ភ្នំពេញៈ ក្រសួងព័ត៌មានបានលើកឡើងថាឆ្នាំ ២០១៧ ជាឆ្នាំ «ជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា» ដោយអះអាងថា ការបិទបណ្តាសារព័ត៌មានជាច្រើនគឺជាការចាំបាច់ ហើយអ្នកគាំទ្រអ្នកសារព័ត៌មានដែលជាប់គុកគឺជាការសម្លាប់ដំណើរការលទ្ធិប្រជាធិបតេយ្យ ។
នៅក្នុងសុន្ទរកថាដែលបង្ហាញពីរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងនៅរាជធានីភ្នំពេញកាលពីថ្ងៃសុក្រទី ២ ខែមីនាលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអះអាងថា កម្ពុជាស្ថិតនៅលើផ្លូវត្រូវនៅពេលដែលមានការតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេលមួយឆ្នាំពីអន្តរជាតិ បន្ទាប់ពីបានចាប់មេដឹកនាំគណបក្សប្រឆាំងគឺ លោក កឹម សុខា ដាក់គុក និងបានរំលាយគណបក្សនេះ ។
លោក ខៀវ កាញារីទ្ធ បានថ្លែងថា៖ «នេះជាមោទនភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់យើងដែលបានរួមចំណែកយ៉ាងធំក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការធានានូវសិទ្ធិសេរីភាពសារព័ត៌មាន គោរពសិទិ្ធមនុស្ស សិទ្ធិនៃការបញ្ជេញមតិដោយស្ថិតនៅក្រោមឆត្រនីតិរដ្ឋ ការពារបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់សង្គមគឺថាយើងមានប្រព័ន្ធផ្សព្វផ្សាយរបស់យើងរួមចំណែកក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ»។
លោកបានថ្លែងថា៖ «ទោះជាយ៉ាងណាក៏ដោយការប្រឈមចំពោះព្រឹត្តិការណ៍ក្តៅគគុកយ៉ាងនេះយើងក៏ត្រូវទទួលស្គាល់នឹងត្រួតពិនិត្យភាពចន្លោះប្រហោងរបស់ក្រសួងក្នុងការតាមដាន និងការប្រតិកម្មទប់ស្កាត់ឲ្យបានទាន់ពេលវេលានៅពេលផ្ទុះព្រឹត្តិការណ៍ទាំងនោះដែរ»។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះប្រទេសកម្ពុជាបានបិទបណ្តាញសារព័ត៌មានជាច្រើនដូចជាសារព័ត៌មាន ខេមបូឌាដេលី វិទ្យុអាស៊ីសេរី និងស្ថានីយវិទ្យុចំនួន ៣២ ដែលផ្សាយបន្តពីវិទ្យុអាមេរិកដែលផ្តល់ជំនួយដោយសហរដ្ឋអាមេរិក និងបិទវិទ្យុប្រឆាំងហើយបានចាប់អ្នកកាសែត ៣ នាក់ដាក់គុកពីបទចារកម្ម។
លោកបន្តថា៖ «វិធានការច្បាប់ទាំងឡាយដែលរដ្ឋាភិបាលបានប្តឹងដើម្បីផ្តន្ទាទោសចំពោះបុគ្គលអង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូចដែលបានបំពានច្បាប់មិនត្រូវបានចាត់ទុកថាជាការប៉ុនប៉ងធ្វើឲ្យលំហលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាចុះខ្សោយនោះទេ។ វិធានការទាំងនេះត្រូវបានដាក់ចេញក្នុងគោលបំណងការពារអធិបតេយ្យភាព សន្តិភាព ស្ថិរភាព និងសន្តិសុខជាតិ… រាល់ការគាំទ្រណាមួយដល់បុគ្គល ឬអង្គភាពណាបំពានច្បាប់គឺមានន័យស្មើនឹងការសម្លាប់ដំណើរការលទ្ធិប្រជាធិបតេយ្យ»។
សុន្ទរកថារបស់លោកបានកើតឡើងក្រោយពីរបាយការណ៍សេរីភាពសារព័ត៌មានថ្មីៗជាច្រើនបានកត់សម្គាល់ថា ការបិទប្រព័ន្ធផ្សព្វផ្សាយត្រូវបានធ្វើឡើងដោយហេតុផលនយោបាយ និងសេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកដែលជះឥទ្ធិពលលើចំណាត់ថ្នាក់ប្រជាធិបតេយ្យ។
របាយការណ៍របស់ក្រសួងព័ត៌មានបានអះអាងថា ប្រទេសកម្ពុជាជាសេរីភាពសារព័ត៌មានល្អជាងគេក្នុងតំបន់អាស៊ាន បើទោះជាមានរបាយការណ៍ថ្មីៗពីអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ចដែលបានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជាស្មើនឹងប្រទេសសិង្ហបុរី និងស្ថិតនៅក្រោមប្រទេសថៃ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។
លោក មឿន ឈៀនណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីការសិក្សាប្រព័ន្ធផ្សព្វផ្សាយបានថ្លែងថា ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យពិតជាបានជះឥទ្ធិពលដល់សេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យ។ លោកថា៖ «យើងសង្ឃឹមថា បន្ទាប់ពីការបោះឆ្នោតស្ថានភាពនឹងប្រសើរឡើង»៕
ប្រភព៖ ភ្នំពេញប៉ុស្ដិ៍
The post លោក ខៀវ កាញារីទ្ធ ៖ អ្នកគាំទ្រអ្នកសារព័ត៌មានជាប់គុក គឺគាំទ្រឲ្យមានការសម្លាប់ប្រជាធិបតេយ្យ appeared first on Khmer Readers.