ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញមុខដោយផ្ទាល់អំពាវនាវដល់ប្រជាពលរដ្ឋត្រូវបញ្ចប់ការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គមហ្វេសប៊ុក រឿងអាស្រូវរវាងព្រះសង្ឃឆាន់ពោត និងនារីម្នាក់នៅខេត្តបន្ទាយមានជ័យ ដែលជាការជាន់ឈ្លីតម្លៃព្រះពុទ្ធសាសនា។ ការថ្លែងដូចនេះធ្វើទ្បើងក្នុងពិធីអញ្ចើញសម្ពោធកំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ២៤៨.៥៣គីឡូម៉ែត្រ នាព្រឹកទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ ។
បន្ទាប់ពីរឿងអាស្រូវរវាងព្រះសង្ឃឆាន់ពោតដែលលួចលាក់មានស្នេហារនិងស្រ្តីម្នាក់ត្រូវបានលាតត្រដាងនៅលើបណ្តាញសង្គមហ្វេសប៊ុក និងត្រូវបានអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកបន្តផ្សព្វផ្សាយជារៀងរាល់ថ្ងៃរួចមក នាព្រឹកថ្ងៃទី១១ មិថុនា ឆ្នំា២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានចេញមុខអំពាវនាវដោយផ្ទាល់ទៅដល់អ្នកពាក់ព័ន្ធទំាងអស់ឱ្យបឈ្ឈប់ការផ្សព្វផ្សាយរឿងនេះនេះបន្តទៀត ដោយហេតុថាការបន្តចែកចាយព័ត៌មានបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា និងនារីខ្មែរ ។
ទាក់នឹងរឿងខាងលើនេះដែរសម្ដេច ហ៊ុន សែន ក៏បានព្រមានដេញមន្រ្តីយោធាពីររូបគឺលោក ផែង វណ្ណៈ និងលោក ខាន់ ចាន់សុផល ចេញពីជួរកងកម្លាំងប្រសិនបើបន្តផ្សព្វផ្សាយលើរឿងព្រះសង្ឃនេះផងដែរ ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបាននិយាយបែបកំប្លែងថា ដោយសាររឿងនេះទើបធ្វើឲ្យពោតស្ងោរឡើងថ្លៃ ហើយបើសិនជាមន្រ្តី យោធាទាំងពីររូបនេះ ប្រកាសមិនបញ្ឈប់រឿងទាំងនេះទេ លោកនឹងបញ្ជារឲ្យដកចេញពីមន្រ្តីជួរកងទ័ព ហើយឲ្យទៅធ្វើជាអ្នកល្បីក្នុងហ្វេសប៊ុកវិញ ។ ជាក់ស្ដែងគឺពុំមានចំណាត់ការអ្វីនោះទេ ដោយគ្រាន់តែព្រមានប៉ុណ្ណោះ ។
យ៉ាងណាមិញងាកទៅលោក ផេង វណ្ណៈ ក៏បានសរសេរសារឆ្លើយតបទៅសម្ដេច ហ៊ុន សែន ដើម្បីសុំអភ័យទោស និងដាច់ខាតមិនបង្ហោះរឿងនោះទៀតឡើយ ដូចខាងក្រោម ៖
ឪពុកស្ដីប្រដៅកូនជារឿងធម្មតា ខ្ញុំបាទសូមអភ័យទោសសម្ដេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គងដោយអចេតនាអំពីករណីលោក ស្រិល វណ្ណា និង ករណីផ្សារផល្លាររាត្រីអង្គរ៥ ខេត្តសៀមរាប ។ ខ្ញុំបាទសូមគាំទ្រ និងទទួលយកទាំងស្រុងចំពោះមតិណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ដោយខ្ញុំបាទនឹងមិនបន្តការផ្សាយអំពីរឿងទាំង២នេះតទៅទៀតទេ ។
សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព និង ការអភិវឌ្ឍន៍ ។ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ផែង វណ្ណៈ!
ភ្លាមៗពីការព្រមានរបស់សម្ដេច ហ៊ុន សែន នេះដែរ លោក ខ័ណ្ឌ ច័ន្ទសុផល ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ គោរពនិងថ្លែងអំណរគុណដល់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្រាប់រូបលោក ក្នុងការងារប៉ះពាល់ក្នុងរឿងតម្លៃព្រះពុទ្ធសាសនា ។
តាមខ្លឹមសារដើមរបស់លោកបានសរសេររៀបរាប់ថា ខ្ញុំបាទសូមសន្យាថា និង ឈប់ពីពេលនេះតទៅ ក្នុងការនិយាយអ្វីអោយប៉ះពាល់តម្លៃនៃព្រះពុទ្ធសាសនា របស់ជាតិយើងទៀតហើយ ។ ជាចុងបញ្ចប់ខ្ញុំបាទ សូមគោរពនិងជូនពរ ដល់សម្តេចតេជោ មានសុខភាពល្អ និងជ័យជំនះក្នុងការដឹកនាំ ។
The post សម្ដេច ហ៊ុន សែន ព្រមានដកមន្រ្តីយោធា ២នាក់ បើមិនឈប់រវល់ រឿងពោតស្ងោរ appeared first on Khmer Readers.