ភ្នំពេញៈ របាយការណ៍ស្តីពី «បញ្ហាប្រឈមនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឆ្នាំ២០១៧» ដែលចេញផ្សាយកាលពីព្រឹកមិញនេះ បង្ហាញថា សារព័ត៌មាន Fresh News ដែលគាំទ្រដោយរដ្ឋាភិបាល ជាសារព័ត៌មានមួយដែលត្រូវបានស្គាល់ថា មានភាពលម្អៀងជាខ្លាំង និងមាននិន្នាការទៅខាងរដ្ឋាភិបាលជាងសារព័ត៌មានដទៃទៀត បើប្រៀបធៀបនឹងស្ថាប័នសារព័ត៌មានផ្សេងទៀតទាំងវិទ្យុ ទូរទស្សន៍ និង សារព័ត៌មានអនឡាញ ។
យោងតាមការដាក់ចំណាត់ថ្នាក់ ដោយការស្រាវជ្រាវ របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានដាក់ពិន្ទុ ១ ចំពោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបំផុត និង ពិន្ទុ ៥ ចំពោះប្រព័ន្ធផ្សព្វផ្សាយដែលមានភាពលំអៀង។
ទាក់ទងនឹងការចេញរបាយការណ៍នេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលបានចូលរួមផ្សព្វផ្សាយកាលពីព្រឹកមិញនេះដែរ អះអាងថា លោកមិនបានដឹងពីរបៀបនៃការស្រាវជ្រាវ និងការស្ទង់មតិយ៉ាងណានោះទេ ប៉ុន្តែលោកថា [របាយការណ៍នេះ] វាប្រសើរជាងមិនធ្វើអ្វីសោះ។ លោកថ្លែងថា «ការបណ្តុះបណ្តាលជំនាញសារព័ត៌មានពិតជាមានច្រើន ប៉ុន្តែអ្នកដែលយកវិជ្ជាជីវៈទាំងនេះមកប្រើ នៅមានកម្រិតនៅឡើយ»។
គួរបញ្ជាក់ថា CCIM បានស្ទង់មតិតលើអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាចំនួន ៧៥ នាក់ ចាប់តាំងពីចុងឆ្នាំ ២០១៧ មក។
របាយការណ៍នេះដែរ ក៏បានបង្ហាញថា ៨៣ ភាគរយនៃអ្នកឆ្លើយ យល់ថា សេរីភាពសារព័ត៌មាន បានធ្លាក់ចុះ ដោយយោងទៅលើឆ្នាំ ២០១៧ នេះ ស្ថានីយ៍វិទ្យុ និងកាសែតឯករាជ្យមួយចំនួន ត្រូវបង្ខំឲ្យឈប់ផ្សាយ និងបិទទ្វារ ខណៈការគំរាមកំហែង នៅតែបន្តកើតមាន ៕
ប្រភព៖ ភ្នំពេញប៉ុស្ដិ៍
The post សារព័ត៌មាន Fresh News ត្រូវឋិតក្នុងចំណាត់ថ្នាក់ ជាសារព័ត៌មានលំអៀងបំផុត ក្នុងឆ្នាំ២០១៧ appeared first on Khmer Readers.