ទីក្រុងតេអេរ៉ង់បានរិះគន់ម្តងហើយម្តងទៀត ចំពោះការអះអាងរបស់អ៊ីស្រាអែល និងអាមេរិក អំពីវត្តមានយោធារបស់ប្រទេសខ្លួន នៅក្នុងប្រទេសស៊ីរីថា មិនមានមូលដ្ឋានច្បាស់លាស់ បើទោះបីជាប្រទេសនេះបានសារភាពអំពីការបញ្ជូនទីប្រឹក្សាយោធា ដើម្បីជួយទីក្រុងដាម៉ាស់ ក្នុងការប្រឆាំងទៅភេរវកម្មក៏ដោយ។
ទោះយ៉ាងនេះក្តី អ៊ីស្រាអែលមិនចាប់អារម្មណ៍លើការកើនឡើងនៃចំនួនកងទ័ពរបស់អ៊ីរ៉ងនៅក្នុងប្រទេសស៊ីរីនោះទេ។ អ្វីដែលអ៊ីស្រាអែលចាប់អារម្មណ៍នោះ គឺការធ្វើការឆ្លើយតបទៅនឹងប្រទេសនេះ បើសិនជាអ៊ីរ៉ង់បន្តការបង្កហេតុនៅតាមព្រំដែនរបស់ខ្លួនតទៅទៀត។ នេះបើតាមសម្តីរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល លោក Alexander Ben-Zvi ដែលបាននិយាយនៅថ្ងៃចន្ទនេះ។

លោក Ben-Zvi បាននិយាយថា «ខ្ញុំសង្ឃឹមថា រឿងនេះនឹងមិនកើតឡើងទេ … ជាការពិតប្រសិនបើពួកគេ [កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់] វាយប្រហារមកលើទឹកដីអ៊ីស្រាអែល ពេលនោះយើងគ្មានជម្រើសអ៊ីផ្សេងទៀតនោះទេ។ យើងមិនអាចធ្វើព្រងើយបាននោះទេ។ បើសិនជាអ្នកចង់បន្តដំណើរបែបបង្កហេតុតទៅទៀត ត្រូវដឹងថា យើងចាត់វិធានការណ៍ក្នុងការឆ្លើយតប»។
យោងតាមលោក Ben-Zvi វត្តមានយោធារបស់ប្រទេសអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ត្រូវបានគេចោទប្រកាន់ថា កំពុងតែបញ្ឆេះស្ថានការណ៍ឲ្យឡើងកម្តៅកាន់តែខ្លាំងជាងមុន ខណៈដែលអ៊ីស្រាអែលប្តេជ្ញាថា ខ្លួននឹងរារាំងនូវវត្តមានយោធារបស់អ៊ីរ៉ង នៅក្នុងទឹកដីស៊ីរី។
ប្រសិនបើមិនមានការឈ្លានពានប្រឆាំងនឹងអ៊ីស្រាអែលនោះទេ យើងមិនចាប់អារម្មណ៍ក្នុងការប្រយុទ្ធគ្នាទេ យើងមិនចាប់អារម្មណ៍លើទឹកដីស៊ីរីទេប្រសិនបើអ្វីគ្រប់យ៉ាងស្ងប់ស្ងាត់នៅទីនោះ នោះគឺជាចំណុចសំខាន់ … រហូតមកដល់ឆ្នាំ ២០១៤ ព្រំដែនរវាងអ៊ីស្រាអែល ជាមួយស៊ីរីមានសន្តិភាពបំផុត។ យើងចង់បង្វិលស្ថានការណ៍ឲ្យទៅរកស្ថានភាពដើម។ គ្មានទេកិច្ចព្រមព្រៀងសន្តិភាពរវាងពួកយើង ប៉ុន្តែព្រំដែននៅតែមានភាពស្ងប់ស្ងាត់ ហើយនេះជាចំណុចសំខាន់ ។
យោងតាមប្រមុខការទូតរូបនេះ អ៊ីស្រាអែលកំពុងមានភាពជិតស្និទ្ធជាមួយរុស្ស៊ី ស្តីពីការដកកងទ័ពស៊ីអ៊ីតចេញពីតំបន់ភាគខាងត្បូង នៃតំបន់ដែលកំពុងតែមានភាពតានតឹង។
គួរកត់សម្គាល់ថា ភាពតានតឹងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់មានការកើនឡើងគួរឲ្យកត់សម្គាល់។ ភាពតានតឹងបានកើតឡើង ក្រោយអ៊ីស្រាអែលបានព្រលងមួយឃ្លាថា ប្រទេសអ៊ីរ៉ង់មិនមែនតែជាប្រទេសដែលគម្រាមកំហែងដល់ប្រទេសរបស់ខ្លួនតែមួយនោះទេ ប៉ុន្តែប្រទេសនេះ ក៏ជាការគម្រាមកំហែងយ៉ាងខ្លាំងដល់ពិភពលោកផងដែរ។ ជាការឆ្លើយតបអ៊ីរ៉ង់បានគម្រាមថា បើសិនជាអ៊ីស្រាអែលហ៊ានតែវាយប្រហារមកលើចំណុងរសើបរបស់ខ្លួនបន្តទៀតនោះ អ៊ីរ៉ង់នឹងវាយកម្ទេចប្រទេសអ៊ីស្រាអែលចោលភ្លាម។ ក្រោយការព្រមាននេះ អ៊ីស្រាអែលតបថា ខ្លួននឹងរារាំងដល់វត្តមានយោធារបស់អ៊ីរ៉ង់ នៅព្រំដែនស៊ីរីជាមួយប្រទេសរបស់ខ្លួនឲ្យបានជាដាច់ខាត ហើយអ៊ីស្រាអែលក៏មិនខ្លាចក្នុងការធ្វើការវាយប្រហារទៅលើអ៊ីរ៉ង់ផងដែរ៕
ប្រភព៖ DNT-NEWS
The post អ៊ីស្រាអែលមិនខ្វល់ ចំនួនទ័ពអ៊ីរ៉ង់នៅស៊ីរីច្រើនប៉ុណ្ណាទេ តែកុំប៉ះព្រំដែន អ៊ីស្រាអែលឲ្យសោះ appeared first on Khmer Readers.