាក់ នៅស្រុកប៊ីដា ដែលនៅជាប់គ្នា។ ហើយនៅតាមផ្លូវ ពួកគេបានឈប់ដើម្បីចែកស្ករសូកូឡា ដល់កុមារសិស្សសាលា។
មន្ត្រីម្នាក់និយាយថា នៅពេលកំពុងចែកស្ករគ្រាប់ ស្រាប់តែក្មេងម្នាក់ចាប់ ផ្តើមស្រែកយំធ្វើឱ្យ ផ្អើលដល់ចាស់ៗដែលបានចោទប្រកាន់បុរសទាំងនោះថាជាប្រម៉ាត់ប្រម៉ង់ចាប់ក្មេងស្របពេល កំពុងផ្ទុះព័ត៌មានចចាមអារ៉ាមអំពីការចាប់ក្មេងនៅតំបន់នោះ។
ប៉ូលិសបានបន្តថា អ្នកទាំង ៣ អាចបើករថយន្តគេចខ្លួន ប៉ុន្តែត្រូវបានមនុស្សមួយក្រុមធំស្ទាក់ វាយនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រខាងមុខ បន្ទាប់ពីប្រជាជនរស់នៅមូលដ្ឋានជូនដំណឹងដល់ភូមិ ក្បែរៗនោះតាម Whatsapp។
រថយន្តរបស់ពួកគេបានត្រឡប់ក្រោយវិញបន្ទាប់ពីបុករបាំងផ្លូវដាក់ដោយមហាជនដែលពោរពេញ ដោយកំហឹង មុនពេលត្រូវមហាជនចាប់ទាញទម្លាក់ពីរថយន្ត ហើយវាយនឹងដំបង ព្រមទាំងដុំថ្ម។
វីដេអូឃ្លីបមួយដែលចាក់ផ្សាយតាមបណ្តាញព័ត៌មានឥណ្ឌា បង្ហាញពីប៉ូលិសម្នាក់អង្វរករ មហាជនឱ្យឈប់ នៅពេលពួកគេទាត់ធាត់ និងវាយជនរងគ្រោះដោយដំបង។
ប៉ូលិស ៣ នាក់បានរងរបួសដោយសារព្យាយាមជួយសង្គ្រោះជនរងគ្រោះខណៈមហាជនកំពុង ព្រួតវាយជិតមួយម៉ោង។ ប៉ូលិសនិយាយថា ពួកគេបានចាប់ខ្លួនជនដៃដល់ ៣២ នាក់ ហើយពេល នេះកំពុងតាមប្រមាញ់អ្នកដៃដល់ផ្សេងទៀត។
មន្ដ្រីស៊ើបអង្កេតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង ថា អ្នកដែលត្រូវបានចាប់ខ្លួនរួមមានទាំងអ្នកគ្រប់គ្រងក្រុម WhatsApp មួយស្ថិតនៅពីក្រោយសារ ដែលបង្កឱ្យមានហិង្សានេះកើតឡើងផងដែរ៕
ប្រែសម្រួល: ខុម, ប្រភពដើម ៖ រស្មីកម្ពុជា
The post ពាក្យចចាមអារ៉ាមបានធ្វើឲ្យ វិស្វករក្រុមហ៊ុន Google ម្នាក់ត្រូវហ្វូងមនុស្សព្រួតវាយដល់ស្លាប់ appeared first on Khmer Readers.