សម្ដេច ហ៊ុន សែន ដែលស្និទ្ធនឹងប្រទេសវៀតណាម ទាមទារជាលើកដំបូង និងជាសាធារណៈឲ្យវៀតណាមបង្ហាញភាពស្មោះត្រង់ ជាមួយនឹងរដ្ឋាភិបាលរបស់កម្ពុជា ។ នាយករដ្ឋមន្ត្រីរបស់បក្សកាន់អំណាចរូបនេះថា លោកនឹងទៅ សួរនាយករដ្ឋមន្ត្រីវៀតណាម ឲ្យបកស្រាយអំពីជំនួប រវាងលោក សម រង្ស៊ី ជាមួយរដ្ឋាភិបាលវៀតណាម កាលពីឆ្នាំ ២០០៣ កន្លងទៅនោះ ។

រូបថតមួយសន្លឹក ដែលបង្ហាញពីជំនួបរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០០៣ ជាមួយអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម ធ្វើឲ្យ លោក ហ៊ុន សែន បង្ហាញការសង្ស័យថា វៀតណាម មិនស្មោះត្រង់នឹងលោក ។
លោកអះអាងថា ក្នុងកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី នៅថ្ងៃទី១៧ ខែមីនាខាងមុខនេះ លោកនឹងសួរមេដឹកនាំវៀតណាមឲ្យពន្យល់រឿងប្រមុខការទូតវៀតណាមលួចជួបចរចាគ្នាជាមួយលោក សម រង្ស៊ី ។ ជាងនេះទៅទៀត លោក ហ៊ុន សែន ទាមទារឲ្យរដ្ឋាភិបាលវៀតណាម បង្ហាញកំណត់ហេតុនៃជំនួបនោះទៀតផង៖ «ខ្ញុំនឹងសួរមេដឹកនាំលើរឿងនេះ តើកាលហ្នឹងនិយាយគ្នាពីអី ខ្ញុំគ្រាន់តែចង់ដឹងថា តើពេលហ្នឹងគេនិយាយពីអី បើមិត្តវៀតណាមស្មោះត្រង់ជាមួយខ្ញុំ តើពេលលោកហ្នឹង (លោក សម រង្ស៊ី) ទៅទស្សនៈនៅហាណូយ និងនៅតៃនិញ និយាយអីខ្លះ» ។
សម្ដេច ហ៊ុន សែន លើកឡើងបែបនេះក្នុងពេលលោកចុះសម្ភោធស្ពាន ឆ្លងកាត់ទន្លេពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ។
កាលពីពេលថ្មីៗនេះ ប្រព័ន្ធឃោសនារបស់សម្ដេច ហ៊ុន សែន បានចុះផ្សាយ ពីរូបថតមួយសន្លឹក ដោយអះអាងថា ជាការបែកធ្លាយនៃជំនួបរវាងលោក សម រង្ស៊ី ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម ព្រមទាំងជួបជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់វៀតណាម នៅទីក្រុងហាណូយក្នុងអំឡុងឆ្នាំ ២០០៣ ។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីរូបថតបែកធ្លាយនេះពីលោក សម រង្ស៊ី ដើម្បីបកស្រាយ ថាតើរូបនោះជារូបពិត ឬរូបក្លែងក្លាយ ឬខ្លឹមសារនៃជំនួបនោះ បាននៅឡើយទេនៅថ្ងៃទី១៤ ខែមីនា ។
ប្រវត្តិនយោបាយកម្ពុជាតាំងពីដើមមកអ្នកនយោបាយខ្មែរតែងតែពឹងបរទេសឲ្យជួយដើម្បីខ្លួនបានដឹកនាំប្រទេស តែនៅទីបំផុតកម្ពុជាបានធ្លាក់ខ្លួនជាប្រទេស ក្រីក្រមួយនៅក្នុងតំបន់ ។ រីឯរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចហ៊ុន សែន សព្វថ្ងៃត្រូវបានគេមើលឃើញថា ប្រឹងងាកចេញពីវៀតណាមហើយឈោងទៅចាប់ចិនវិញម្ដង ។
អ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថា បើពិតជាធ្លាប់មានជំនួបរវាងលោក សម រង្ស៊ី ជាមួយរដ្ឋាភិបាលវៀតណាមមែននោះ វាគឺជាការឆ្លាតវៃរបស់វៀតណាមក្នុងការប្រើនយោបាយការទូត ៕

ប្រភព ៖ អាស៊ីសេរី និងកែសម្រួលដោយ Khmer Readers
The post សម្ដេច ហ៊ុន សែន ឲ្យវៀតណាមសម្ដែងការស្មោះត្រង់នឹងកម្ពុជា កាលសម រង្ស៊ីទៅហាណូយ appeared first on Khmer Readers.