ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែថា នឹងមិនចុះបញ្ជីចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅក្រសួងមហាផ្ទៃនោះទេ ព្រោះចលនានេះខុសច្បាប់។
ចលនានេះ ត្រូវបានប្រកាសចេញជារូបរាង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ក្រុមសមាជិកសភារបស់អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនៅក្រៅប្រទេសដឹកនាំដោយលោក សម រង្ស៊ី បានបង្កើតចលនាសង្គ្រោះជាតិ ហើយលោក សម រង្ស៊ី ខ្លួនឯងអះអាងថា ដើម្បីបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រស់ឡើងវិញ ។ ចលនានេះ ជាការចលនាតស៊ូផ្នែកនយោបាយមួយនៅក្រៅប្រទេសដែលអាចឲ្យ អ្នកផ្សេងចូលរួមបានគ្រប់គ្នា ។
សម្តេច ស ខេង បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ថា “ឥឡូវបង្កើតចលនាស្អីទៀត យើងឃើញហើយអត់មានចុះបញ្ជីនៅក្រសួងមហាផ្ទៃទេ បើចុះបញ្ជីក៏យើងមិនឲ្យចុះដែរ ព្រោះវាអត់គោរពច្បាប់ អត់ត្រឹមត្រូវតាមច្បាប់”។
សម្តេចថា ដូច្នេះនៅតាមមូលដ្ឋានប្រសិនបើមានករណីចលនានេះឡើង អាជ្ញាធរមានសមត្ថកិច្ចត្រូវចុះស្រាវជ្រាវ និងចាត់វិធានការទៅ។ សម្តេចថា នេះមិនមែនទៅបិទសិទ្ធិសេរីភាពអ្នកណាទេ ព្រោះប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែការបង្កើតចលនានេះឡើងសម្រាប់ធ្វើឲ្យបំផ្លាញសង្គមទៅវិញទេ៕
The post ចលនាសង្គ្រោះជាតិ(CNRM) ចង់ចុះបញ្ជីរស្របច្បាប់ នៅក្រសួងមហាផ្ទៃ របស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែ… appeared first on Khmer Readers.