ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបាន ឧបត្ថម្ភដល់មន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញក្នុងម្នាក់ៗ ចំនួន១០០ដុល្លារ រួមនឹងស្រាបៀ២កេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ដើម្បីឲ្យបងប្អូនមានឱកាសសប្បាយរីករាយក្នុងពិធីបុណ្យប្រពៃណីនេះ ហើយក៏ជាការលើកទឹកចិត្តដែលបងប្អូនបានបំពេញការងារបានល្អអស់មួយឆ្នាំកន្លងមកនេះ។
ការផ្តល់ជាអំណោយសម្រាប់ចូលឆ្នាំថ្មីនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍៥រោច ខែចេត្រ ឆ្នាំរកា នព្វស័កព-ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ មេសា ២០១៨ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី របស់រដ្ឋបាលរាជធានីនៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេងបានមានប្រសាសន៍ថា កិច្ចការងាររដ្ឋបាលរាជធានីភ្នំពេញមានច្រើននិងមមាញឹកណាស់ ដែលធ្វើឲ្យមន្ត្រីរបស់យើងមួយចំនួនថ្ងូរថា ការងារច្រើន តែកុំថ្ងូរត្រូវរិះរកគន្លឹះដើម្បីធ្វើឲ្យបានសម្រេចនិងជោគជ័យ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា បញ្ហារឿងគ្រូយកលុយសិស្ស ទោះបីជាយ៉ាងណាក្តីឃើញថា បានសាបរលាបហើយដែរ ដែលនេះដោយសារតែ ការខិតខំរបស់យើងទាំងអស់គ្នា។ ការខំប្រឹងរបស់យើងមិនមែនមានន័យថា ឥតប្រយោជន៍នោះទេ គឺយើងទទួលបានការកោតសរសើរពីប្រជាជន ធ្វើឲ្យយើងកាន់តែមានកម្លាំងចិត្តក្នុងការធ្វើឲ្យភ្នំពេញកាន់តែល្អ និងកាន់តែមានការអភិវឌ្ឍ។
លោកឃួង ស្រេង ក្នុងឱកាសនោះក៏បានធ្វើការណែនាំឲ្យមន្ត្រីទាំងអស់ ពេលប្រជាពលរដ្ឋតេទូរស័ព្ទមក ត្រូវប្រើប្រាស់សំដីឲ្យបានល្អទៅកាន់ពួកគាត់វិញ បើទោះបីការពឹងពាក់នោះមិនចំគោលដៅឬខុសនីតិវិធីក៏ដោយចុះ។ លោកបញ្ជាក់ថា គេតេមកយើងមានន័យថា គេជឿជាក់លើយើងហើយ ក្នុងការពឹងពាក់យើងឲ្យជួយគាត់ តែបើ យើងប្រើប្រាស់សំដីមិនល្អ គាត់ពិតជាអស់សង្ឃឹម ហើយក៏លែងជឿជាក់លើយើងទៀតដែរ ។ដូច្នេះយើងត្រូវតែប្រើប្រាស់សំដីឲ្យបានល្អជាមួយពួកគាត់។
គួរបញ្ជាក់ថា សម្រាប់មន្ត្រីរបស់រដ្ឋបាលខណ្ឌ ក៏ត្រូវបានលោកអភិបាលរាជធានីភ្នំពេញ ផ្តល់ជូនជាស្រាបៀ១កេសម្នាក់ផងដែរ៕
ប្រភព ៖ កម្ពុជាថ្មី
The post ចុម! អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភមន្ត្រីរាជការក្នុងម្នាក់ៗ ១០០ដុល្លារ និងស្រាបៀ២កេស ផឹកអបអរចូលឆ្នាំខ្មែរ appeared first on Khmer Readers.