អតីតគូសត្រូវក្នុងសង្គ្រាមត្រជាក់ គឺវៀតណាម និងសហរដ្ឋអាមេរិក កំពុងតែបង្ហាញអំពីភាពល្អូកល្អឺន ក្នុងទំនាក់ទំនងយោធាជាមួយគ្នា។ ដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្តហោះអាមេរិកទៅកាន់ប្រទេសវៀតណាមជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមសង្គ្រាមវៀតណាម គឺជានិមិត្តរូបដ៏មានឥទ្ធិពលនៃទំនាក់ទំនងយុទ្ធសាស្ត្ររវាងអតីតសត្រូវទាំង២នេះ ។
ប៉ុន្តែការមកដល់របស់នាវា USS Carl Vinson នៅថ្ងៃចន្ទទី៥មីនានេះ ក៏បង្ហាញពីទំនាក់ទំនងស្មុគស្មាញរបស់រដ្ឋាភិបាលក្រុងហាណូយជាមួយរដ្ឋាភិបាលក្រុងប៉េកាំងដែរ អំពីសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
អស់រយៈពេលជាច្រើនខែមកនេះ បេសកជនវៀតណាមបានប្រឹងប្រែងដើម្បីបន្ធូរបន្ថយកង្វល់របស់អ្នកជិតខាងចិនដ៏ធំរបស់ខ្លួនអំពីដំណើរទស្សនកិច្ចរបស់នាវានេះ និងការរំពឹងទុកនៃកិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែធំជាងមុនរវាងហាណូយនិងវ៉ាស៊ីនតោន។ នេះបើយោងតាមអ្នកការទូតនិងអ្នកដទៃទៀតដែលបានដឹងពីការពិភាក្សានានា។
អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិក១រូបលោក Tim Hawkins បានឲ្យដឹងថា ការមកដល់នៃនាវានេះ គឺមិនមែនផ្តោតទៅលើយោធានោះទេ តែជាការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងអាមេរិក ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
នាវិកអាមេរិកនៃនាវាផ្ទុកយន្តហោះនេះ នឹងចូលរួមក្នុងគម្រោងសេវាសហគមន៍ចំនួន៥ នៅក្រុងដាណាង ក្នុងនោះរួមមានការធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលការពារសង្គម មជ្ឈមណ្ឌលព្យាបាលរោគចិត្ត និងមជ្ឈមណ្ឌលកុមារកំព្រាជាដើម។
សូមរំលឹកថា កាលពីខែតុលា ឆ្នាំ២០១៦ អាមេរិក ក៏ធ្លាប់បានបញ្ជូននាវាចម្បាំង២គ្រឿង គឺនាវាមុជទឹក USS Frank Cable និងនាវាពិឃាតបំពាក់មីស៊ីល USS John S. McCain ចូលទៅដល់កំពង់ផែទឹកជ្រៅ Cam Ranh របស់វៀតណាម ដែលជាកំពង់ផែយុទ្ធសាស្ត្រដ៏សំខាន់ផងដែរ។
ភាពល្អូកល្អឺននេះ កើតមានឡើងដោយឈរលើផលប្រយោជន៍រួមគ្នារវាងអាមេរិក និងវៀតណាម។ ក្រៅពីផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច កត្តាដ៏ចម្បងបំផុត ដែលនាំឲ្យប្រទេសទាំងពីររឹតចំណងទាក់ទងជាមួយគ្នា គឺផលប្រយោជន៍ផ្នែកយុទ្ធសាស្ត្រ។ អាមេរិក និងវៀតណាមមានគូប្រជែងរួមមួយ គឺចិន។ អាមេរិកកំពុងស្វះស្វែងរកចងសម្ព័ន្ធមិត្ត ក្នុងតំបន់អាស៊ី ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន។ វៀតណាម គឺជាឱកាសល្អមួយ សម្រាប់អាមេរិក ពីព្រោះវៀតណាម គឺជាសត្រូវរបស់ចិន។ វៀតណាម ក៏ត្រូវការអាមេរិក ដើម្បីជួយទប់ទល់នឹងចិនដែរ។
នៅពេលនេះ អាមេរិក និងវៀតណាមកំពុងតែចរចាលើកិច្ចសហប្រតិបត្តិការលើវិស័យនុយក្លេអ៊ែរ ស៊ីវិល។ កាលពីពេលកន្លងទៅ នៅក្នុងអំឡុងកិច្ចប្រជុំអាស៊ាន នៅវៀតណាម លោកស្រីគ្លីនតុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបង្ហាញជំហរស្របនឹងវៀតណាម ក្នុងជម្លោះដណ្តើមប្រជុំកោះរវាងវៀតណាម និងចិន។ វាចម្បាំងរបស់អាមេរិកបានទៅចត នៅក្នុងតំបន់ប្រជុំកោះ Paracel ដែលជាតំបន់ប្រទាញប្រទង់រវាងចិន និងវៀតណាម។ ក្នុងពេលចូលចតនោះ មន្ត្រីយោធាវៀតណាមថែមទាំងបានធ្វើដំណើរទៅធ្វើទស្សនកិច្ចលើ នាវាចម្បាំងរបស់អាមេរិកទៀតផង។ ទាំងនេះ គឺជាសញ្ញាមួយថ្មីទៀត បង្ហាញពីការគាំទ្ររបស់អាមេរិកចំពោះវៀតណាម ក្នុងជម្លោះព្រំដែនជាមួយចិន។
កាយវិការទាំងនេះ គេចមិនផុតពីការតាមដានមើលពីសំណាក់រដ្ឋាភិបាលចិននោះទេ។ យោងតាមបណ្តាញសារព័ត៌មានចិន រដ្ឋាភិបាលចិនមានការខឹងសម្បាយ៉ាងខ្លាំងចំពោះវត្តមាននាវាចម្បាំង អាមេរិក ក្នុងសមុទ្រចិនប៉ែកខាងត្បូងនេះ ព្រោះវាជាតំបន់ដែលចិនចាត់ទុកថាស្ថិតក្រោមអធិបតេយ្យរបស់ ខ្លួន ៕
ប្រភព៖ DNT
The post អតីតគូសត្រូវ វៀតណាម និងសហរដ្ឋអាមេរិក សុខចិត្តចាប់ដៃគ្នាដើម្បីទប់ទល់នឹងមហាយក្សចិន appeared first on Khmer Readers.